Friday, April 19, 2024
Homeនយោបាយទ្រង់ធម្មិកោ កៀកស្មាលោកកាញារីទ្ធ ថាមិត្តភាព ជារឿងពិសិដ្ឋ

ទ្រង់ធម្មិកោ កៀកស្មាលោកកាញារីទ្ធ ថាមិត្តភាព ជារឿងពិសិដ្ឋ

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលធ្លាប់បញ្ចេញមតិរិះគន់រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សកាន់អំណាច កន្លងមកនោះ ថ្មីៗនេះស្រាប់តែធ្វើឱ្យមជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍ចំពោះសកម្មភាពរបស់ព្រះអង្គដែលបានថតរូបកៀកស្មាលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានលើកឡើងថា នយោបាយជារឿងមួយ មិត្តភាពជារឿងពិសិដ្ឋ។

រូបថតកៀកស្មាលោកខៀវ កាញារីទ្ធ ត្រូវបានព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ យកមកបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសដែលព្រះអង្គនិងលោកខៀវ កាញារីទ្ធ បានទៅចូលរួមនៅក្នុងពិធីមង្គលការមួយរបស់សាច់ញាតិព្រះអង្គ កាលពីពេលថ្មីៗនេះ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានឱ្យដឹងថា ព្រះអង្គនិងលោកខៀវ កាញារីទ្ធ ជាមិត្តភក្តិធ្លាប់រាប់អានគ្នាជាយូរឆ្នាំមកហើយ ប៉ុន្តែដោយសារនៅប៉ូលនយោបាយផ្ទុយគ្នា ដោយម្ខាងនៅបក្សកាន់អំណាច និងម្ខាងនៅបក្សប្រឆាំងនោះ ធ្វើឱ្យព្រះអង្គនិងលោកខៀវ កាញារីទ្ធ ខកខានបានជួបគ្នានិងទំនាក់ទំនងមិត្តភាពជិតស្និទ្ធរាងឆ្ងាយបន្តិចហើយ។ ហេតុដូច្នេះហើយនៅពេលបានជួបគ្នាជាថ្មីនេះ ព្រះអង្គ បានរំលេចពាក្យមិត្តភាពជារឿងពិសិដ្ឋ ក្នុងន័យចង់បញ្ជាក់ថា ព្រះអង្គនិងលោករដ្ឋមន្ត្រី បានសម្រេច ព្រមគ្នាទុករឿងនយោបាយមួយឡែក ឯទំនាក់ទំនងមិត្តភាពបន្តទៅមុខ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលពីរឿងនេះប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ខ្ញុំអត់បានជួបឯកឧត្តមខៀវ កាញារីទ្ធ ឯណា ដោយសារតែមាននយោបាយ បញ្ហាអីទៅ ក៏ប៉ុន្តែពេលដែលបានជួបគ្នាថ្ងៃមុនហ្នឹង បានជជែកគ្នាបានអី ហើយនិងបានសម្រេចទាំងពីរនាក់ថា នឹងទុកបញ្ហានយោបាយមួយឡែកទៅ ហើយនិងយើងគិតពីរឿងមិត្តភាពទៅតែប៉ុណ្ណឹងទេ អត់មានអីពីលើហ្នឹងទេ ហ្នឹងគឺជាការសម្រេចទាំងសងខាង។

ការជួបហ្នឹង ពេលខ្ញុំទៅកម្មវិធីអាពាហ៍ពិពាហ៍សាច់ញាតិខាងខ្ញុំ ក៏ប៉ុន្តែបងប្អូនខ្ញុំហ្នឹងក៏ជាមិត្តភក្តិឯកឧត្តមខៀវ កាញារីទ្ធ ហើយក៏បានជួបគ្នាទៅ។ ខ្ញុំនិងឯកឧត្តមខៀវ កាញារីទ្ធ មានទំនាក់ទំនងនឹងគ្នាជាយូរឆ្នាំមកហើយ ជាមិត្តភក្តិជិតស្និទ្ធ ក៏ប៉ុន្តែដោយសាររឿងនយោបាយទៅ ក៏ខ១ អត់សូវមានពេល ខ២ ពិបាកដែរ ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ចំពោះខ្ញុំៗបានប្តេជ្ញាហើយថា មិនគួរណាបញ្ហានយោបាយធ្វើឱ្យមានការបែកបាក់ទាំងគ្រួសារ ឬមួយក្នុងរវាងមិត្តភក្តិដែរ ពីព្រោះចង់មិនចង់ ខាងពួកខ្ញុំចង់ឱ្យមានការផ្សះផ្សាជាតិ ហើយនិងខាងសម្តេចនាយក ខ្ញុំធ្លាប់ឮសូរគាត់ដែរ គឺសម្តេចនាយក សម្តេចក្រឡាហោម ក៏គាត់និយាយដែរថា យើងត្រូវតែបង្រួបបង្រួមជាតិ។

ដូច្នេះបើសិនជាមានការផ្សះផ្សាជាតិ ចង់បង្រួបបង្រួមជាតិ ចាប់ផ្តើមឡើងពីមិត្តភក្តិធ្លាប់ស្គាល់គ្នា រាប់អានគ្នាពីមុនមកហ្នឹង ត្បិតថា មានបក្សខុសគ្នា ក៏គួរណាស់ថា មានការទំនាក់ទំនងគ្នាសាជាថ្មីមកវិញមក អាហ្នឹងហើយដែលខ្ញុំចង់និយាយ។ អាហ្នឹងជាសារមួយដែលខ្ញុំចង់ផ្តល់ឱ្យទាំងអស់គ្នាថា កុំឱ្យយកបញ្ហានយោបាយហ្នឹង មកធ្វើយ៉ាងម៉េចឱ្យស្មុគស្មាញ និងមានការខូចខាតទៅលើមិត្តភាព”។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បន្តថា “មិត្តភាពសំខាន់បំផុតចំពោះខ្ញុំ ហើយនិងគួរណាទាំងអស់គ្នាចាត់ទុកមិត្តភាពជាសំខាន់ដែរ ព្រោះមិត្តភាពហ្នឹងហើយដែលចងក្រងជាមួយគ្នា ដូច្នេះបើសិនជាយើងបោះបង់មិត្តភាពចោលសល់តែអី? សល់តែនយោបាយ វាអស់មានន័យហើយ ព្រោះនយោបាយវាអត់គ្រប់ន័យទេ នយោបាយជាបញ្ហាសង្គម ហើយនិងមិត្តភាពជាបញ្ហាទំនាក់ទំនងរវាងបុគ្គល ដូច្នេះយើងត្រូវតែបែងចែកច្បាស់បញ្ហាសង្គម និងបញ្ហាបុគ្គល។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ

ដូច្នេះបញ្ជាក់បន្ថែម ខ្ញុំចង់ផ្តោតតែលើ២ចំណុច ហ្នឹងទេ ខទី១ គឺការខិតខំរកដំណោះស្រាយជាមួយនឹងបញ្ហាសង្គម មិត្តភាព ជាការចងក្រងរវាងបុគ្គល ដូច្នេះយើងត្រូវបែកចែកឱ្យដាច់ពី រឿងហ្នឹងមួយ។ ខទី២ បើយើងគិតឱ្យវែងឆ្ងាយទៅទៀត យើងឃើញការអនុវត្តរបស់ប្រទេសខាងលិច ដូចជាសហរដ្ឋអាមេរិក ដូចអឺរ៉ុប អីហ្នឹង នយោបាយអាចនឹងឈ្លោះគ្នាលើឆាកនយោបាយ ក៏ប៉ុន្តែនៅពេលចេញមក គឺនឹងបាយទឹកអីជាមួយគ្នាជាដើម។ ដូច្នេះឱ្យមានភាពចាស់ទុំនយោបាយខ្លះទៅ ហើយនិងឱ្យចាត់ទុកនយោបាយមួយឡែក មិត្តភាពមួយឡែក ត្រូវបែងចែកឱ្យច្បាស់ បើសិនជាយើងចង់កសាងសង្គមសុខដុមរមនាសាជាថ្មី”។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បន្តថា “បើសិនជាយើងរក្សាមិត្តភាព បើទោះថា យើងប្រកាន់ជំហរនយោបាយខុសគ្នា ដល់ពេលហ្នឹង អត់មានការបែកបាក់នៅក្នុងសង្គម វាមានការប្រកួតគ្នា តតាំងមតិជាមួយគ្នា ក៏ប៉ុន្តែវាអត់មានការបែកបាក់នៅក្នុងសង្គម ហើយនិងបើសិនជាយើងពិនិត្យមើលសង្គមខ្មែរយើងសព្វថ្ងៃហ្នឹង មានតែការបែកបាក់នៅក្នុងសង្គម។

ដូច្នេះបើសិនជាយើងចង់ឱ្យមានការផ្សះផ្សា ត្រូវតែចាប់ផ្តើមឡើងពីកសាងមិត្តភាពបុគ្គលឡើងវិញសាជាថ្មី ដោយយើងទុកនយោបាយមួយឡែកទៅ ដល់ពេលនៅលើឆាកនយោបាយ យើងបញ្ចោញមតិរបស់យើងទៅ ប៉ុន្តែក្រៅឆាកនយោបាយ យើងរក្សាភាពជាមិត្តភក្តិ។

ឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ខ្ញុំសូមរំលឹកដែរថា រហូតដល់ឆ្នាំ២០១៧ ខាងគណបក្សប្រជាជនកម្ពុជា បានរំលាយគណបក្សសង្គ្រោះជាតិ ខាងរាជរដ្ឋាភិបាល រំលាយគណបក្សសង្គ្រោះជាតិ ក៏មានទំនាក់ទំនងរវាងថ្នាក់ដឹកនាំសង្គ្រោះជាតិ ថ្នាក់ដឹកនាំគណបក្សប្រជាជនដែរ ក៏ប៉ុន្តែតាំងពីមុនការរំលាយបក្ស មុនការចោទប្រកាន់ទៅលើលោកប្រធានកឹម សុខា អ៊ីចឹងទៅ ក៏រឿងទាំងអស់ហ្នឹង វាអស់រលីងទៅ។ ដូច្នេះបើសិនជាយើងចង់កសាងចង់រកដំណោះស្រាយឱ្យគង់វង្ស យើងត្រូវតែចាប់ផ្តើមឡើងវិញ ធ្វើយ៉ាងម៉េចឱ្យមានការជជែកគ្នា”។

“នគរធំ” បានព្យាយាមទាក់ទងទៅលោកខៀវ កាញារីទ្ធ ដើម្បីសុំមតិយោបល់ជុំវិញបញ្ហា នយោបាយ និងមិត្តភាពជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ នេះដែរ ប៉ុន្តែមិនបានសម្រេចទេ កាលពីម្សិលមិញ៕

កុលបុត្រ

RELATED ARTICLES