Thursday, April 25, 2024
Homeព័ត៌មានជាតិបែកគ្នា១៥ឆ្នាំ ស្រាប់តែមានគេរត់ទៅប្រាប់... មកមើលអតីតប្តីទាំងរំជួលចិត្ត

បែកគ្នា១៥ឆ្នាំ ស្រាប់តែមានគេរត់ទៅប្រាប់… មកមើលអតីតប្តីទាំងរំជួលចិត្ត

ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា ជាមនុស្សចូលចិត្តផឹកស្រាស្រវឹងមិនហូបបាយហូបទឹកទាល់តែសោះ ទីបំផុតក៏ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់នៅលើអង្រឹងយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចអូរព្រែកស្បូវ ក្នុងភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន។

សាកសពបុរសរងគ្រោះខាងលើ មានឈ្មោះជីម ជឿន អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាលស្នាយ ឃុំមានជ័យ ស្រុកសណ្តាន់។

តាមការបំភ្លឺរបស់ឈ្មោះផន រ៉ុម ភេទស្រី អាយុ៦១ឆ្នាំ ជាអតីតប្រពន្ធរបស់ជនរងគ្រោះខាងលើបានរៀបរាប់ប្រាប់ថា រវាងគាត់និងជនរងគ្រោះធ្លាប់ជាប្តីប្រពន្ធនឹងគ្នា ប៉ុន្តែបានលែងលះគ្នាអស់រយៈពេល១៥ឆ្នាំមកហើយ ដោយប្តីរបស់គាត់បានទៅយកប្រពន្ធថ្មីម្នាក់ទៀត ក្រោយមកក៏លែងលះគ្នាទៀត។

លុះដល់អំឡុងខែមករា ឆ្នាំ២០២០ ប្តីរបស់គាត់បានសុំត្រូវរ៉ូវគ្នាជាមួយគាត់វិញ ប៉ុន្តែគាត់មិនព្រម ទទួលយកជាប្តីប្រពន្ធវិញទេ។ ចាប់តាំងពីពេលនោះមក ប្តីរបស់គាត់ចេះតែដើរផឹកស៊ីអត់បាយ អត់ទឹក ដើរដេកតាមផ្លូវនិងតាមផ្ទះអ្នកភូមិ។

លុះមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ស្រាប់តែអ្នកភូមិនាំគ្នាផ្អើលនិយាយតៗគ្នាថា អតីតប្តីរបស់គាត់បានដេកស្លាប់នៅលើអង្រឹងជាប់នឹងអូរព្រែកស្បូវ ភ្លាមនោះគាត់បានទៅដល់កន្លែងកើតហេតុភ្លាម បានឃើញអតីតប្តីរបស់គាត់ដេកស្លាប់លើអង្រឹងពិតប្រាកដមែន ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះដេកស្លាប់លើអង្រឹងដោយស្លៀកខោខ្លីពណ៌ខៀវខ្លួនទទេ ក្បាលទៅទិសខាងត្បូង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះដេកស្លាប់ដោយគាំងបេះដូង មូលហេតុ ដោយសារជនរងគ្រោះផឹកស្រាជាប្រចាំ និងមិនហូបអាហារ។

បន្ទាប់ពីបានពិនិត្យសពចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចបានប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ (អតីតប្រពន្ធ) យកទៅធ្វើបុណ្យតាមប្រពៃណី”៕

RELATED ARTICLES