Thursday, April 25, 2024
Homeតារាខ្មែរអែន ឌី អាយុ៤០ឆ្នាំ ប្រកាសឈប់ធ្វើរឿងនេះ ធ្វើឲ្យនារីៗជាច្រើនខកចិត្ត

អែន ឌី អាយុ៤០ឆ្នាំ ប្រកាសឈប់ធ្វើរឿងនេះ ធ្វើឲ្យនារីៗជាច្រើនខកចិត្ត

អតីតតារាចម្រៀងផលិតកម្មហង្សមាស ម្ចាស់បទ “នឹកបង៥០%ផង” លោកអែន ឌី ដែលផ្អាកការថតសម្តែង MV ស្នេហាបែបស្រើបស្រាលក្តៅសាច់មួយរយៈធំ ដោយសារតែខាងសមាគមសិល្បកររឹតបណ្តឹងនិងដាក់សម្ពាធខ្លាំងពេកនោះ បានឱ្យដឹងថា លោកគ្មានគម្រោងវិលរកការសម្តែងឈុតទាំងនោះឡើងវិញទេ ព្រោះពេលនេះ វ័យរបស់លោកចូល៤០ឆ្នាំគត់ទៅហើយ។

ប៉ុន្តែយ៉ាងណា លោកថា ការថតសម្តែង MV ដោយសុភាពៗពេក គឺពិតជាមិនសូវមានអ្នកចូលមើលមែន អ៊ីចឹងពេលខ្លះលោកក៏ពិបាកចិត្តដែរ ព្រោះបើថតសិចស៊ីពេកមានគេមើល តែក៏មានគេរិះគន់ ដែរ ហើយពិបាកប្រឈមជាមួយក្រសួងទៀត តែបើថតសាមញ្ញៗពេកគ្មានគេមើល តើឱ្យលោកធ្វើយ៉ាងណាទៅ ?

លោកអែន ឌី ថា “ពេលនេះខ្ញុំមានវ័យ៤០ឆ្នាំទៅហើយ អ៊ីចឹងប្រហែលជាមិនចង់វិលរកការថតសម្តែងឈុតសិចស៊ីខ្លាំងដូចមុនទៀតទេ។ ប៉ុន្តែខ្ញុំនៅបន្តការផលិត MV ដដែល ដោយពេលខ្លះធ្វើជាបទ Original Songs និងពេលខ្លះច្រៀង Cober បទល្បីៗឡើងវិញផងដែរ ដូចជាថ្មីៗនេះ ខ្ញុំបានចេញបទចម្រៀង “ស្រលាញ់អូនមិនស្តាយក្រោយ”,  “ស្នេហ៍ផ្អែមដូចទឹកឃ្មុំ” និងបទ “ផ្ការោយមុនរដូវ” ជាដើម”។

ដោយឡែក ការទាក់ទងចេញទៅច្រៀងសម្តែងនៅបរទេសវិញ តារាចម្រៀងដែលមានសាច់សខ្ចី លោកអែន ឌី ថានៅតែមិនច្បាស់លាស់ទេ គឺចរចាគ្នាមិនទាន់ត្រូវ ហើយរយៈពេលចុងក្រោយនេះលោកក៏ផ្អាកច្រៀងពេលរាត្រីផងដែរ ដោយឆ្លៀតពេលទំនេរទៅដើរលេងនៅប្រទេសជិតខាងវិញ ដើម្បីកុំឱ្យស្ត្រេសខ្លាំងពេក។

លោកអែន ឌី និយាយហាក់ដូចជាបាក់ទឹកចិត្តបន្តិចថា រាសីរបស់លោកនៅរយៈពេលចុងក្រោយនេះ មិនសូវល្អទេ គឺជួបឧបសគ្គខ្លះៗក្នុងការត្រៀមចេញទៅច្រៀងសម្តែងនៅបរទេស។ ប៉ុន្តែអាជីពសិល្បៈគឺលោកបានស្រលាញ់ និងតស៊ូជាយូរមកហើយ ហេតុនេះលោកនៅតែតស៊ូទៅមុខទៀត គឺមិនបញ្ឈប់ ឬបោះបង់ត្រឹមពេលនេះឡើយ៕

RELATED ARTICLES