Thursday, April 25, 2024
Homeព័ត៌មានជាតិអន្ទិតកក្កដា សុភ័ណ្ឌ សឹកបាន៨ខែ ទម្លាយប្រុសលង់ស្នេហ៍ សុំរៀបការ

អន្ទិតកក្កដា សុភ័ណ្ឌ សឹកបាន៨ខែ ទម្លាយប្រុសលង់ស្នេហ៍ សុំរៀបការ

ភ្នំពេញ ៖ អន្ទិតកក្កដា សុភ័ណ្ឌ អតីតសង្ឃគង់នៅវត្តនាគវ័ន បាន៨ខែ នៅបន្តសកម្មភាពជួយសង្គមនោះបានទម្លាយរឿងពិតផ្ទាល់ខ្លួនថា មានប្រុសម្នាក់ (ស្រីតែងខ្លួនជាប្រុស) បានសុំលោករៀបការ។

លោកកក្កដា សុភ័ណ្ឌ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ថា “ថ្ងៃនេះសំណាងណាស់ ខ្ញុំបាន Idol ឆាតមកសុំរៀបការមួយ”។

ភ្ជាប់ជាមួយសំណេរនោះ លោកកក្កដា សុភ័ណ្ឌ ក៏បានបង្ហោះសារឆ្លើយឆ្លងគ្នានៅក្នុងឆាត ដែលដំបូងនោះ ស្រីតែងខ្លួនជាប្រុសឈ្មោះសុខា នោះ បានសរសេរមកលោកកក្កដា សុភ័ណ្ឌ ថា “សួស្តីអូនសម្លាញ់”។ លោកកក្កដា សុភ័ណ្ឌ ក៏ផ្ញើរូបបេះដូងទៅវិញ។ ស្រីតែងខ្លួនជាប្រុសនោះ ក៏សរសេរមកសុំស្នេហ៍តែម្តងថា “រៀបការជាមួយបងបានអត់?” ព្រមទាំងប្រាប់លេខទូរស័ព្ទឱ្យលោកកក្កដា សុភ័ណ្ឌ ទាក់ទងទៀតផង។ អន្ទិតកក្កដា សុភ័ណ្ឌ សរសេរតបថា “សុំគិតមើលសិនបង” ទើបប្រុសក្លែងភេទនោះបានសរសេរថា “ហ្នឹងបងរង់ចាំចម្លើយ”។

អន្ទិតកក្កដា សុភ័ណ្ឌ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ថា វាពិតជារឿងចម្លែកណាស់ដែលមានប្រុស (ស្រីតែងខ្លួនជាប្រុស) មកសុំលោករៀបការបែបនេះ ប៉ុន្តែការដែលលោកឆ្លើយថា សុំគិតមើលសិន គ្រាន់តែជាលក្ខណៈលេងសើចប៉ុណ្ណោះ បើទោះបីបុគ្គលនោះមានបំណងពិតប្រាកដមកលើលោកក៏ដោយ។

លោកកក្កដា សុភ័ណ្ឌ បញ្ជាក់ថា “ហ្នឹងហើយ! ឃើញគាត់ឆាតមកសុំរៀបការអ៊ីចឹង មិនដឹងគាត់និយាយលេងឬគាត់និយាយមែន ប៉ុន្តែនៅក្នុងហ្វេសប៊ុក គឺអាខោនផ្ទាល់ខ្លួន គាត់ឆាតមករកខ្ញុំៗក៏និយាយលេងសើចជាមួយគាត់ថា សុំគិតមើលអ៊ីចឹង ព្រោះដោយសារអី? ខ្ញុំអត់ទាន់ចង់បានអីផង”។

លោកសុភ័ណ្ឌ បន្តថា “កន្លងមកគាត់មិនដែលទាក់ទងមកខ្ញុំទេ ទើបតែឃើញពីម្សិលមិញទេ ដែលគាត់ឆាតមកខ្ញុំ គឺយើងអត់ដែលស្គាល់គ្នា។ ដូច្នេះពេលដែលឃើញឆាតបែបហ្នឹង ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើល។ គាត់ជាមនុស្សស្រីតែងខ្លួនធ្វើប្រុស ដូច្នេះជាការអស់សំណើចមួយ ព្រោះខ្ញុំអត់ដែលបានជួបមនុស្សអ៊ីចឹង ទើបអត់ហ៊ាននិយាយលេងសើចជាមួយគាត់ច្រើន។ ដូច្នេះសុំផ្តាំទៅគាត់ថា ខ្ញុំអត់អាចទទួលយកគាត់បានទេ សង្ឃឹមថា គាត់នឹងបានទទួលនូវអ្វីដែលខ្ញុំបានបញ្ជាក់នេះ”។

ដោយឡែក ស្រីតែងខ្លួនជាប្រុសឈ្មោះសុខា នោះ ”នគរធំ” បានព្យាយាមទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញរឿងឆាតសុំអន្ទិតកក្កដា សុភ័ណ្ឌ រៀបការនេះដែរ កាលពីម្សិលមិញ តែគេសុំមិនឆ្លើយតបទេ ដោយយកលេសថា ជាប់រវល់ រួចក៏បិទទូរស័ព្ទទៅតែម្តង។

គួរបញ្ជាក់ថា អន្ទិតកក្កដា សុភ័ណ្ឌ បានសឹកពីព្រះសង្ឃ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៩ ដែលគិតមកដល់ពេលនេះបានជាង៨ខែហើយ។ ក្នុងរយៈពេលជិត១ឆ្នាំ ក្នុងភេទជាមនុស្សធម្មតានេះ លោកកក្កដា សុភ័ណ្ឌ ប្រាប់ថា ក្រៅពីប្រកបរបររកស៊ី ជាពិសេសលក់ផលិតផលតាមអនឡាញ លោកនៅតែឆ្លៀតជួយផ្តល់អំណោយសប្បុរសធម៌ដល់ចាស់ជរា កុមារកំព្រា ជនពិការ ទៅតាមលទ្ធភាព ដូចដែលលោកធ្លាប់បានធ្វើកាលនៅគ្រងស្បង់ចីវក្នុងភេទសង្ឃដដែល៕

កុលបុត្រ

RELATED ARTICLES