Wednesday, April 24, 2024
Homeព័ត៌មានជាតិទើបរៀបការបាន២ថ្ងៃ ស្រាប់តែធ្វើរោងបុណ្យសពប្តីវិញម្តង

ទើបរៀបការបាន២ថ្ងៃ ស្រាប់តែធ្វើរោងបុណ្យសពប្តីវិញម្តង

ខេត្តបន្ទាយមានជ័យ ៖ ជារឿងដ៏គួរឱ្យសោកសង្រេងបំផុតសម្រាប់គូស្វាមីភរិយាថ្មោងថ្មីមួយគូនេះ ខណៈដែលទើបនឹងរៀបការជាមួយគ្នាបានត្រឹមតែ២ថ្ងៃ មិនទាន់ទាំងបានកាត់ចំណងដៃចេញនៅឡើយ សូម្បីតែរោងការក៏មិនទាន់រុះរើរួចផង បែរជាត្រូវសង់រោងបុណ្យសពជំនួសវិញ បន្ទាប់ពីបុរសជាប្តីត្រូវអាការជំងឺប្រចាំកាយធ្វើទុក្ខរហូតដល់លាចាកចោលប្រពន្ធទៅទាំងគ្មានពាក្យលា ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធយំសោកបោកខ្លួនថើបសពប្តីទាំងក្តីអាល័យ ជាទីបំផុត។

ហេតុការណ៍ដ៏សោកសង្រេងខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ នៅចំណុចសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

កូនកំលោះអភ័ព្វដែលទើបរៀបការរួចបាន២ថ្ងៃ បែរជាត្រូវឃ្លាតចាកឆ្ងាយពីកូនក្រមុំ ដោយគ្មានថ្ងៃវិលត្រឡប់មកវិញនេះ មានឈ្មោះ ស៊ិន សុខេង ជាមន្ត្រីនគរបាលជាតិបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាល និងមានលំនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ កូនកំលោះអភ័ព្វរូបនេះបានបាត់បង់ជីវិតចាកចោលភរិយាជាទីស្រលាញ់ ទៅកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដោយសារជំងឺប្រចាំកាយ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Khe Khe ដែលត្រូវជាសាច់ញាតិរបស់កូនកំលោះអភ័ព្វខាងលើ បានបង្ហោះសាររៀបរាប់ទាំងទុក្ខសោកថា “សូមបងទៅឱ្យបានសុខណា៎ បើមានជាតិក្រោយកុំឱ្យបងអាយុខ្លីចឹងទៀត? បងទៅឱ្យស្ងប់ចុះណា៎ ពួកខ្ញុំជួយចាំមើលថែ Awin Awin ឱ្យបង បងបានធ្វើគ្រប់យ៉ាងអស់ហើយ ហេតុអីក៏បងមិននៅបំពេញតួនាទីជាប្តីដ៏ល្អចឹងបង? ម៉េចក៏ដាច់ចិត្តម៉េស? ចំណងដៃមិនទាន់នឹងកាត់ទេ រោងការមិនទាន់រៀបចំហើយអស់ផង បែរជាមកត្រូវមានរោងបុណ្យទៅវិញ បងទៅរហូតហើយបែកគ្មានថ្ងៃជួប…”។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបន្តថា “ស៊ូជាមួយគ្នាទម្រាំបានរៀបការ ហើយហេតុអ្វីមច្ចុរាជមកផ្តាច់យកគាត់ចេញពីជីវិតពួកម៉ាក ខ្ញុំ Awin Awin ខ្សែអំបោះមិនទាន់កាត់ចេញពីដៃផង ហេតុអ្វីហេតុអ្វីទទួលយកមិនបានទេ រៀបការួចមិនបានពីរថ្ងៃផង ក្លាយជារោងសពទៅវិញ…”។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Sok Sokun ដែលជាមិត្តភក្តិរួមការងារជាមួយកូនកំលោះអភ័ព្វខាងលើបានបង្ហោះសារថា  “Sin Sokheng Hea Kheng យើងបានឆ្លងកាត់រឿងជាមួយគ្នាច្រើនណាស់ ពេលលំបាក ពេលសប្បាយ ពេលតស៊ូ តាំងពីនៅសាលារហូតមកបានបម្រើការងារ ប្រៀបដូចបងប្អូន ពេលនេះចាកចេញទៅភ្លាមៗ ខ្ញុំស្ទើរតែមិនជឿ សំខាន់ទើបរៀបការបានតែមួយថ្ងៃសោះ សូមឱ្យខេង បានទៅកាន់សុគតិភព កើតជាតិក្រោយអាយុវែងជាងនេះ ហើយបើអាចយើងបានការពារ បម្រើជាតិជាមួយគ្នាទៀត…”។

ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chea Vey បានរៀបរាប់ថា “ខ្ញុំនិយាយអ្វីលែងចេញ ខ្ញុំពិតជាសោកស្តាយណាស់ មិនគួរណាបងជួបរឿងបែបនេះសោះ ទើបតែការបានមួយថ្ងៃ សូមបងទៅឱ្យបានសុខ Hea Kheng…”។

ជាមួយនេះ តាមការឆ្លើយតបនៅក្នុងខមិនមិត្តភក្តិរបស់បុរសអភ័ព្វខាងលើ បានបញ្ជាក់ប្រាប់ថា មិត្តភក្តិរបស់គាត់ (ស៊ិន សុខេង) បានបាត់បង់ជីវិតដោយសារអាការជំងឺប្រចាំកាយ ដោយកន្លងមក កាលពីរយៈពេល៣-៤ខែមុន គាត់ធ្លាប់ធ្លាយក្រពះម្តងរួចមកហើយ និងថែមទាំងមានជំងឺរលាកទងសួតទៀតផង។

យ៉ាងណាក្តី ជុំវិញករណីខាងលើនេះ គេឃើញបងប្អូន សាច់ញាតិ មិត្តភក្តិ ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហាញនូវអារមμណ៍រន្ធត់ចិត្ត និងអាណិតអាសូរជាខ្លាំងចំពោះក្រុមគ្រួសារសព ពិសេសភរិយាថ្មោងថ្មីនៃសពដែលទើបនឹងរៀបការ រំពឹងថា រួមរស់នឹងគ្នាដោយសុភមង្គលដល់ចាស់កោងខ្នង បែរជាមកជួបរឿងអកុសលបែបនេះទៅ វិញ៕

RELATED ARTICLES