Saturday, April 20, 2024
Homeព័ត៌មានជាតិសង្ស័យរត់តាមសង្សារចាស់ ពេលមានរថយន្ត១គ្រឿង ដឹកនាងទៅ

សង្ស័យរត់តាមសង្សារចាស់ ពេលមានរថយន្ត១គ្រឿង ដឹកនាងទៅ

ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេងរូបស្រស់ដែលត្រូវក្រុមគ្រួសារអះអាងថា ត្រូវបានមនុស្សប្រុសចាប់ដាក់ឡានដឹកយកទៅបាត់តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា អាចរត់ទៅតាមសង្សារចាស់របស់នាង ខណៈដែលនាងជិតដល់ថ្ងៃចូលរោងការជាមួយគូដណ្តឹងទៅហើយ។

នារីរូបស្រស់ដែលត្រូវគ្រួសារអះអាងថា មានគេចាប់ដាក់ឡាន មានឈ្មោះអឿន ស្រីនិច អាយុ២៤ឆ្នាំ មុខរបរជាជំនួយការស្មៀន ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ នារីរូបនេះគឺជាកូនកំព្រា សព្វថ្ងៃស្នាក់នៅជាមួយម្តាយមីងក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានព័ត៌មានពីការបាត់ខ្លួនរបស់នារីរូបស្រស់ខាងលើភ្លាម សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវនិងសាកសួរពីប្រភពនានា រួមទាំងសាច់ញាតិមិត្តភក្តិរបស់នារីរងគ្រោះផងដែរ។

បុរសជាសង្សារចាស់

ជាលទ្ធផល សមត្ថកិច្ចបានដឹងថា នារីរងគ្រោះឈ្មោះអឿន ស្រីនិច ធ្លាប់មានសង្សារឈ្មោះសៀន ភារ័ត្ន អាយុ២៥ឆ្នាំ តែមួយរយៈមុននេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នាងបែរជាបានទៅភ្ជាប់ពាក្យជាមួយគូដណ្តឹងឈ្មោះគុណ សារ៉ាក អាយុ២៤ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ទៅវិញ ហើយគ្រោងនឹងរៀបការជាមួយគ្នានៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះទៀតផង។

ទោះយ៉ាងណា សមត្ថកិច្ចបានដាក់ការសង្ស័យថា ការបាត់ខ្លួនរបស់នារីរងគ្រោះខាងលើអាចជាប់ពាក់ព័ន្ធទៅនឹងអតីតសង្សាររបស់នាង ឈ្មោះសៀន ភារ័ត្ន ហេតុនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកនារីរងគ្រោះ និងបុរសជាអតីតសង្សាររូបនោះ ដើម្បីនាំយកមកសាកសួរ។

គួររំលឹកថា កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយក្រុមគ្រួសាររបស់នារីវ័យក្មេងរូបស្រស់ម្នាក់បានអះអាងថា នារីរូបស្រស់ឈ្មោះអឿន ស្រីនិច ត្រូវបានមនុស្សប្រុសចាប់ដាក់ឡានដឹកយកទៅបាត់ មិនដឹងទៅដល់ណានិងមានសុខទុក្ខយ៉ាងណា ខណៈដែលនាងកំពុងជិះម៉ូតូយកអីវ៉ាន់អនឡាញទៅឱ្យគេ។

តាមប្រភពពីសាច់ញាតិរបស់នារីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ឱ្យដឹងថា នារីរងគ្រោះខាងលើ បានបាត់ខ្លួន ខណៈដែលនាងបានជិះម៉ូតូចេញពីផ្ទះយកឥវ៉ាន់អនឡាញទៅឱ្យគេ លុះពេលត្រឡប់មកផ្ទះវិញជិះម៉ូតូតាមផ្លូវក៏ស្រាប់តែមានរថយន្ត១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានបើកមកកាក់ពីមុខ រួចចុះមកចាប់អូសនារីរងគ្រោះបញ្ចូលក្នុងរថយន្ត រួចបើកចេញទៅបាត់យ៉ាងឆាប់រហ័ស មិនដឹងទៅដល់ទីណា ដោយបន្សល់ទុកម៉ូតូរបស់នារីរងគ្រោះនៅនឹងកន្លែង ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាពនារីរងគ្រោះយ៉ាងខ្លាំង ប៉ុន្តែទោះជាព្យាយាមដើរស្វែងរកអស់រយៈពេល២ថ្ងៃមកហើយ ក៏នៅតែមិនទាន់ទទួលបានដំណឹងអ្វីនៅឡើយ។

នាងអឿន ស្រីនិច និងគូដណ្តឹង ក្នុងថ្ងៃភ្ជាប់ពាក្យ

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Srey Khouch ដែលអះអាងថា ត្រូវជាបងស្រីជីដូនមួយរបស់នារីរូបស្រស់ដែលបាត់ខ្លួនបានបង្ហោះរូបថតនារីរងគ្រោះចំនួន៣សន្លឹក កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ អមដោយសាររៀបរាប់ថា “ខ្ញុំបានបាត់ប្អូនស្រីជីដូនមួយម្នាក់នេះត្រូវបានគេចាប់ដាក់ឡានពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៦ជាងល្ងាច រហូតមកដល់ពេលនេះហើយគ្មានតម្រុយអ្វីសោះ បើសិនជាមានបងប្អូនបានឃើញរូបប្អូនស្រី ដែលមានភិនភាគដូចខាងលើនេះ សូមជួយទាក់ទងមកលេខ ០១៦ ២៩ ៧១ ៥៩ ផង ឬឆាតមកក៏បាន សូមឱ្យបងប្អូនជួយស៊ែរម្នាក់មួយផង ដើម្បីឱ្យជួយរកប្អូនខ្ញុំឃើញផងចុះ សូមជួយស៊ែរម្នាក់មួយផងបងប្អូន…”។

ជាមួយនេះ ម្ចាស់គណនី Srey Khouch ខាងលើ ក៏បានឆ្លើយតបទៅនឹងការឆាតសួរពីមិត្តភក្តិ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផងដែរថា “បងអត់ដឹងទេអូន ប្អូនបងជិះម៉ូតូយកអីវ៉ាន់អនឡាញឱ្យគេមកវិញមានឡានកាត់មុខម៉ូតូចាប់មនុស្សយកទៅបាត់ ទុកម៉ូតូនៅហ្នឹង…”។

ម្ចាស់គណនីមួយនេះបានបន្តថា “ខ្ញុំអត់នៅក្នុងហេតុការណ៍ហ្នឹង ប៉ុន្តែប្អូនខ្ញុំ អ្នកខលមកនិយាយប្រាប់ថាអ៊ីចឹង មានមនុស្ស នៅក្នុងហេតុការណ៍នឹងនិយាយប្រាប់…៕

RELATED ARTICLES