Wednesday, April 24, 2024
Homeព័ត៌មានជាតិលួចឡានស្រីស្អាតទៅប្តូរពណ៌ សមត្ថកិច្ចចាំវាយខ្នោះ នៅយានដ្ឋាន

លួចឡានស្រីស្អាតទៅប្តូរពណ៌ សមត្ថកិច្ចចាំវាយខ្នោះ នៅយានដ្ឋាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលបានបន្លំខ្លួនធ្វើជាជាងតប្រព័ន្ធជីភីអេស (GPS) រួចឆ្លៀតដែលស្រីស្អាតជាម្ចាស់រថយន្តភ្លេចខ្លួន បែរជាលួចបើករថយន្តរត់គេចបាត់នោះ ត្រូវបានកម្លាំងនៃអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានហើយ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ហើយជនរងគ្រោះបានទៅដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍។

ប្រភពដដែលបន្តថា រហូតដល់វេលាម៉ោង១រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ រថយន្តខាងលើត្រូវនគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រទះឃើញនៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទើបឈានដល់ការដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន។

បន្ទាប់មកលោកហ៊ួ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានដាក់កម្លាំងឃ្លាំមើលរហូតដល់វេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ក៏លេចមុខជនសង្ស័យមកមើលរថយន្ត ទើបកម្លាំងនគរបាលចាប់ខ្លួនបានតែម្តង។

រថយន្តដែលត្រូវជនសង្ស័យលួច ម៉ាក Lexus NX-200T ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-6695 មានម្ចាស់ឈ្មោះសាញ់ ចិន្តា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកកូនស្រីជាអ្នកបើប្រាស់រថយន្តខាងលើ មានឈ្មោះសន ស៊ីវហុង អាយុ២៥ឆ្នាំ មុខរបរលក់ដូរ។

ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខន ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចាស់ ហើយកាលពីបម្រើការងារជាជាងត GPS នៅក្រុមហ៊ុនខេជី ជនខាងលើបានលួចរថយន្ត Lexus RX-300 របស់អតិថិជនម្តងហើយ តែម្ចាស់រកឃើញវិញ ជនសង្ស័យរត់គេចខ្លួនបាត់ម្តងហើយ កាលពីអំឡុងឆ្នាំ២០១៩ ចំណែកខាងក្រុមហ៊ុនក៏ប្រកាសលែងទទួលស្គាល់បុគ្គលិករូបនេះដែរ ចំណែកសមត្ថកិច្ចក៏តាមស្វែងរកចាប់ខ្លួនទៀត ស្រាប់តែជនសង្ស័យមកបន្លំខ្លួនចូលធ្វើការងារនៅក្រុមហ៊ុនថ្មី រួចក៏ធ្វើសកម្មភាពលួចរថយន្ត Lexus NX-200T មួយគ្រឿងខាងលើតែម្តង។

ប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីលួចរថយន្តខាងលើបាន ជនសង្ស័យក៏បានបើកគេចយកទៅលាក់ទុកនៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែងខាងលើ ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្នុងបំណងបាញ់ប្តូរពណ៌ពីសទៅខ្មៅ។

លោកហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ក្រោយពីប្រទះឃើញរថយន្តខាងលើហើយ លោកបានដាក់កម្លាំងឃ្លាំចាំមើលមើលទីតាំងយានដ្ឋានរហូតដល់វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ក៏លេចមុខជនសង្ស័យឈ្មោះពន្លក មកដល់ ទើបសមត្ថកិច្ចបានចាប់ឃាត់ខ្លួនប្រគល់ជូនលោកមន វុធី អធិការខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណីចោរលួចរថយន្ត ដើម្បីយកជនសង្ស័យទៅបន្តនីតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពេលលួចរថយន្តបានហើយខ្លួនបានបើកចេញតាមរង្វង់មូលចោមចៅ យករថយន្តទៅលាក់ទុកនៅផ្ទះរបស់ប្រពន្ធនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចបានដោះស្លាកលេខចេញលាក់ទុកក្រោមកៅអី។

បន្ទាប់មក នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ខ្លួនបានបើករថយន្តទៅឱ្យជាងប្តូរពណ៌ពីសទៅខ្មៅនៅយានដ្ឋានខាងលើ លុះដល់យប់ថ្ងៃដដែលខ្លួនបានទៅមើលរថយន្ត ហើយត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ចជំនាញ បញ្ជូនទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES