Tuesday, April 23, 2024
Homeព័ត៌មានជាតិស្រីស្រស់ជិតចូលរោងការ ប្រឹងធ្វើការយកលុយ ជួបរឿងទាំងយប់

ស្រីស្រស់ជិតចូលរោងការ ប្រឹងធ្វើការយកលុយ ជួបរឿងទាំងយប់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ទើបនឹងភ្ជាប់ពាក្យរួច ជិតដល់ថ្ងៃចូលរោងការទៅហើយ ស្រាប់តែជិះម៉ូតូចេញពីធ្វើការនៅពេលយប់ ក៏ត្រូវជនសង្ស័យធ្វើសកម្មភាពធាក់ផ្តួលម៉ូតូប្លន់បានសម្រេច បណ្តាលឱ្យនារីរងគ្រោះជាម្ចាស់ម៉ូតូដួលរងរបួសខ្ទេចមុខនិងរបួសសុសខ្លួន។

ករណីចោរធាក់ប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះសីហនុ ចម្ងាយពីវិមានឯករាជ្យប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

នារីរងគ្រោះដែលត្រូវចោរធាក់ប្លន់ម៉ូតូ មានអាយុ២២ឆ្នាំ មុខរបរធ្វើការនៅ KTV។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅ ម៉ាកហុងដាស្កុបពី ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HS-0376។

តាមប្រភពពីសាច់ញាតិនារីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នារីរងគ្រោះទើបនឹងចេញពីធ្វើការជិះម៉ូតូបំណងត្រឡប់មកផ្ទះវិញ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យ១ក្រុម បើកម៉ូតូមកធាក់ផ្តួលម៉ូតូរបស់នារីរងគ្រោះបណ្តាលឱ្យរងរបួសខ្ទេចមុខ រលាត់ដៃជើងរងរបួសយ៉ាងធ្ងន់ បន្ទាប់មកក្រុមជនសង្ស័យក៏នាំគ្នាលើកយកម៉ូតូនារីរងគ្រោះជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ប្រភពដដែលបន្តថា នៅក្នុងករណីប្លន់នេះបានបណ្តាលឱ្យបាត់បង់សម្ភាររបស់នារីរងគ្រោះ រួមមានលុយ៧០០ដុល្លារ និងលុយរៀលមួយចំនួនទៀត សរុបទាំងអស់ជាង១ពាន់ដុល្លារ និងម៉ូតូ១គ្រឿង ដោយក្នុងនោះនារីរងគ្រោះទើបតែភ្ជាប់ពាក្យរួច និងជិតដល់ពេលចូលរោងការទៅហើយ ទើបខំសន្សំលុយនិងចងការគេផង ដើម្បីយកទៅទិញម៉ូតូខាងលើគ្រាន់ជិះទៅធ្វើការ ស្រាប់តែត្រូវជនសង្ស័យធាក់ផ្តួលប្លន់ម៉ូតូបាត់ និងបណ្តាលឱ្យនារីរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរទៀតផង។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ទន្លេបាសាក់ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES