Tuesday, April 16, 2024
Homeតារាខ្មែរម៉ាក សែនសូនីតា រៀបការផ្គួបថ្ងៃខួបកំណើត ស្វាមីមានកាដូដ៏ពិសេស គឺ...

ម៉ាក សែនសូនីតា រៀបការផ្គួបថ្ងៃខួបកំណើត ស្វាមីមានកាដូដ៏ពិសេស គឺ…

ម៉ាក សែនសូនីតា ហៅតូតា និងអនាគតស្វាមី លោកប៉ុល វិបូរ ហៅនីត មិនទាន់បង្ហាញទីតាំង និងថ្ងៃដែល​ពួកគេដឹកដៃគ្នាចេញទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon)​ថា​នៅប្រទេសណាឡើយ ព្រោះអ្នកទាំងពីរថា ជិតដល់ថ្ងៃទៅ ទើបអាចជូនដំណឹងបាន។

ម៉ាក សែនសូនីតា វាចាថា ”ខ្ញុំសុំលាក់សិន មិនអាចប្រាប់បានទេថាទៅណា ប៉ុន្តែអាចបង្ហើបបានថា ទៅឆ្ងាយដែរ ហើយទាល់តែជិះយន្ដហោះទើបដល់។ ចាំកៀកថ្ងៃសិន ទើបអាចជម្រាបជូនបាន ឥឡូវប្រាប់មិនទាន់បានទេ“។

ចំណែកលោកប៉ុល វិបូរ ហៅនីត បានបន្ថែមថា ”ឥឡូវគាត់ (តូតា) កំពុងតែងោចៗ ហើយថា ចង់ទៅកន្លែងហ្នុង។ ខ្ញុំតាមតែគាត់ទេ ប៉ុន្តែយើងចាំគិតមើលសិន ព្រោះមានបងប្អូនអីគាត់ចង់ទៅជាមួយដែរ អីចឹងបើកន្លែងហ្នុងទៅសប្បាយ យើងនឹងទៅ”។

ម៉ាក សែនសូនីតា នឹងដឹកដៃលោកប៉ុល វិបូរ ហៅនីត ដែលជាថៅកែផលិតកម្ម Angkor Picture រៀបការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារសុខា ភ្នំពេញ ដែលតាមការប្រមាណនឹងគ្រោងចំណាយលុយមិនក្រោម១០ម៉ឺនដុល្លារឡើយ។ ក្រោយរៀបការរួច តូតា ត្រូវបានស្វាមីអនុញ្ញាតឲ្យនាងបន្ដលេងសិល្បៈជាធម្មតា ប៉ុន្តែនាងអាចងាកមកបង្កើនមុខជំនួញ និងគ្រោងយកកូនទៅតាមធម្មជាតិផងដែរ។

តូតា បន្ថែមថា ”កម្មវិធីនោះយើងធ្វើ១០០តុ ក្នុងនោះមានភ្ញៀវអ្នកជំនួញ និងអ្នកសិល្បករ ខ្ញុំហៅ៣០០នាក់ដែរ។ ខ្ញុំសប្បាយចិត្តនឹងរំភើបដែលគាត់ (លោកនីត) បានបើកចិត្តទូលាយឲ្យខ្ញុំបន្ដលេងសិល្បៈតទៅទៀត ហើយខ្ញុំនឹងនៅតែថតសម្ដែង ដែលអាចធ្វើទៅបានតាមពេលវេលា”។

ដោយឡែក ស្វាមីរបស់តូតា វិញបន្ថែមថា ”ការចំណាយអាចដូចគេធ្លាប់ធ្វើកម្មវិធីនៅហ្នុងដែរ (១០ម៉ឺនដុល្លារ) ហើយការជ្រើសរើសទីតាំងនេះ គឺមិនមែនថាឲ្យស័ក្តិសមទៅនឹងកិត្តិយសពួកយើងអីទេ ព្រោះខ្ញុំគិតថា ពួកយើងធ្វើល្មម បែបកណ្ដាលទេ។ កន្លែងហ្នុងស្រួលភ្ញៀវទៅ និងចតឡាន ទើបពួកយើងសម្រេចិត្តរៀបការនៅទីនោះតែម្ដង”។

មង្គលការរបស់ម៉ាក សែនសូនីតា ធ្វើផ្គួបទៅនឹងកម្មវិធីខួបកំណើតរបស់នាងតែម្ដង ដែលឆ្នាំនេះគម្រប់ខួប២៥ឆ្នាំ។ លោកវិបូរ ហៅនីត អះអាងថា លោកគ្មានកាដូពិសេសអី្វសម្រាប់តូតា នោះទេ គឺមានតែ ”កាដូបេះដូង” ថ្ងៃរៀបការឲ្យនាងតែ ម្នាក់គត់។

តូតា បន្ថែមថា មូលហេតុដែលនាងជ្រើសរើសលោកនីត ជាស្វាមី ដោយសារតែបុរសម្នាក់នេះស្រលាញ់នាងនិងក្រុមគ្រួសារដោយស្មោះ ហើយសន្យាមើលថែនាងតទៅ ធ្វើឲ្យនាងមានទំនុកចិត្តណាស់ បើទោះជាដំបូងនាងគិតថាមិនអាចទៅរួចក្ដី។

ដោយឡែក លោកនីត វិញថា ចំណុចពិសេសរបស់តូតា មានច្រើន ប៉ុន្តែលោកសូមលើកតែថា នាងជានារីមេផ្ទះដ៏ល្អម្នាក់ និងមានចូលចិត្តធ្វើទានច្រើន ដូចជានៅពេលបុណ្យទានម្ដងៗ នាងចែកអំណោយទៅតាមលទ្ធភាព។ អីចឹងលោកគិតថា បើមានភរិយាចិត្តធម៌អីចឹង តើឲ្យគាត់ទៅប្រើអំពើហិង្សាលើប្ដី ម៉េចកើតទៅ?

ទោះជាយ៉ាងណា ពេលដែលត្រូវអ្នកកាសែតសួរថា តើតូតា ម៉េចបានជ្រើសយកលោកនីត ដែលជាបុរសពោះម៉ាយធ្លាប់មានប្រពន្ធកូនទៅហើយនោះ ទាំងតូតា និងលោកនីត មិនឆ្លើយតបឡើយ៕

RELATED ARTICLES