Wednesday, April 24, 2024
Homeព័ត៌មានជាតិមិនបានរៀបការធំដូចឱក សុគន្ធកញ្ញា គូស្នេហ៍អ្នកក្រថា ឱ្យតែបានសែន

មិនបានរៀបការធំដូចឱក សុគន្ធកញ្ញា គូស្នេហ៍អ្នកក្រថា ឱ្យតែបានសែន

ខេត្តបាត់ដំបង ៖ គូស្នេហ៍វ័យក្មេងមួយគូបានដឹកដៃគ្នាក្រាបសំពះផ្ទឹមក្រោមស្នាមញញឹមរបស់មេបាចាស់ទុំទាំងសងខាង ដោយពួកគេយល់ថា ទោះបីជាមិនបានរៀបការធំដូចឱក សុគន្ធកញ្ញា ក៏អ្នកក្រដូចពួកគេមិនតូចចិត្តអ្វីទេឱ្យតែបានសែនព្រេន មានខាន់ស្លាត្រឹត្រូវទៅតាមប្រពៃណី ដោយមានចាស់ទុំទាំងសងខាងងឮ គឺចាត់ទុកថាប្រពៃណាស់ហើយ។

គូស្នេហ៍វ័យក្មេងខាងលើភាគីប្រុសឈ្មោះភួង អាយុ១៧ឆ្នាំ និងភាគីស្រីឈ្មោះសិលា អាយុ១៨ឆ្នាំ ពួកគេទាំងពីរនាក់មានមុខរបរជាពលករនៅប្រទេសថៃ ដែលបានមកស្រុកកំណើត ធ្វើពិធីសែនព្រេនយកគ្នាជាប្តីប្រពន្ធពេញមុខ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ភាគីស្រីឈ្មោះសិលា បានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួននូវរូបភាពនៃពិធីសែនព្រេនរបស់ពួកគេនៅក្នុងខ្ទមស្នេហ៍នាស្រុកស្រែ ដែលមានជញ្ជាំងបាំងស័ង្កសី ប្រក់ស្លឹក អមដោយវាលស្រែដែលមានដីប្រេះក្រហែងនៅសល់តែគល់ជញ្ជ្រាំង ដោយមានតែក្បាលជ្រូកមួយ មាន់ស្ងោរមួយ ភេសជ្ជៈប៉ុន្មានកំប៉ុង និងដប និងមានមេបាចាស់ទុំញាតិមិត្តបួនដប់នាក់ចូលរួម។

ប៉ុន្តែទោះជាគ្រាន់តែជាពិធីសែនព្រេនតូចតាច តែទាំកូនកំលោះក្រមុំ រួមទាំងចាស់ទុំញាតិមិត្តទាំងសងខាងបានបង្ហាញនូវស្នាមញញឹមពេញចិត្តគ្រប់គ្នា។

នារីជាកូនក្រមុំ ឈ្មោះសិលា បានសរសេរខ្លី ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “មិនងាយទេ ដើរមកដល់ពេលនេះ មានទាំងទុក្ខ មានទាំងសប្បាយ”។

ដោយឡែក តាមប្រភពមិត្តភក្តិរបស់គូស្នេហ៍ខាងលើ បានបង្ហើបឱ្យដឹងថា មុនពេលឈានដល់ដឹកដៃគ្នាសំពះផ្ទឹមនេះ គូស្នេហ៍វ័យក្មេងខាងលើបានទាក់ទងស្រឡាញ់គ្នាបានប្រហែលកន្លះឆ្នាំ ក្នុងពេលដែលពួកគេទៅធ្វើជាពលករនៅប្រទេសថៃ តែយ៉ាងណាពួកគេ មិនបានរំលងប្រពៃណីខ្មែរទេ ដោយបានដឹកដៃគ្នាមកស្រុកកំណើតរៀបចំពិធីសែនព្រេន ដើម្បីកុំឱ្យខ្មោចដូនតាជួរជំបួរប្រកាន់។

បន្ទាប់ពីបានឃើញពិធីសេនព្រេនរបស់គូស្នេហ៍វ័យក្មេងខាងលើ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ជាពិសេសមិត្តភក្តិពួកគេបានចូលមកបញ្ចេញយោបល់អបអរសាទរ ក្នុងនោះមានអ្នកខ្លះលើកឡើងថា មិនបាច់មានពិធីរៀបការអីធំដុំដូចគេអ្នកមាន ឬដូចតារាល្បីឱក សុគន្ធកញ្ញា ដែលមានដល់ទៅនាយករដ្ឋមន្ត្រីចូលរួមយ៉ាងអធិកអធមផ្អើលមួយប្រទេសអីនោះទេ សុំត្រឹមតែបានសែនព្រេនចាស់ទុំដឹងឮសងខាងទៅ ក៏បានដែរព្រោះសុភមង្គលគ្រួសារប្តីប្រពន្ធ មិនមែនស្ថិតនៅលើពិធីមង្គលការធំនោះទេ សំខាន់ប្តីប្រពន្ធចេះយល់ចិត្តគ្នាចេះអត់ឱនអធ្យាស្រ័យឱ្យគ្នា និងចេះគោរពស្មោះត្រង់នឹងគ្នា និងរួមរស់ជាមួយគ្នាមានសេចក្តីសុខហើយ។

ដោយឡែក មានគណនីហ្វេសប៊ុកមួយបានចូលមកបញ្ចោញយោបល់ថា “មើលទៅដូចរាងកម្សត់ណាស់តែគិតឱ្យដល់ វាហាក់ដូចជាការលេងសើចនឹងជីវិតមួយពេល បើប្អូនគិតឱ្យដល់ជីវិតរៀបការ វាមិនស្រួលទេ នៅខ្លួនមួយធ្វើការរកលុយ មិនចង់រស់ផង ចុះទម្រាំតែមានប្រពន្ធកូនទៀត? រៀបការ វាមិនចាំបាច់ធំអីទេ តែជីវិតជាប្តីប្រពន្ធទើបវាធំ មិនមែនគ្រាន់តែចំណង់ផ្លូវភេទមួយពេលក៏សម្រេចចិត្តការភ្លាមៗ ហើយលើកយកពាក្យថាស្រលាញ់មកនិយាយទេ។

ខ្ញុំអាយុច្រើនដែរហើយអ្វីដែលវ័យប៉ុនប្អូនបានធ្វើ វាក៏ជាអារម្មណ៍ដែលខ្ញុំធ្លាប់មានដូចគ្នា បើសិនជាប្អូនមានអ្នកឱ្យយោបល់ប្អូននឹងថយមួយជំហាននៃជីវិតរៀបការ រួចប្អូននឹងខំឱ្យដល់គោលដៅទោះ មិនបាន១០០% ក៏៤០%ដែរ។ ប្អូននៅក្មេង នៅសប្បាយ មិនទាន់ដឹងថាជីវិតរៀបការវាពិបាកទេ ណាស់ហើយជូនពរស្រលាញ់គ្នារកស៊ីមានបាន”៕

ខៀវទុំ

RELATED ARTICLES