Friday, April 19, 2024
Homeព័ត៌មានជាតិទាល់តែម្តាយសន្យាថា មិនយកទៅកន្លែងមួយនេះ ទើបគាត់ព្រមស្តាប់

ទាល់តែម្តាយសន្យាថា មិនយកទៅកន្លែងមួយនេះ ទើបគាត់ព្រមស្តាប់

ភ្នំពេញ ៖ យុវជនម្នាក់បានលួចគាស់ទូលួចលុយម្តាយ លុះម្តាយមកទាន់ស្តីបន្ទោស២-៣ម៉ាត់ និងព្រមានថានឹងប្តឹងប៉ូលិសចាប់ ស្រាប់តែកូនប្រុសឈឺចិត្តស្អិតទ្រូងផង ខ្លាចប៉ូលិសចាប់ផង ក៏រត់ឡើងទៅលើដំបូលផ្ទះប្រុងលោតសម្លាប់ខ្លួន។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅម្តុំផ្សារក្រមួន ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

យុវជនដែលប៉ុនប៉ងលោតសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះផាន់ សុផារ៉ា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយយុវជនដែលប៉ុនប៉ងសម្លាប់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរូបនេះ ធ្លាប់ត្រូវបានក្រុមគ្រួសារយកទៅដាក់មណ្ឌលកែប្រែម្តងរួចមកហើយ តែដោយសារតែការអង្វររបស់កូនថា សុំចេញមកវិញ និងប្តេជ្ញាកែខ្លួនជាមនុស្សល្អ ទើបក្រុមគ្រួសារបានយកចេញពីមណ្ឌលកែប្រែវិញ។

ស្ត្រីជាម្តាយរូបនេះបន្តថា លុះមកដល់ថ្ងៃកើត កូនប្រុសរូបនេះបានធ្វើសកម្មភាពលួចគាស់ទូលួចលុយរបស់គាត់ជាម្តាយចំនួន១៥០ដុល្លារ និងត្រូវគាត់មកឃើញទាន់ បានស្តីបន្ទោសរួចព្រមានថា នឹងប្តឹងឱ្យប៉ូលិសមកចាប់យកទៅដាក់មណ្ឌលកែប្រែម្តងទៀត។

ស្ត្រីជាម្តាយបន្ថែមថា លុះឮបែបនេះធ្វើឱ្យគេតូចចិត្តផងភ័យផង ក៏បានឡើងលើដំបូលផ្ទះប្រជាពលរដ្ឋក្បែរនោះ ដោយយករណាអារដែកមួយសៀតនិងចង្កេះ រួចគំរាមថានឹងលោតសម្លាប់ខ្លួន ទើបក្រុមគ្រួសារបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះទៅជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការលួងលោមឱ្យយុវជនខាងលើចុះមកក្រោមវិញ ដោយសន្យាថាមិនយកទៅដាក់មណ្ឌលកែប្រែទេ ទើបយុវជនរូបនោះទន់ចិត្តព្រមចុះមកក្រោមវិញ ហើយក៏ត្រូវសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីធ្វើការណែនាំអប់រំបន្ត៕

RELATED ARTICLES