Saturday, April 20, 2024
Homeនយោបាយលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បំភ្លឺពីបញ្ហាប្រឡងសិស្សចៅក្រម

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បំភ្លឺពីបញ្ហាប្រឡងសិស្សចៅក្រម

ភ្នំពេញ ៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី និងជាប្រធានគណបក្សខ្មែរក្រោក លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង បានស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បំភ្លឺពីបញ្ហាប្រឡងសិស្សចៅក្រមកាលពីចុងឆ្នាំ២០១៩កន្លងទៅនេះ ដែលថាមានភាពមិនប្រក្រតី។

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងជាប្រធានគណបក្សខ្មែរក្រោក

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ថា “ក្រោយទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីលើនីតិវិធីរៀបចំការប្រឡងប្រជែងសិស្សចៅក្រមដែលត្រូវបានបេក្ខជនប្តឹងថា ជាការប្រឡងដោយខ្វះតម្លាភាពនោះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ពីគណបក្សខ្មែរក្រោក បានបើកការស្រាវជ្រាវ និងរកឃើញភាពមិនប្រក្រតីផ្ទួនៗមួយចំនួនថែមទៀតលើនីតិវិធីប្រឡងផ្ទៃក្នុងជ្រើសរើសចៅក្រមនិងព្រះរាជអាជ្ញា។

ពាក់ព័ន្ធនឹងករណីនេះ យើងខ្ញុំបានរៀបចំរបាយការណ៍ដោយភ្ជាប់ជាមួយភស្តុតាងនានា ដាក់ជូនសម្តេចតេជោ ហើយកាលពីថ្ងៃមិញ។

ដោយឡែក យើងខ្ញុំក៏បានដាក់លិខិតសុំការអនុញ្ញាតពីសម្តេចតេជោ ដើម្បីអញ្ជើញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកបំភ្លឺបញ្ហានេះ រួមទាំងបញ្ហាផ្សេងៗក្រោមសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ផងដែរ។

ជំហររបស់យើងខ្ញុំ ៖ មិនថារឿងនេះធ្វើទៅប៉ះអ្វីក៏ដាច់ខាតត្រូវតែធ្វើ ដើម្បីជំរុញការកំណែទំរង់លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

ពលរដ្ឋជឿជាក់លើច្បាប់ម្តេចនឹងបាន បើអ្នកកាន់ច្បាប់ អ្នកចោទអ្នកកាត់ក្តី កើតចេញពីការប្រឡងមិនតម្លាភាព មិនសុច្ចរិតភាពផងនោះ”។

ទោះយ៉ាងណា ជាការឆ្លើយតប លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ថិធម៌ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ថា ក្រសួងយុត្តិធម៌ នឹងមិនធ្វើការបំភ្លឺទៅសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់គណបក្សខ្មែរក្រោកទេ ព្រោះក្រសួងបានបំភ្លឺរួចហើយ។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌

លោកជិន ម៉ាលីន បានមានប្រសាសន៍ថា “បាទ! មែនទែនទៅ ក្រសួងធ្លាប់បំភ្លឺជូនគាត់តាំងពីដើមមកហើយ អ្វីដែលគាត់លើកឡើងដោយគ្មានមូលដ្ឋាន ហើយដោយការភ័ន្តច្រឡំហ្នឹង អ៊ីចឹងក្រសួងបានពន្យល់ពីនីតិវិធី តាំងពីចាប់ផ្តើមរហូតដល់ប្រកាសលទ្ធផលទាំងវិញ្ញាសារដទៃ ក៏ដូចផ្ទាល់មាត់ ហើយព្រមទាំងមានការបំភ្លឺបន្ថែមពីខាង ACU (អង្គភាពប្រឆាំងអំពើពុករលួយ) ទៀត  ដែលបញ្ជាក់ ថា ការប្រលងហ្នឹងមានភាពត្រឹមត្រូវ ហើយមានតម្លាភាពមួយរយភាគ ពីព្រោះគ្រប់ដំណើរការនីតិវិធីទាំងអស់មានការចូលរួមពី ACU ហើយ ទាំងពេលប្រលង។

អ៊ីចឹងទេការគាត់រាយការណ៍ ទៅនាយករដ្ឋមន្ត្រីយ៉ាងម៉េចជាសិទ្ធិរបស់គាត់ទេ ក៏ប៉ុន្តែគ្រាន់ថា ក្រសួងបានធ្វើអ្វីដែលត្រូវធ្វើរួចអស់ហើយ គឺធ្វើការបំភ្លឺគ្រប់ទិដ្ឋភាពទាំងអស់។ បានន័យថា មើលទៅដូចជាមិនមានអីត្រូវបំភ្លឺបន្ថែមទៀតទេ ពីព្រោះអ្វីដែលជាការលើកឡើងរបស់គាត់នេះ យើងបានឆ្លើយតបបញ្ជាក់គ្រប់គ្រាន់ហើយៗខាង ACU ក៏គេបានបំភ្លឺពន្យល់ពីនីតិវិធីក្បោះក្បាយអស់ហើយដែរ”។

លោកជិន ម៉ាលីន បន្តថា “ដូចការបំភ្លឺអ៊ីចឹង នីតិវីធីហ្នឹងគឺមានតម្លាភាព ហើយមានការចូលរួមពីខាង ACU គ្រប់ដំណាក់កាលទាំងអស់ រួមទាំងការកែវិញ្ញាសាសរសេរ ក៏ដូចជាការប្រលងផ្ទាល់មាត់ គឺមាន ACU នៅចាំត្រួតពិនិត្យគ្រប់ពេលវេលាដំណាក់កាលទាំងអស់។ អ៊ីចឹងដូចជាមិនមានកន្លែងណាបញ្ជាក់ថា ភាពមិនប្រក្រតីនោះទេ។

ដូច្នេះខ្ញុំមិនមាន អ្វីបញ្ជាក់ទៅគាត់អាហ្នឹងជាការតវ៉ារបស់គាត់ ការលើកឡើងរបស់គាត់ជាសិទ្ធិសេរីភាពនិងការយល់ឃើញរបស់គាត់ ក៏ប៉ុន្តែអ្វីដែលក្រសួងបានធ្វើនាពេលកន្លងមកនេះ គឺមានតម្លាភាពមានការចូលរួមពីខាង ACU នៅគ្រប់ដំណាក់កាល ហើយក្រសួងស្វាគមន៍ បើសិនរកឃើញថា មានភាពមិនប្រក្រតីកន្លែងណាមួយ ហើយដោយមានបញ្ជាក់ពីមូលដ្ឋានឱ្យបានច្បាស់លាស់មក ក្រសួងនឹងធ្វើការដោះស្រាយជូន”៕

កុលបុត្រ

RELATED ARTICLES