Friday, April 19, 2024
Homeព័ត៌មានជាតិទ្រាំចាំមិនបាន ប្តីដឹកស្រី ប្រពន្ធតាមទាន់ ហៅមកដោះស្រាយគ្នា

ទ្រាំចាំមិនបាន ប្តីដឹកស្រី ប្រពន្ធតាមទាន់ ហៅមកដោះស្រាយគ្នា

ភ្នំពេញ ៖ ប្តីប្រពន្ធ១គូបានសាងជីវិតស្នេហាជាមួយគ្នាតាំងពីបាតដៃទទេ លុះមានទ្រព្យសម្បត្តិសមរម្យទៅហើយ បែរជាប្តីបែកឆ្វេងលបលួចស្រលាញ់ស្រីដែលធ្លាប់រស់នៅដំបូលផ្ទះជាមួយគ្នា និងមើលថែកូនៗ រហូតស្ត្រីជាប្រពន្ធធ្លាប់តាមទាន់ប្តីនាំនារីរូបនោះទៅដេកផ្ទះសំណាក់ទៀតផង រហូតដល់ប្រពន្ធទ្រាំមិនបានក៏សម្រេចចិត្តប្តឹងលែង ប៉ុន្តែមិនទាន់ដាច់ស្រេចនៅឡើយទេ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានធ្វើឡើងកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិជង្រុក សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីជាប្រពន្ធមានឈ្មោះឆាយហ៊ាង អាយុ៣៨ឆ្នាំ មុខរបររកស៊ី រស់នៅខណ្ឌសែនសុខ។ ចំណែកបុរសជាប្តីមានឈ្មោះ សុវណ្ណ អាយុ៣៧ឆ្នាំ មុខរបររកស៊ីជំនួញ ស្នាក់នៅខណ្ឌសែនសុខ។

ប្រភពពីស្ត្រិជាប្រពន្ធបានឲ្យដឹងថា ប្តីប្រពន្ធរបស់គាត់ទាំងពីរនាក់បានរៀបការ និងបង្កើត កូនចំនួន៣នាក់ (ស្រី២ និងប្រុស១)។ តាំងពីចាប់ដៃគ្នាមក ពួកគាត់ខំប្រឹងប្រែងរកស៊ីតាំងពីបាតដៃទទេមិនដែលស្គាល់ដេកពួនបានត្រឹមត្រូវ រហូតមកដល់ពេលនេះមានជីវភាពធូរធា មានឡាន ផ្ទះ ស្រាប់តែប្តីលួចទៅមានស្រីថ្មីរាប់មិនអស់។

ស្ត្រីជាប្រពន្ធបានឲ្យដឹងថា កន្លងមក គាត់ក៏ធ្លាប់តាមទាន់ប្តីយកនារីដែលរស់នៅក្រោមដំបូលផ្ទះ និងមើលកូនៗរបស់ខ្លួន ទៅដេកផ្ទះសំណាក់ ទើបគាត់ដេញនារីនោះចេញពីផ្ទះ ប៉ុន្តែប្តីគាត់នៅតែលបលួចទាក់ទងនារីរូបនោះ រហូតមកដល់ពេលនោះ នារីរូបនោះមានផ្ទៃពោះ៧ខែហើយ ។

ប្រភពបន្ថែមថា តាមពីទាក់ទងជាមួយនារីរូបនោះមក ប្តីរបស់គាត់បញ្ចេញអាកប្បករិយាយប្លែកៗ ឲ្យតែចូលផ្ទះតែងតែរករឿងឈ្លោះប្រកែក និងប្រើហិង្សាវាយតប់រូបគាត់ និងបំភ្លិចបំផ្លាញទ្រព្យសម្បត្តិ មិនតែប៉ុណ្ណោះ ប្តីនេះហ៊ានបើកឡានបំបុកផ្ទះទៀតផង។

ដោយសារទ្រាំមិនបាននឹងទង្វើដ៏សាហាវនោះ រូបគាត់បានបានដាក់ពាក្យប្តឹងលែងលះគ្នាបានជាង១ខែហើយ ប៉ុន្តែមិនទាន់ដាច់ស្រេចនោះទេ ព្រោះតែការបែងចែកទ្រព្យសម្បត្តិ និងនៅសល់ប្រាក់អាហារកិច្ចថ្លៃចិញ្ចឹមកូនចំនួន២ម៉ឺនដុល្លារទៀត ដែលប្តីមិនទាន់ឲ្យគ្រប់ចំនួន។

ប្រភពបន្ថែមទៀតថា លុះនៅថ្ងៃកើតហេតុ គាត់បានឃើញរបស់គាត់ដឹកស្រី គាត់ក៏បានឃាត់ឲ្យឈប់ ដើម្បីដោះស្រាយគ្នា តែប្តីបានគេចវេះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើងបែបនេះ

ដោយឡែក បុរសជាប្តី បានអះអាងថា គាតនិងប្រពន្ធដើមបានលែងលះគ្នាដាច់ស្រេចហើយ ព្រោះពួកគាត់មិនទាន់មានអេតាស៊ីវិលនោះទេ ហើយការលែងលះនេះធ្វើឡើងនៅសង្កាត់ មានការចូលរួមមេធាវី និងប្រធានកិច្ចការនារីក្រុង ប៉ុន្តែនៅរង់ចាំតែថ្ងៃតុលាការកោះហៅតែប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងនាំប្តីប្រពន្ធ២នាក់នេះ ទៅកាន់នគរបាលរដ្ឋបាលប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីសម្របសម្រួល ប៉ុន្តែភាគីទាំងសងខាងមានឯកសារគ្រប់គ្រាន់ ទើបសមត្ថកិច្ចធ្វើកិច្ចសន្យាណែនាំរួចបានឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន រង់ចាំថ្ងៃឡើងតុលាការនាពេលក្រោយ ៕

RELATED ARTICLES