Friday, April 19, 2024
Homeព័ត៌មានជាតិស្នេហ៍៨ឆ្នាំ នារីម្នាក់ចេញមុខទម្លាយជាមួយកូនស្រីនាយត្រដក់

ស្នេហ៍៨ឆ្នាំ នារីម្នាក់ចេញមុខទម្លាយជាមួយកូនស្រីនាយត្រដក់

ភ្នំពេញ ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលករណីនារីមេម៉ាយម្នាក់ជាកូនស្រីតារាកំប្លែងជើងចាស់នាយត្រដក់ អ្នកស្រីស្រីទូច បានចងកសម្លាប់ខ្លួននៅផ្ទះសំណាក់នោះ ស្រាប់តែមាននារីម្នាក់បានចេញមុខទម្លាយពីទំនាក់ទំនងស្នេហ៍៨ឆ្នាំជាមួយនារីរងគ្រោះដែលជាកូនស្រីនាយត្រដក់ ដោយទួញយំស្តាយស្រណោះអាឡោះអាល័យថា “ហេតុអីអូនដាច់ចិត្តម៉្លេះ ទៅចោលបង មិនអាណិតបងសោះ និយាយគ្នា ហើយថាកាន់ដៃបងទៅមុខជាមួយគ្នា មិនចោលបងទេ តែពេលនេះអូនកុហកបង ទៅចោលបង បងពិបាកទទួលយកណាស់អូន…”។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នារីម្នាក់ឈ្មោះប៊ុន ឡានីន អាយុជាង៣០ឆ្នាំ បានបង្ហោះរូបពិធីបុណ្យសពនាងវ៉ាន់ ដានីត ហៅ ស្រីពេជ្រ ឬស្រីពៅ ជាមួយសំណេរថា “ដាច់ចិត្តម៉្លេះអូន ហេតុអីដាច់ចិត្តទៅចោលបង មិនអាណិតបងសោះចឹង និយាយគ្នាហើយថា កាន់ដៃបងទៅមុខជាមួយគ្នា មិនចោលបងទេ តែពេលនេះអូនកុហកបង ទៅចោលបង មានដឹងអត់ថាបងពិបាកប៉ុនណា បងពិបាកទទួលយកណាស់អូន ហេតុអីអូនធ្វើចឹង រយៈពេល៨ឆ្នាំជាងហើយដែលយើងស៊ូជាមួយគ្នា មិនថាមានរឿងអី ឧបសគ្គអី ក៏ស៊ូឆ្លងជាមួយគ្នាដែរ បងទទួលយកមិនបានទេអូន”។

នារីដដែល បានសរសេរបន្ថែមថា “បានត្រឹមតែកំដររូបថត លែងបានជួបមុខអូនហើយ អូនអើយ លែងមានអ្នកនៅក្បែរបងហើយអូន”។

ដោយឡែក នៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ នារីឈ្មោះប៊ុន ឡានីន បានបង្ហោះរូបថតសពកូនស្រីនាយត្រដក់ ដែលកំពុងតម្កល់ធ្វើបុណ្យនៅវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ជាមួយសំណេរថា “នឹកអូនខ្លាំងណាស់ ត្រលប់មករកបងវិញមកអូន”។

នារីដដែលបានសរសេរបន្ថែមទៀតថា “សូមវិញ្ញាណក្ខន្ធអូនវ៉ាន់ ដានីត (ហៅស្រីពេជ្រ) អញ្ជើញមកទទួលទានបាយថ្ងៃត្រង់ណា៎អូនណា បងនៅកំដរអូនណា ហើយសូមឱ្យអូនទៅកាន់សុគតិភពណា៎ សូមឱ្យកុសលផលបុណ្យ ដែលបងបានធ្វើទាំងប៉ុន្មាន សូមឱ្យបានទៅដល់អូន កើតជាតិណាៗ ឱ្យអូនមានសម្រស់ស្អាត មានទ្រព្យហូរហៀរ ហើយមានអាយុវែងណា៎អូនណា”។

ទោះជាយ៉ាងណា ជុំវិញសំណេររបស់នារី ខាងលើ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ពីនារីឈ្មោះប៊ុន ឡានីន នោះបានទេថា នាងមានទំនាក់ទំនងបែបណាជាមួយនារីរងគ្រោះវ៉ាន់ ដានីត ហៅស្រីពេជ្រ នោះ បើទោះបីជាមិត្តភក្តិពួកគេមួយចំនួនបានបង្ហើបថា ពួកគេជាគូស្នេហ៍ភេទដូចគ្នាក៏ដោយ។

ចំណែកក្រុមគ្រួសារនារីរងគ្រោះក៏មិនអាចទាក់ទងសុំការបញ្ជាក់បានដែរ ខណៈពួកគាត់កំពុងជាប់រវល់រៀបចំពិធីបុណ្យសពនៅវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក។

គួរបញ្ជាក់ថា កូនស្រីពៅរបស់នាយត្រដក់ និងអ្នកស្រីស្រីទូច ដែលធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននោះ មានឈ្មោះវ៉ាន់ ដានីត ហៅស្រីពៅ ឬស្រីពេជ្រ ភេទស្រី អាយុ៣២ឆ្នាំ (មេម៉ាយមានកូនស្រីម្នាក់អាយុ៣ឆ្នាំ) មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ០៩E1 ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមរំលឹកថា កាលពីម៉ោង១រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានករណីនារីម្នាក់ជាកូនស្រីតារាកំប្លែងជើងចាស់ នាយត្រដក់ អ្នកនាងស្រីទូច  បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅផ្ទះសំណាក់ “អាស៊ាន” ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧ (ម្តុំវត្តភ្នំ) សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះខាងលើជាស្ត្រីមេម៉ាយ ហើយបន្ទាប់ពីបានលែងលះគ្នាជាមួយស្វាមី នារីរូបនេះខូចចិត្តជាខ្លាំង នៅរាល់ពេលពិបាកចិត្ត នាងតែងតែពិសាស្រា និងធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនម្តងជាពីរដងរួចមកហើយ ដោយលេបថ្នាំសម្លាប់ខ្លួន តែសំណាងល្អត្រូវបានក្រុមគ្រួសារប្រទះឃើញនិងជួយទាន់ ទើបមិនគ្រោះថ្នាក់ដល់ជីវិត។

លុះមកដល់យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២០ នារីរងគ្រោះបានចាកចេញពីផ្ទះជិះម៉ូតូកង់បី មកជួលបន្ទប់លេខ០៧ ផ្ទះសំណាក់ខាងលើ សម្រាប់ស្នាក់នៅ។

រហូតដល់វេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២០ ដោយសារតែខាងផ្ទះសំណាក់ មិនឃើញនារីរងគ្រោះចុះមកក្រោម ទើបបុគ្គលិកផ្ទះសំណាក់បានឡើងទៅគោះទ្វារ តែមិនឮការ ឆ្លើយតបនោះទេ ក៏សម្រេចគាស់ទ្វារមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះបានចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ។

បន្ទាប់មក ខាងផ្ទះសំណាក់ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុតែម្តង៕

ខៀវទុំ

RELATED ARTICLES