Saturday, April 20, 2024
Homeព័ត៌មានជាតិស្រែកយំឲ្យអស់ចិត្ត ក្រោយពេលគាត់ជួបប្រុស២នាក់ តាមផ្លូវ

ស្រែកយំឲ្យអស់ចិត្ត ក្រោយពេលគាត់ជួបប្រុស២នាក់ តាមផ្លូវ

ភ្នំពេញ ៖ លុយចំណងដៃនិងគ្រឿងអលង្ការសរុបជិត១ម៉ឺនដុល្លារ ដែលទើបនឹងកាត់ចំណងដៃការបងប្អូនបានទុកក្នុងកាបូបស្ពាយ ខណៈកំពុងជិះម៉ូតូតាមផ្លូវក៏ត្រូវជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់បានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាង ឡើយ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ៦៦៤ ខាងក្រោយសាលាជា ស៊ីម សាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះឡឹក ឆូវី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ពីរនាក់បងប្អូនជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CN-8078 ចេញពីកន្លែងស្នាក់នៅ មកលេងផ្ទះប្អូននៅចំណុចស្តុបកោសដូង តាមបណ្តោយផ្លូវលេខ២៣០ ក្នុងសង្កាត់បឹងសាឡាង តាំងពីក្បាលព្រលប់។

ស្ត្រីរងគ្រោះបន្តថា លុះដល់ម៉ោង១០យ់ប់ ក៏បានចេញពីផ្ទះបងប្អូនវិញ ដោយប្អូនស្រីជាអ្នកឌុប រូបគាត់អង្គុយខាងក្រោយ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៦៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿង មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពឆក់កាបូបស្ពាយដែលគាត់ដាក់នៅខាងមុខ និងអង្គុយពីក្រោយ បានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចឡើយ។

ជនរងគ្រោះបន្ថែមថា កាបូបដែលចោរឆក់យកទៅបាត់នោះមានលុយសុទ្ធចំនួន៧ពាន់ដុល្លារ គ្រឿងអលង្ការខ្សែក ចិញ្ចៀន ខ្សែដៃ និងទូរស័ព្ទ២គ្រឿងទៀត សរុបទាំងអស់ជិត១ម៉ឺនដុល្លារ បន្ទាប់មករូបគាត់ទាំងពីរនាក់បានជិះម៉ូតូត្រឡប់មកផ្ទះបងប្អូនវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទាំង២នាក់បងប្អូនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង និងឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹង ងាយស្រួលសមត្ថកិច្ចស្រាវជ្រាវស្វែងរកជនសង្ស័យដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES