Friday, April 19, 2024
Homeព័ត៌មានជាតិដេកលក់លើកង់៣ ស្រាប់តែទាញទូរស័ព្ទចេញពីចង្កេះគាត់តែម្តង

ដេកលក់លើកង់៣ ស្រាប់តែទាញទូរស័ព្ទចេញពីចង្កេះគាត់តែម្តង

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីហូបបាយរួចក៏បានដេកលង់លក់នៅលើម៉ូតូកង់បី ស្រាប់តែមានជនសង្ស័យម្នាក់មកលួចយកទូរស័ព្ទដៃពីចង្កេះ ត្រូវជនរងគ្រោះភ្ញាក់ដឹងខ្លួនស្រែកផ្អើលដល់សន្តិសុខឃាត់ចាប់បានប្រគល់ឱ្យនគរបាល។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅចំណុចបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះឈ្មោះពេជ ច័ន្ទវាសនា ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។

ចំណែកជនសង្ស័យឈ្មោះង៉ែត បូរី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ធ្លាប់ប្រើប្រាស់គ្រឿងញៀន២ឆ្នាំ ឃាត់ខ្លួនពីបទលួច និងដកហូតបានវត្ថុតាងទូរស័ព្ទអាយហ្វូន ចំនួន២គ្រឿងរបស់ជនរងគ្រោះប្រគល់ឱ្យម្ចាស់វិញ។

បើតាមប្រភពព័ត៌មានពីលោកសាល សន្តោស នាយប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមកកោះពេជ្រ អង្គុយហូបបាយក្រោមដើមឈើហើយដោយខ្យល់បក់ត្រជាក់ស្រួលហូបបាយថ្ងៃត្រង់ហើយ ក៏សម្រាកនៅលើម៉ូតូកង់បីរបស់ក្រុមហ៊ុន ស្រាប់តែមានជនសង្ស័យមិនដឹងដើរមកពីណាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃចេញពីស្រោម ដែលជនរងគ្រោះដាក់ជាប់នឹងចង្កេះចំនួន២គ្រឿង តែត្រូវជនរងគ្រោះបានដឹងខ្លួនទាន់ក៏ស្រែកផ្អើល ជនសង្ស័យរត់គេច ទើបសន្តិសុខក្នុងកោះពេជ្រ ដេញចាប់បានប្រគល់ឱ្យនគរបាលតែម្តង។

ជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍នាំយកទៅសាកសួរ ហើយបានទទួលស្គាល់ថា ខ្លួនគេពិតជាលួចទូរស័ព្ទជនរងគ្រោះប្រាកដមែន។ វត្ថុតាងទូរស័ព្ទ២គ្រឿង ត្រូវបានប្រគល់ឱ្យទៅម្ចាស់វិញ។

ចំណែកជនសង្ស័យនគរបាលបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES