Friday, April 26, 2024
Homeព័ត៌មានជាតិខាងស្រីស្រីថា "ស្នេហ៍ពិតអូនមិនគិតកម្ពស់" ខាងប្រុសតបថា "បងសន្យានឹងធ្វើឱ្យអូនមានស្នាមញញឹមគ្រប់ពេល"

ខាងស្រីស្រីថា “ស្នេហ៍ពិតអូនមិនគិតកម្ពស់” ខាងប្រុសតបថា “បងសន្យានឹងធ្វើឱ្យអូនមានស្នាមញញឹមគ្រប់ពេល”

ភ្នំពេញ ៖ គូស្នេហ៍មួយគូបានធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយសារតែពួកគេមានរូបរាងកម្ពស់កម្ពរមិនសូវសមគ្នា ដោយភាគីប្រុសមានរូបរាងទាបតឿ កម្ពស់ស្មើក្លៀកភាគីស្រី តែមានការអះអាងពីញាតិមិត្តថា នាងមានស្នេហ៍ពិតចំពោះភាគីប្រុស ទោះបីខុសគ្នារឿងកម្ពស់ ក៏មិនមែនជាឧបសគ្គសម្រាប់ស្នេហារបស់ពួកគេ នោះទេ។

គូស្នេហ៍ពិត មិនគិតកម្ពស់នេះ ភាគីប្រុសមានឈ្មោះទុំ រិទ្ធីបុត្រ ចំណែកភាគីស្រី មានឈ្មោះហេង ស្រីពេជ្រ បានរៀបការតាមប្រពៃណីខ្មែរយ៉ាងអធិកអធម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមញាតិមិត្តរបស់គូស្នេហ៍ខាងលើ បានអះអាងថា ទោះបីមើលទៅរូបរាងគូស្នេហ៍ខាងលើ ហាក់មិនសូវសមគ្នា ដោយសារតែមានភាពខុសគ្នាផ្នែកកម្ពស់ ដោយភាគីស្រីរាងខ្ពស់ស្រឡះ ឯភាគីប្រុសរាងទាបតឿបបន្តិចមែន តែពួកគេស្រឡាញ់គ្នាស្ម័គ្រស្មោះពិតឥតមានការបង្ខិតបង្ខំ ព្រមទាំងមានការគាំទ្រពីចាស់ទុំទាំងសងខាង ទើបឈានដល់ការរៀបការតាមប្រពៃណី កាលពីពេលថ្មីៗនេះ។

ប្រភពដដែលបានឱ្យដឹងបន្តថា ភាគីប្រុសជាប្តីបានអះអាងសន្យាចំពោះភាគីស្រីជាប្រពន្ធថា “ទោះបីបងមិនមែនជាបុរសដែលមានលុយច្រើន ហើយរូបរាងក៏មិនសង្ហា តែបងមានភាពស្មោះត្រង់ ស្រឡាញ់អូនពិតប្រាកដ បងសន្យានឹងធ្វើឱ្យអូនមានស្នាមញញឹមគ្រប់ពេល”។

ចំណែកភាគីស្រីជាប្រពន្ធ ក៏បញ្ជាក់ពាក្យពិតចេញពីបេះដូងតបទៅប្តីវិញថា “អូនស្រឡាញ់បងពិត មិនគិតមានក្រ សខ្មៅ ខ្ពស់ទាបឡើយ ណាម្ចាស់ជីវិត ព្រោះស្នេហ៍ពិត អូនមិនគិតកម្ពស់បងទេ”។

បន្ទាប់ពីរូបភាពនៃពិធីរៀបការរបស់គូស្នេហ៍ខាងលើ ត្រូវបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកមក មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ជាពិសេសមិត្តភក្តិរបស់គូស្នេហ៍ខាងលើ បានចាប់អារម្មណ៍ចូលទៅComment តប ដោយភាគច្រើនជូនពរឱ្យពួកគេស្រឡាញ់គ្នាដល់ចាស់ ព្រោះបញ្ហារូបរាងកម្ពស់មិនមែនជាឧបសគ្គសម្រាប់ស្នេហ៍ពិតនោះទេ។

ខាងក្រោមនេះ ជាចំណាប់អារម្មណ៍ និង Comment របស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ទៅលើគូស្នេហ៍ខុសកម្ពស់ខាងលើ ៖

-សេចក្តីស្រលាញ់ គឺអត់មានបែងចែកវណ្ណៈ ពណ៌សម្បុរ ខ្មៅស ឬខ្ពស់ទាបអ្វីនោះទេ សំខាន់មនុស្សពីរនាក់ចេះយល់ពីគ្នាទៅវិញទៅមកផ្តល់តម្លៃឱ្យគ្នា ចេះគោរពគ្នា មានភាពស្មោះត្រង់ ហើយចាប់ដៃគ្នាដើរទៅមុខជានិច្ចនោះ គឺជាគោលដៅចុងបញ្ចប់នៃជីវិតគូហើយ ព្រោះសេចក្តីសុខដែលកើតមានឡើង គឺវាមិនស្ថិតលើពាក្យសំដី ឬទស្សនៈយល់ឃើញផ្ទាល់ខ្លួនរបស់អ្នកដទៃឡើយ។ ជូនពរឱ្យមានសេចក្តីសុខនិងសុភមង្គលច្រើនៗក្នុងដំណើរនៃជីវិតគូមួយនេះលុះអវសាន…”។

-កុំអស់សង្ឃឹម សំខាន់ប្តីប្រពន្ធអ្នកទាំងពីរចេះចាប់ដៃគ្នា ស្រលាញ់គ្នា តស៊ូសាងសុភមង្គលជាមួយគ្នារៀងរហូត គ្មានអ្នកណាមើលងាយបានទេ ស៊ូៗណា!

-សមឬមិនសម កុំខ្វល់នឹងសម្តីគេ សំខាន់យើងស្រលាញ់គ្នា អ្នកខ្លះសមហើយ តែក៏គ្មានក្តីសុខ។

-ជួនពរឱ្យពួកបងស្រលាញ់គ្នារហូតណា កុំខ្វល់នឹងពាក្យគេនិយាយ អ្វីៗសំខាន់លើយើង ចេះយល់ចិត្តគ្នា។

-ស្នេហាពិតមិនបែងចែកមនុស្សទេ តែមនុស្សទេដែលបែងចែកស្នេហា ជូនពរអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នង។

-មិនសំខាន់លើរូបរាងទេ សំខាន់ចិត្តស្មោះត្រង់ និងទំនួលខុសត្រូវ។

-ខ្ញុំអត់ដែលស្គាល់គាត់ទេ ហើយគាត់ក៏អត់ដែលស្គាល់ខ្ញុំដែរ តែគាត់ជាមិត្តរួមជំនាន់ សាលា RUPP IT។

-កូនក្រមុំស្អាតទាំងកាយស្អាតទាំងចិត្ត ជួនពរប្អូនស្រីមានសុភង្គលពេញមួយជីវិត។

-មនុស្សឥឡូវស្អាត តែចរិតអន់ គឺយកមនុស្សដែលមិនស្អាត តែចរិតបានល្អជាងរូប សម្រស់នាងអាចរកបាន តែចរិតមនុស្សស្មោះត្រង់នឹងយើងពិបាករកណាស់។

-បងមិនខ្ពស់ តែផ្នត់គំនិតបងខ្ពស់ ហើយស្មោះត្រង់នឹងអូរ។

-ខ្ញុំក៏ទាបដែរ តែខ្ញុំសុខចិត្តនៅម្នាក់ឯងដល់ស្លាប់ ក៏មិនឱ្យមនុស្សស្រីខ្ញុំស្រឡាញ់អភ័ព្វ បានខ្ញុំហើយ ពិបាកនិងខ្មាសគេ ដោយសារខ្ញុំដែរ! ព្រោះមនុស្សស្រីណាក៏ចង់បានប្រុសខ្ពស់សង្ហា បង្អួតស្រីៗគ្នាគេឱ្យច្រណែនដែរ! ព្រោះខ្ញុំគិតថា មិនមែនឱ្យតែខ្ពស់មិនស្មោះទាំងអស់ទេ។

-មនុស្សចោលម្ស្រៀតមួយចំនួន បញ្ចេញមតិថា មកពីខាងប្រុសមានបានខាងស្រីយក អ៊ីចេះអ៊ីចុះ។ សូមប្រាប់ទៅវិញថា ទាំងពីរនាក់មានជីវភាពប្រហាក់ប្រហែលគ្នា តែគេស្រលាញ់គ្នារាប់ឆ្នាំ ខាងប្រុសចេះយល់ចិត្ត បងប្អូនស្រលាញ់រាប់អានគ្នា យល់ចិត្តគ្នាទៅវិញទៅមក មិនមែនគិតតែពីរឿងដែលអ្នកចោលម្សៀត និងគ្មានសមត្ថភាពមួយចំនួន វាយតម្លៃនោះទេ…៕

ខៀវទុំ

RELATED ARTICLES