Friday, April 19, 2024
Homeតារាខ្មែរមាស សុខសោភា ចូលហង្សមាស ប្រឈមខ្លាំងជាមួយពេជ្រ សោភា មិនមែនឱក សុគន្ធកញ្ញា

មាស សុខសោភា ចូលហង្សមាស ប្រឈមខ្លាំងជាមួយពេជ្រ សោភា មិនមែនឱក សុគន្ធកញ្ញា

ខណៈដែលដំណឹងមាស សុខសោភា កាន់តែសាយភាយរឿងនាងជិតចូលផលិតកម្មរស្មីហង្សមាស នោះ អ្នកជំនាញសិល្បៈបានលើកឡើងថា សោភា បើទៅចូលទ្រនំធំនោះមែន នាងនឹងពិបាកប្រឈមជាមួយប្អូនថ្លៃថៅកែហង្សមាស អ្នកនាងឱក សុគន្ធកញ្ញា ណាស់ ហើយជាទូទៅ អ្នកជំនាញសិល្បៈបានលើកឡើងថា ហង្សមាស នឹងមិនឲ្យសោភា នៅលើសុគន្ធកញ្ញា ឡើយ។

ប៉ុន្ដែអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកនូ ស៊ិប បានលើកឡើងផ្ទុយពីការយល់ឃើញបែបនេះទៅវិញ ដោយលោកអះអាងថា សម្រាប់លោកមិនយល់ឃើញបែបនេះឡើយ ព្រោះលោកសម្លឹងឃើញថា ប្រសិនបើសោភា ពិតជាចូលហង្សមាស មែន បញ្ហាដែលនាងប្រឈមមិនមែនជាមួយសុគន្ធកញ្ញា ទេ តែជាមួយពេជ្រ សោភា ទៅវិញទេ។ លោកថា គូប្រជែងថ្មីរបស់មាស សុខសោភា គឺពេជ្រ សោភា មិនមែនឱក សុគន្ធកញ្ញា ទេ។

លោកនូ ស៊ិប ប្រាប់ថា ”បើសិនជាមាស សុខសោភា ចូលហង្សមាស មែន គឺនឹងប្រឈមជាមួយពេជ្រ សោភា មិនមែនជាមួយឱក សុគន្ធកញ្ញា ដូចគេគ្រប់គ្នាយល់ឃើញនោះទេ។ សម្រាប់ខ្ញុំយល់ថា ពេជ្រ សោភា ច្រៀងតាមបែបធម្មជាតិ អីចឹងធ្វើឲ្យមាស សុខសោភា ពិបាកដែរ បើសិនជានៅផលិតកម្មតែមួយ ព្រោះពួគេខ្លាំងម្យ៉ាងៗម្នាក់ទេ។ ចំពោះឱក សុគន្ធកញ្ញា វិញ ច្រៀងតាមបែបផ្សេងវិញ អីចឹងមិនប៉ៈជាមួយសោភា ទេ”។

ទន្ទឹមនឹងលើកឡើងថា មាស សុខសោភា អាចនឹងពិបាកទប់ទល់ជាមួយពេជ្រ សោភា នោះ លោកនូ ស៊ិប នៅតែមានសុទិដ្ឋិនិយមថា បើសិនជាសោភា ចូលហង្សមាស មែន លោកនៅតែមានជំនឿចិត្តថា នាងនៅតែល្បីដដែលទេ ព្រោះថា សមត្ថភាពខ្លាំង អីចឹងទោះជាហង្សមាស មានតារាច្រើនយ៉ាងណាក៍សោភា មិនបារម្ភដែរ។

លោកនូ ស៊ិប បញ្ជាក់ថា ”គេ (សោភា) មានសមត្ថភាព អីចឹងមានអីត្រូវបារម្ភទៅដល់ណាក៏នៅតែល្បីដដែលហ្នឹង ទោះជាហង្សមាស ឥឡូវមានអ្នកចម្រៀងច្រើនមែន ប៉ុន្តែគេនឹងឲ្យគាត់ល្បីតាមបែបស្ទីលរបស់គាត់ ហើយបែងចែកគ្នាច្រៀងអីចឹងទៅ”។

មាស សុខសោភា ធ្លាប់ផ្លាស់ប្ដូរផលិតកម្មជាច្រើនមកហើយ ដូចជា កន្លងមកនាងធ្លាប់ច្រៀងនៅផលិតកម្មរស្មីស្ទឹងសង្កែ, U2 ឬ CB, M, សាន់ដេ និងចុងក្រោយផលិតកម្មថោន ហើយមានផលិតកម្មផ្ទាល់ខ្លួន Camtrax ដែលមានស្វាមីនាង លោកអ៊ឹត រ៉ាដា ជាអ្នកគ្រប់គ្រង។

យ៉ាងណា សោភា បានប្រាប់អ្នកយកព័ត៌មានយើងថា នាងត្រូវការពិចារណាឲ្យបានច្បាស់លាស់ជាមុនសិនថា គួរចេញពីថោន ចូលហង្សមាស ឬយ៉ាងណា?

សោភា ថា ថ្មីៗនេះ ផលិតកម្មថោន បានបែកបាក់ក្រុមការងារខ្លះៗ អីចឹងពេលដែលថ្នាក់ដឹកនាំប្រជុំរួចហើយ នាងនឹងសម្រេចចិត្ត។ យ៉ាងណានាងថា ថៅកែផលិតកម្មថោន មិនចង់ឲ្យនាងចេញពីផលិតកម្មនេះទេ។

ក្រៅពីត្រៀមប្ដូរទ្រនំចាស់ ផ្លាស់ចូលទ្រនំថ្មី មាស សុខសោភា ដែលភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា ជិត១៣ឆ្នាំទៅហើយ នៅតែមិនបញ្ជាក់ថា ពេលណាទើបនាងចូលរោងការតាមប្រពៃណីខ្មែរ ឲ្យពិតប្រាកដឡើយ៕

RELATED ARTICLES