Wednesday, April 24, 2024
Homeតារាខ្មែរលោកគួច ខេវិន ប្រតិកម្មអ្នកពាក់ស្រោមតារា ចំអកឲ្យអ្នកសិល្បៈ

លោកគួច ខេវិន ប្រតិកម្មអ្នកពាក់ស្រោមតារា ចំអកឲ្យអ្នកសិល្បៈ

ខណៈដែលជំងឺកូវីដ-១៩ កំពុងតែជាក្ដីបារម្ភរបស់មនុស្សជាតិទូទាំងពិភពលោក និងពេលនេះបានរាលដាលមកដល់កម្ពុជា ទៅហើយ ក្នុងនោះមានតារាល្បីៗបានបរិច្ចាគថវិកាដល់រដ្ឋាភិបាល ជាបន្ដបន្ទាប់ ដើម្បីទប់ស្កាត់ជំងឺនេះ ស្រាប់តែមានមនុស្សមួយចំនួន មិនមែនជាអ្នកសិល្បៈផង បានចេញមុខមកចំអកឲ្យតារាទៅវិញ ទើបធ្វើឲ្យមានភាពចម្រូងចម្រាសមួយចំនួនបានកើតឡើង។

ស្របពេលដែលរឿងរបស់តារាកាន់តែស្មុគស្មាញបែបនេះ អ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ លោកគួច ខេវិន បានចេញមកប្រតិកម្មចំពោះអ្នកពាក់ស្រោមតារា ចំអកឲ្យអ្នកសិល្បៈ ដោយមិនបានគិតថា ខ្លួនឯងជាអ្នកណានោះ?

លោកខេវិន បង្ហោះសារថា ”គុណតម្លៃដ៏អស្ចារ្យ ថ្លៃថ្លាបំផុតរបស់មនុស្សគ្រប់រូប មិនថាចំពោះនាម៉ឺនសព្វមុខមន្រ្ដី សេដ្ឋី ឧកញ៉ា ពួកតារា ឬអ្នកសិល្បៈនោះឡើយ នោះអំពើ ”សប្បុរសធម៌” ការបរិច្ចាគនូវលុយកាក់ ទ្រព្យធន និងបរិក្ខារនានាឲ្យទៅបុគ្គល ឬក៏ទៅដល់សង្គមក្ដី វាអាស្រ័យទៅលើសេចក្ដីសប្បុរសរបស់បុគ្គលិកនីមួយៗ ឬមនុស្សម្នាក់ៗ ដោយមិនអាចមិនអាចបង្ខិតបង្ខំបានឡើយ”។

លោកខេវិន បន្តថា “កាលៈទេសៈដែលស្រុកទេសជួបប្រះនូវជំងឺអាសន្នរោគកូវីដ-១៩ ប្រជាជនត្អូញត្អែរពីប្រាក់ចំណូលក្នុងមុខរបររកស៊ី តារាក្នុងសង្គមសិល្បៈមួយចំនួនតូច ក៏ត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូលក្នុងអាជីពរបស់ខ្លួន! មានការរិញគន់ពេបជ្រាយពីសំណាក់មហាជនតិចតួចចំពោះតារាខ្លះៗ ហើយក៏មានមនុស្សធម្មតាពាក់ស្រោមតារា ពាក់ស្បែកសិល្បៈ មករិះគន់ចំអកចំអន់អ្នកសិល្បៈ ទាំងមិនប្រើវិចារណញ្ញាណឲ្យបានត្រឹមត្រូវ ដែលមិនត្រឹមតែធ្វើខ្លួនឲ្យមានតម្លៃ ប៉ុន្តែបែរជាធ្វើឲ្យខ្លួនឯងកាន់តែថោកទាបទៅវិញ”។

លោកគួច ខេវិន បន្ថែមថា “គេមិនអាចវាយតម្លៃចំពោះទូទៅ ឬនៅលើអ្នកសិល្បៈតែសំបកខាងក្រៅនោះទេ តែគួរគប្បីវាយតម្លៃទៅលើ​ ”ធាតុពិត” របស់ពួកគេទើបត្រឹមត្រូវ។ នៅក្នុងសង្គមស៊ីវីល័យ មិនខ្វះទេអ្នកសម្ញែងឡាន វីឡា តែការប្រាក់នៅធនាគារកំពុងកើនវណ្ឌក ពេលខ្លះអ្នកក៏គួរគិតថា មិនគួរណារចង់អារកខ្យង ដើម្បីសម្រក់ឈាមនោះទេ”។

អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបន្ថែមពីលោកគួច ខេវិន ចំពោះសារដែលលោកបញ្ចេញនោះបានឡើយ ហេតុនេះទើបមិនអាចបញ្ជាក់ឲ្យបានច្បាស់ថា លោកចង់និយាយសំដៅលើបុគ្គលណាដែលពាក់ស្រោមតារា ប៉ុន្តែប្រឹងចំអកឲ្យអ្នកសិល្បៈ​និងខ្លឹមសារសំខាន់នៃសារដែលថា ”អារកខ្យង សម្រក់ឈាម” នោះ៕

RELATED ARTICLES