Thursday, March 28, 2024
Homeព័ត៌មានជាតិជានិស្ស័យពិតមែន!!! ទៅធ្វើការដល់ប្រទេសថៃ ស្រលាញ់គ្នា រហូតបានរៀបការ

ជានិស្ស័យពិតមែន!!! ទៅធ្វើការដល់ប្រទេសថៃ ស្រលាញ់គ្នា រហូតបានរៀបការ

ខេត្តកំពង់ចាម ៖ គូស្នេហ៍ភេទដូចគ្នា (ប្រុសស្រឡាញ់ប្រុស) មួយគូ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ បន្ទាប់ពីបានឃើញរូបភាពនៃពិធីរៀបការរបស់ពួកគេត្រូវបានចែករំលែកពេញបណ្តាញសង្គម ជាពិសេសនារីៗលាន់មាត់គ្រប់គ្នាថា បារម្ភខ្លាចអត់ប្តី ព្រោះតែឃើញប្រុសៗច្រើនគូមកហើយបានរៀបការជាមួយគ្នា ដោយមិនអាសូរដល់ទ្រូងក្រមុំ មេម៉ាយ កាយរងាសោះ។

គូស្នេហ៍ភេទដូចគ្នា (ប្រុសនិងប្រុស) នេះ ពួកគេបានរៀបការតាមប្រពៃណីខ្មែរដូចគូស្នេហ៍ភេទផ្ទុយគ្នា (ស្រីនិងស្រី) ដែរ តែមិនដឹងថា មួយណាជាប្តី មួយណាជាប្រពន្ធទេ ព្រោះពួកគេតែងខ្លួនជាកូនកំលោះដូចគ្នាទាំងពីរនាក់ រីឯអ្នកកំដរក៏សុទ្ធតែប្រុសទាំងអស់ដែរ ហើយសូម្បីស្លាកឈ្មោះក្នុងពិធីរៀបការនោះ ក៏ដាក់ថា “កូនប្រុស” ទាំងពីរដែរ ដោយភាគីម្ខាងមានឈ្មោះយាង សុផាន  និងភាគីម្ខាងទៀត មានឈ្មោះប៉ុយ ណារិទ្ធ។

ពិធីរៀបការគូស្នេហ៍ប្រុសដូចគ្នានេះ ធ្វើឡើងនៅទឹកដីខេត្តកំពង់ចាម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានពិធីជប់លៀងទទួលភ្ញៀវពិសាភោជនាហារ និងមានអកកេះប្រគំកំដរយ៉ាងអធិកអធមដូចពិធីមង្គលការទូទៅដែរ ។

តាមប្រភពពីមិត្តភក្តិរបស់គូស្នេហ៍ប្រុស រៀបការនិងប្រុសខាងលើ ដែលបានចូលរួម ពិធីរៀបការនោះដែរ បានឱ្យដឹងថា គូស្នេហ៍ប្រុសដូចគ្នានេះ ពួកគេបានចេញទៅធ្វើការជាពលករនៅប្រទេសថៃ ហើយក៏បានស្រឡាញ់គ្នារហូតដឹកដៃគ្នាមកសុំឪពុកម្តាយទាំងសងខាងរៀបការឱ្យពួកគេ ដើម្បីឱ្យពួកគេបានរួមរស់ជាមួយគ្នាជាគូជីវិតតទៅ ហើយដោយសារតែឪពុកម្តាយរបស់ពួកគេមិនអាចរារាំងស្នេហាខុសធម្មជាតិនេះបាន ក៏ព្រមរៀបចំពិធីរៀបការឱ្យពួកគេតែម្តងទៅ។

បន្ទាប់ពីបានឃើញរូបភាពគូស្នេហ៍ប្រុសដូចគ្នាខាងលើរៀបការ ដែលត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនោះមក មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ជាពិសេសមិត្តភក្តិរបស់អ្នកទាំងពីរបាន Comment  តាមការយល់ឃើញផ្សេងគ្នា ដោយភាគច្រើនបានសម្តែងនូវការភ្ញាក់ផ្អើល តែក៏យល់ថា ករណីបែបនេះកន្លងមកមានច្រើនមកហើយ។

ខណៈអ្នកខ្លះលើកឡើងថា សម័យឥឡូវអ្វីៗប្រែប្រួលអស់ហើយ ពីមុនគេតែងនិយាយថា ប្រុសគូនិងស្រី ស្រីគូនិងប្រុស តែឥឡូវប្រុសគូនិងប្រុស ក៏មានស្រីគូនិងស្រីក៏មាន ហើយគូស្នេហ៍ភេទដូចគ្នា ថែមទាំងរៀបការតាមប្រពៃណី ដូចគូស្នេហ៍ភេទផ្ទុយគ្នាទៀតផង៕

RELATED ARTICLES