Thursday, April 18, 2024
Homeព័ត៌មានជាតិ១គូទៀតហើយ នៅខេត្តតាកែវម្តង!!! ប្រុសស្រឡាញ់ប្រុស ថតរូបត្រៀមរៀបការផ្អើលក្រមុំមេម៉ាយ

១គូទៀតហើយ នៅខេត្តតាកែវម្តង!!! ប្រុសស្រឡាញ់ប្រុស ថតរូបត្រៀមរៀបការផ្អើលក្រមុំមេម៉ាយ

ខេត្តតាកែវ ៖ ថ្មីៗនេះ “នគរធំ” ទើបតែចុះផ្សាយពីគូស្នេហ៍ប្រុសដូចគ្នាមួយគូនៅខេត្តកំពង់ចាម បានដឹកដៃគ្នាសំពះផ្ទឹមរៀបការ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ពិសេសក្រមុំមេម៉ាយ នាំគ្នាខ្សឹបខ្សៀវថា បើតែយ៉ាងនេះក្រមុំមេម៉ាយ អេអស់ហើយរកប្តីឯណាបាន បើប្រុសៗគេរៀបការតែជាមួយប្រុសដូចគ្នាបែបនេះ។

ប៉ុន្តែករណីប្រុសរៀបការជាមួយប្រុសនៅខេត្តកំពង់ចាមនោះ មិនទាន់ទាំងបាត់ចំហាយផង ស្រាប់តែគូស្នេហ៍ប្រុសដូចគ្នាមួយគូទៀតនៅស្រុកសំរោង ខេត្តតាកែវ បានដឹកដៃគ្នាថតរូបត្រៀមរៀបការ (Pre-Wedding) ធ្វើឱ្យអ្នកស្រុក ពិសេសក្រមុំមេម៉ាយកាន់តែភ្ញាក់ផ្អើលនិងភ័យបារម្ភខ្លាចនៅព្រៅ ឬរកប្តីលែងបាន ព្រោះគ្រាន់តែឈានចូលទសវត្សថ្មី និងឆ្នាំថ្មី២០២០ មានប្រុសស្រឡាញ់ប្រុស ប៉ុន្មានគូមកហើយដែលដឹកដៃគ្នាសែនព្រេននិងរៀបការ ឬត្រៀមរៀបការ ដោយមិនអាសូរដល់ឱរ៉ាក្រមុំមេម៉ាយដែលកំពុងតែរងារកអីឱបមិនបាន…។

តាមប្រភពពីមិត្តភក្តិរបស់គូស្នេហ៍ប្រុសដូចគ្នាខាងលើ បានឱ្យដឹងថា អ្នកទាំងពីរមានលំនៅក្នុងភូមិស្តៅ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ពិតជាត្រៀមរៀបការនៅពេលដ៏ឆាប់ខាងមុខនេះ បន្ទាប់ពីពួកគេបានទាក់ទងស្រឡាញ់គ្នាយ៉ាងស្អិតល្មួតអស់ជាច្រើនខែមក។

ប្រភពដដែលបានបន្តថា គូស្នេហ៍ប្រុសដូចគ្នាខាងលើបានប្រាប់ថា ប្រហែលមកពីនិស្ស័យពួកគេត្រូវគ្នាបានជាធ្វើឱ្យពួកគេជាប្រុស មិនមានចិត្តស្រឡាញ់មនុស្សស្រីណាសោះ បែរជាមកស្រឡាញ់ជាប់ចិត្តតែលើប្រុសដូចគ្នាទៅវិញ រហូតសម្រេចរៀបការនៅពេលដ៏ឆាប់ខាងមុខនេះ ហើយទោះបីជាអ្នកណារិះគន់ពេបជ្រាយយ៉ាងណា ក៏ពួកគេមិនខ្វល់ឡើយ សំខាន់គឺពួកគេស្រឡាញ់គ្នាចង់រួមរស់ជាមួយគ្នាជាគូអនាគតយ៉ាងពិតប្រាកដ។

ប្រភពដដែលបានឱ្យដឹងបន្តទៀតថា ពិធីមង្គលការរបស់គូស្នេហ៍ភេទដូចគ្នាខាងលើនេះគ្រោងធ្វើនៅខែក្រោយនេះ ដោយពួកគេបានកក់សម្អាងការ ចុងភៅ ភ្លេងភ្លាត់ ដើម្បីធ្វើពិធីតាមប្រពៃណីខ្មែរ ដូចមង្គលការក្រមុំកំលោះដែរ។ ក្នុងនោះពួកគេបានជ្រើសយកសម្អាងការលក្ខិណា សម្រាប់ពិធីរៀបការខាងមុខនេះ។

ដោយឡែក កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ សម្អាងការលក្ខិណា ក៏បានបង្ហោះរូបថតត្រៀមរៀបការរបស់គូស្នេហ៍ប្រុសដូចគ្នាខាងលើជាច្រើនសន្លឹកដែលបានថតនៅប្រាសាទភ្នំជីសូរ ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ កាលពីពេលថ្មីៗនេះ ក្នុងគណនីហ្វេសប៊ុករបស់ខ្លួនផងដែរ ព្រមទាំងបានបញ្ជាក់ថាពិតជាគូស្នេហ៍ប្រុសស្រឡាញ់ប្រុសដែលបានជួលសម្អាងការនេះ ដើម្បីរៀបចំពិធីមង្គលការនៅពេលខាងមុខនេះប្រាកដមែន។

ជាការកត់សម្គាល់ បន្ទាប់ពីបានឃើញរូបថតត្រៀមរៀបការរបស់គូស្នេហ៍ប្រុសដូចគ្នាខាងលើ ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាពិសេសមិត្តភក្តិរបស់បុរសទាំងពីរមានការភ្ញាក់ផ្អើលគ្រប់គ្នា និងមានការបញ្ចេញយោបល់ផ្សេងៗគ្នាផងដែរ។

ក្នុងនោះមួយចំនួនលើកឡើងថា សម័យអីឡូវអ្វីៗក៏ប្រែប្រួលអស់ សូម្បីគូស្នេហាក៏ប្រែប្រួល ធ្លាប់តែប្រុសគូនិងស្រី ស្រីគូនិងប្រុស តែឥឡូវស្រីយកស្រី ប្រុសយកប្រុស បន្តិចទៀតដាច់ពូជអស់ហើយ។

ចំណែកក្រមុំមេម៉ាយក៏លើកឡើងថា បើតែយ៉ាងនេះ ពួកនាងអេអស់ហើយ រកប្តីឯណាបាន បើប្រុសៗគេរៀបការតែជាមួយប្រុសដូចគ្នាបែបនេះ។

គួររំលឹកដែរ ករណីគូស្នេហ៍ប្រុសដូចគ្នាដឹកដៃគ្នារៀបការនេះបានកើតមានឡើងជាច្រើនគូមកហើយ នៅស្ទើរគ្រប់រាជធានី-ខេត្តក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងថ្មីៗនេះនៅខេត្តកំពង់ចាម មានគូស្នេហ៍ប្រុសដូចគ្នាមួយគូបានដឹកដៃគ្នាសំពះផ្ទឹមរៀបការ ធ្វើឱ្យមានការភ្ញាក់ផ្អើលអស់អ្នកភូមិស្រុក។

គូស្នេហ៍ភេទដូចគ្នា (ប្រុស និងប្រុស) ដែលរៀបការជាមួយគ្នាផ្អើលខេត្តកំពង់ចាមនោះ សាមីខ្លួនដែលដើរតួជាកូនក្រមុំឈ្មោះ .ម អាយុជាង២០ឆ្នាំ។ ចំណែកសាមីខ្លួនប្រុសដែលដើរតួជាកូនកំលោះ មានឈ្មោះស.ស អាយុជាង២០ឆ្នាំដូចគ្នា។

គូស្នេហ៍ភេទដូចគ្នានេះបានរៀបការតាមប្រពៃណីខ្មែរ ដូចគូស្នេហ៍ភេទផ្ទុយគ្នាទូទៅដែរ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០៕

RELATED ARTICLES