Friday, April 26, 2024
Homeព័ត៌មានជាតិពួកគាត់មកប្តឹងប៉ូលិសទាំងស្តាយ និងអាណិតកូនជាខ្លាំង

ពួកគាត់មកប្តឹងប៉ូលិសទាំងស្តាយ និងអាណិតកូនជាខ្លាំង

ភ្នំពេញ ៖ បុរសម្នាក់ទើបចេញពីធ្វើការយប់ជិះម៉ូតូតែម្នាក់ឯងសំដៅទៅផ្ទះវិញ លុះជិតដល់ផ្ទះទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់បានធ្វើសកម្មភាពយកដំបងវាយសំពង បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួសធ្ងន់ ហើយភ្លាមនោះជនសង្ស័យបានប្លន់យកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីវ៉ៃប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងជាប់ផ្លូវរថភ្លើង ត្រង់ចំណុចទល់មុខវត្តតាំងកសាង ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះស៊ិន ម៉ៃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាអ្នកបើករថយន្ត រស់នៅភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1ID-3086។ រីឯក្រុមជនសង្ស័យជាចោរប្លន់មានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណ។

តាមប្រភពពីម្តាយរបស់ជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់បានជិះម៉ូតូចេញពីកន្លែងធ្វើការនៅឯខណ្ឌសែនសុខ ក្នុងគោលបំណងត្រឡប់មកផ្ទះវិញនៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីជាម្តាយបន្ថែមថា លុះមកដល់កន្លែងកើតហេតុ ជិតដល់ផ្ទះទៅហើយ ក៏ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម (មិនចាំស្លាកលេខ) ធ្វើសកម្មភាពប្លន់ដោយ ជនសង្ស័យម្នាក់ជិះពីក្រោយបានយកដំបងមកវាយចំកណ្តាលខ្នងជនរងគ្រោះ បណ្តាលឱ្យដួលម៉ូតូ ភ្លាមៗនោះដោយសារជនរងគ្រោះស្តាយម៉ូតូរបស់ខ្លួន ក៏យកដុំថ្មគប់ទៅជនសង្ស័យវិញ បន្ទាប់មកជនសង្ស័យក៏យកដំបងគប់បន្ថែមទៀត ហើយលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងជនរងគ្រោះរួចហើយ សមត្ថកិច្ចប៉ុស្តិ៍កាកាបទី១ បានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យខាងលើ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់៕

RELATED ARTICLES