Thursday, April 25, 2024
Homeព័ត៌មានជាតិផ្សារកសិផលធម្មជាតិ ឧកញ៉ាឡេង ណាវ៉ាត្រា ត្រៀមដាក់ដំណើរការថ្ងៃទី១៥ ខែមីនា

ផ្សារកសិផលធម្មជាតិ ឧកញ៉ាឡេង ណាវ៉ាត្រា ត្រៀមដាក់ដំណើរការថ្ងៃទី១៥ ខែមីនា

កាលពីខែមុន លោកឧកញ៉ាឡេង ណាវ៉ាត្រា បានប្រកាសថា គ្រោងនឹងបើកផ្សារទំនើបលក់តែផលិតផលធម្មជាតិរបស់កសិករខ្មែរ បន្ថែមពីលើមុខជំនួញអចលនទ្រព្យដីធ្លី ផ្ទះល្វែង ក៏ដូចជាផលិតផលកសិកម្ម។

ផ្សារនេះគ្រោងប្រមូលទិញតែផលិតផលធម្មជាតិរបស់កសិករខ្មែរទេ ទើបត្រូវបានមហាជនសម្ដែងការគាំទ្រយ៉ាងខ្លាំង ព្រោះវាជាចំណែកមួយជួយដល់កសិករខ្មែរ ឲ្យមានទីផ្សារ និងធ្វើឲ្យជីវភាពរបស់ពួកគាត់ប្រសើរឡើង។ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ផ្សារមួយនេះនឹងបើកដំណើរការសាកល្បង ដែលមានទីតាំងនៅកណ្ដាលផ្សារអូឡាព្យ៉ា (Olympia) ។

តាមការបញ្ជាក់ពីក្រុមការងារលោកឧកញ៉ាឡេង ណាវ៉ាត្រា បានឲ្យដឹងថា បច្ចុប្បន្នក្រុមការងារជំនាញកសិកម្មរបស់លោកឧកញ៉ា រួមទាំងលោកឧកញ៉ាផងដែរ បានចុះទៅដល់ស្ទើរគ្រប់ខេត្ត-ក្រុង ដែលមានការដាំដុះបន្លែផ្លែឈើធម្មជាតិ ក្នុងនោះបានចងក្រងជាភ្នាក់ងារដាំបន្លែផ្លែឈើតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ សម្រាប់ការផ្គត់ផ្គង់ផ្សាររបស់លោក ដោយក្រុមហ៊ុននឹងចាំទទួលទិញកសិផលរបស់ពួកគាត់ យកមកលក់បន្ដ នូវតម្លៃសមរម្យដែលពួកគាត់អាចទទួលយកបាន។

ចំពោះបន្លែ ផ្លែឈើ ក៏ដូចជាត្រីសាច់​ ដែលបងប្អូនកសិករនាំយកមកលក់នោះ គឺសុទ្ធតែត្រូវបានធ្វើតេស្ដជាមុនសិន បញ្ជាក់ថា គ្មានជាតិគីមី ទើបអាចយកមកលក់ក្នុងផ្សារនេះបាន។ ផ្សារនេះលក់តែផលិតផលកសិផលធម្មជាតិរបស់ខ្មែរទេ ផលិតផលនាំចូលពីបរទេស អត់ទទួលលក់នៅទីនេះឡើយ ហើយមុននឹងដាក់លក់ អ្នកជំនាញនឹងធ្វើតេស្ដជាមុនសិន បញ្ជាក់ថា គ្មានជាតិគីមី ទើបអាចយកមកលក់នៅផ្សារទំនើបនេះបាន។

លោកឧកញ៉ាឡេង ណាវ៉ាត្រា ថ្លែងថា ”ចំពោះផលិតផលទាំងឡាយណាមានជាតិគីមី យើងឈប់ទទួលទិញពីពួកគាត់មកលក់ទៀតហើយ យើងគិតលើសុខភាពជាធំ”។

តាមការបញ្ជាក់របស់លោកឧកញ៉ាឡេង ណាវ៉ាត្រា បានឲ្យដឹងថា គម្រោង ”ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា“ មិនមែនធ្វើតែមួយទីតាំង ឬពីរទីតាំងឡើយ ពោលគឺគ្រោងពង្រីករហូតដល់ទៅ២៥០សាខានៅទូទាំងប្រទេសឯណោះ ប៉ុន្តែជំហ៊ានដំបូង គឺសម្រុកធ្វើនៅតែភ្នំពេញ និងខេត្តសៀមរាប ក្នុងនោះស្ទើរគ្រប់បុរី ឬទីប្រជុំជនធំៗ នឹងមានវត្តមាន ”ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា” គ្រប់ទីកន្លែងតែម្ដង។

ក្រុមការងារឧកញ៉ាឡេង ណាវ៉ាត្រា បានឲ្យដឹងដែរថា ដើម្បីឲ្យកាន់តែមានភាពងាយស្រួលជាងនេះទៀត ខាងក្រុមហ៊ុនបានរៀបចំការកុម្មង់ទិញបែបទំនើបតាមអនឡាញ ឬតាមលេខទូរស័ព្ទ ដោយគ្រាន់តែលោកអ្នកខលមក ឬកុម្មង់តាម App ត្រឹមតែ២០នាទី នោះបន្លែ ផ្លែឈើ ឬត្រីសាច់ ដែលលោកអ្នកកុម្មង់នោះ នឹងដឹកជញ្ជួនដល់ផ្ទះលោកអ្នកតែម្ដង។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា បាននាំបន្លែប្រមាណ៤០០តោន ក្នុងមួយថ្ងៃៗ ពីប្រទេសវៀតណាម និងថៃ ដោយចំណាយថវិកាប្រមាណជាង២០០លានដុល្លារ ស្របពេលដែលមន្រ្ដីអះអាងថា ការដាំដុះនៅកម្ពុជា នៅមានកម្រិត និងខ្វះបច្ចេកទេសនៅឡើយ។

ដោយឡែក ថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងកាត់បន្ថយការនាំបន្លែ សាច់ ពីក្រៅប្រទេស ដោយការបង្កើនដាំដុះ និងចិញ្ចឹមក្នុងស្រុក ដោយមិនតម្រូវឲ្យប្រើគីមីច្រើនឡើយ៕

RELATED ARTICLES