Wednesday, April 17, 2024
Homeព័ត៌មានជាតិ២នាក់បងប្អូនប៉ូលិស កាងម្តាយធ្វើខុស លោកស្នងការថា "ទុកឱ្យច្បាប់ជាអ្នកចាត់ការចុះ"

២នាក់បងប្អូនប៉ូលិស កាងម្តាយធ្វើខុស លោកស្នងការថា “ទុកឱ្យច្បាប់ជាអ្នកចាត់ការចុះ”

ខេត្តកំពង់ធំ ៖ មន្ត្រីនគរបាលខេត្តកំពង់ធំចំនួន២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នាដែលបានប្រើសិទ្ធិអំណាចឯកសណ្ឋានជាប៉ូលិស ទៅគំរាមប្រជាពលរដ្ឋនិងមេភូមិ ដែលជាសាក្សីក្នុងសំណុំរឿងម្តាយរបស់ខ្លួន ឈ្មោះស៊ីម ម៉ាលី ដែលបានក្លែងឯកសាររំលោភយកដីរដ្ឋ៤៥០ហិកតារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ។

មន្ត្រីនគរបាលទាំង២នាក់បងប្អូនដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានគេស្គាល់ឈ្មោះហេង សារុំ និងឈ្មោះហេង ស៊ីនី ត្រូវបានឃាត់ខ្លួនពីបទគំរាមសាក្សី ក្រោយពីបានមកបំភ្លឺនៅតុលាការខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្នុងសំណុំរឿងម្តាយឈ្មោះស៊ី ម៉ាលី បានក្លែងឯកសាររំលោភយកដីរដ្ឋ៤៥០ហិកតារ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ចេញមុខធ្វើសាក្សីជាដាច់ខាត ទើបធ្វើឱ្យមានការខ្លបខ្លាចអំណាចរបស់លោកប៉ូលិស២នាក់បងប្អូននេះ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍តាមទូរស័ព្ទថា ចំពោះប៉ូលិស២នាក់ដែលបានធ្វើខុស គឺមិនពាក់ព័ន្ឋនឹងអង្គភាពនោះទេ គឺទុកឱ្យច្បាប់ជាអ្នកចាត់ការចុះ។ លោកឧត្តមសេនីយ៍បានបញ្ជាក់ថា លោកមិនកាន់ជើងចំពោះបុគ្គលណាដែលប្រព្រឹត្តខុសនោះឡើយ គឺត្រូវអនុវត្តតាមច្បាប់។

សូមបញ្ជាក់ផងដែរថា ក្នុងករណីសំណុំរឿងលោកស្រី ស៊ីម ម៉ាលី ដែលបានយកដីរដ្ឋឈូសឆាយ ហើយជួលដី និងទឹកឱ្យប្រជាពលរដ្ឋក្នុងមួយហិកតារ ២០០ដុល្លារ និងបានព្រមព្រៀងគ្នាផ្តល់ទឹកឱ្យបានគ្រប់គ្រាន់ ខណៈពេលដែលប្រជាពលរដ្ឋបានជួលដីនឹងទឹក លោកស្រីស៊ីម ម៉ាលី បានបង្គាប់ឱ្យប្រជាពលរដ្ឋកូពីអត្តសញ្ញាណប័ណ្ណគូល័រមកឱ្យអ្នកស្រី។

ក្រោយមកក៏បែកធ្លាយរឿងអ្នកស្រីយកអត្តសញ្ញាណប័ណ្ណទាំងនោះមកក្លែងឯកសារ ដោយចោទថា ដីទាំង៤៥០ហិកតារ គឺបានទិញពីប្រជាពលរដ្ឋទៅវិញ មិនតែប៉ុណ្ណោះអ្នកស្រីក៏មិនបានផ្តល់ទឹកជូន ប្រជាពលរដ្ឋទាំង១៥គ្រួសារនោះឡើយ ថែមទាំងប្រមូលលុយថ្លៃជួលបាន៥០ភាគរយ ស្មើនឹង៥០០០០ដុល្លារ។

តំណាងប្រជាពលរដ្ឋ៤នាក់ ឱ្យប្រជាពលរដ្ឋ១៥គ្រួសារ បានកើតការក្តៅក្រហាយ កើតទុក្ខមិនសុខចិត្តមកដាក់ពាក្យបណ្តឹងមកតុលាការខេត្តកំពង់ធំ ដើម្បីទាមទារសំណង៤០ម៉ឺនដុល្លារ ពីអ្នកស្រីស៊ីម ម៉ាលី តែត្រូវបានគេចខ្លួនបាត់មិនចូលមកដោះស្រាយតាមនីតិវិធីច្បាប់ ដែលខណៈនេះសមត្ថកិច្ចកំពុងតែព្យាយាមទំនាក់ទំនងឱ្យអ្នកស្រីចូលមកបំភ្លឺនៅតុលាការ។

ដោយឡែក មន្ត្រីនគរបាល២នាក់បងប្អូនខាងលើដែលត្រូវជាកូនបង្កើតលោកស្រីស៊ីម ម៉ាលី ហេតុចង់ជួយបិទបាំងការពិតរបស់សំណុំរឿងរបស់ម្តាយ បានប្រើប្រាស់វិធានការគំរាមសាក្សី មិនឱ្យធ្វើសាក្សី តែច្បាប់គឺច្បាប់ ត្រូវបានអ្នកអនុវត្តច្បាប់ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំដំណើរដើមទងនិងចងក្រងតាមនីតិវិធី។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីអ្នកស្រីស៊ីម ម៉ាលី បាននៅឡើយទេ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES