Thursday, March 28, 2024
Homeនយោបាយសម្តេចហ៊ុន សែន ប្រាប់ថា សុខភាពនៅល្អរឹងមាំដូចធម្មតា

សម្តេចហ៊ុន សែន ប្រាប់ថា សុខភាពនៅល្អរឹងមាំដូចធម្មតា

បន្ទាប់ពីដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកិច្ចប្រជុំនៅប្រទេសកូរ៉េខាងត្បូង និងអញ្ជើញទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដោយបានដើរឆ្លងកាត់ព្រិលទឹកកកដែលកំពុងតែធ្លាក់យ៉ាងខ្លាំង រួច ក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីរាត្រីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅថ្ងៃនេះសម្តេចបានបញ្ជាក់ថា សុខភាពរបស់សម្តេចរឹងមាំធម្មតា និងកំពុងដឹកនាំប្រជុំគណរដ្ឋមន្ត្រី។

សម្តេចហ៊ុន សែន បានសរសេរនៅក្នុងផេកហ្វេសប៊ុករបស់សម្តេចថា “សុខសប្បាយជាទេបងប្អូនជនរួមជាតិ ថ្ងៃនេះខ្ញុំត្រូវដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅម៉ោង៨:៣០បន្តិចទៀតនេះ។ ខ្ញុំសូមជម្រាបបងប្អូនផងដែរអំពីសុខភាពរបស់ខ្ញុំគឺនៅល្អរឹងមាំដូចធម្មតា។ សូមអរគុណបងប្អូនដែលមានការព្រួយបារម្ភអំពីសុខភាពខ្ញុំ និងបានជូនពរខ្ញុំក្នុងពេលបំពេញបេសកកម្មការងារនៅកូរ៉េ និងនៅប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៣ ដល់ថ្ងៃទី៥ កុម្ភៈ កន្លងមកនេះ”។

សម្តេចហ៊ុន សែន បានបន្ថែមទៀតថា “ច្បាស់ណាស់ កម្ពុជាគឺនៅកាន់តែជិតជាមួយមិត្តចិន ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ព្រោះថាមិត្តល្អមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្ន។សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា”។

គួរបញ្ជាក់ថា នៅពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅប្រទសកូរ៉េខាងត្បូង សម្តេចហ៊ុន សែន បានប្រកាសថា នឹងចេញទៅក្រុងវូហាន ដែលកំពុងតែផ្ទុះនូវជម្ងឺផ្លូវដង្ហើម (វីរូសកូរ៉ូណា) ដើម្បីជួបជាមួយនិស្សិតដែលកំពុងស្នាក់នៅនិងសិក្សានៅទីនោះ។ ប៉ុន្តែក្រោយមកក្រសួងការបរទេសប្រទេសចិន មិនអនុញ្ញាតនោះទេ ដោយអាជ្ញាធរចិនបានបិទចរាចរណ៍បណ្តោះអាសន្ន។

យ៉ាងណា សម្តេចហ៊ុន សែន បានចេញទៅទីក្រុងប៉េកាំង ជួបលោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំង និងប្រធានាធិបតី​ស៊ី ជីនពីង ដើម្បីសម្តែងសមានទុក្ខដែលប្រទសចិន កំពុងផ្ទុះនូវវីរូសកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង៣០០នាក់ និងផ្ទុកមេរោគចំនួនជាង៣មុឺននាក់៕

RELATED ARTICLES