Saturday, April 20, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា មានពេលច្រើន មើលថែទាំកូន

ឱក សុគន្ធកញ្ញា មានពេលច្រើន មើលថែទាំកូន

តារាចម្រៀងឱក សុគន្ធកញ្ញា បានបង្ហាញរូបភាពកាន់តែច្រើនពីការថ្នាក់ថ្នមកូនប្រុស អ៊ឹង បញ្ញាបុត្រ ហៅឆាលី ហើយពេលនេះ កូនប្រុសរបស់នាងមានអាយុ៤ខែ២១ថ្ងៃទៅហើយ ដែលមើលទៅសុខភាពល្អ និងថ្លោសគួរឲ្យស្រលាញ់។

ការមានពេលកាន់តែច្រើនក្នុងការនៅជិតនែបនិត្យកាយាកូននេះ ស្របពេលដែលឱក សុគន្ធកញ្ញា នៅតែផ្ទះដូចតារាផ្សេងៗទៀតដែរ ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ខណៈដែលការច្រៀងសម្ដែងទាំងឡាយ ត្រូវបានលុបចោលទាំងអស់ ព្រោះរដ្ឋាភិបាលបានបិទការប្រគំតន្រ្ដី ចៀសវាងពីការប្រមូលផ្ដុំដែលនាំឲ្យឆ្លងកូវីដ-១៩នេះ។

ឱក សុគន្ធកញ្ញា បានយកពេលវេលាដែលទំនេរពីការច្រៀងសម្ដែងនេះ មកផ្ដោតលើការមើលថែកូនប្រុសវិញ ហើយមើលទៅជីវិតរបស់នាងហាក់កំពុងមានសេចក្ដីសុខខ្លាំងណាស់ ព្រោះមានកូនប្រុសជាទីស្រលាញ់ ខណៈដែលស្វាមីរបស់នាង លោកអ៊ឹង សុខលី វិញ កាន់តែស្រលាញ់និងថ្នាក់ថ្នមនាងថែមទៀត។

មហាជននិងតារាសិល្បករជាច្រើននៅតែចាត់ទុកថា សុគន្ធកញ្ញា ជាតារាដែលជោគជ័យទាំងអាជីពចម្រៀងនិងសិល្បៈព្រមគ្នាតែម្ដង ហើយពេលនេះនាងមានគ្រឹះដ៏រឹងមាំក្នុងអាជីពសិល្បៈ ដែលមិនងាយនឹងរង្គោះរង្គើបានឡើយ ព្រោះមានបងថ្លៃជាថៅកែផលិតកម្ម ចំណែកស្វាមីរបស់នាងជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស។

ឱក សុគន្ធកញ្ញា បានចេញច្រៀងរាំសម្ពោធក្រុមហ៊ុនទូរស័ព្ទមួយ នៅស្ទូឌីយូរបស់ហង្សមាស កាលពីពេលថ្មីៗនេះ ហើយគេមើលទៅឃើញនាងមានរាងកាម៉ាប់ៗជាងមុន ប៉ុន្តែប្អូនថ្លៃថៅកែហង្សមាស រូបនេះ នៅតែហ៊ានលេងក្បាច់រាំកញ្រ្ជោកនៅលើឆាកតន្រ្ដី មិនចាញ់កាលនៅក្រមុំឡើយ។

យ៉ាងណា ក្រៅពីបទ ”កូនយំល្វើយៗ”​ សុគន្ធកញ្ញា បានច្រៀងបទចាស់ៗឡើងវិញ ស្ទើរតែទាំងស្រុង ហើយដោយសារតែថ្ងៃប្រគំតន្រ្ដីនោះ អ្នកដឹកនាំកម្មវិធីហាមមិនឲ្យអ្នកចូលទស្សនាចូល ព្រោះទប់ស្កាត់ឆ្លងកូវីដ-១៩ ទើបគេមិនអាចដឹងថា ក្រុមអ្នកគាំទ្ររបស់សុគន្ធកញ្ញា នៅតែច្រើនដដែល ឬមួយក៏នាងចុះខ្សោយជាងមុន ក្រោយពេលមានប្ដីនិងកូន១នេះ។

យ៉ាងណា ម្ដាយរបស់ឱក សុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា អ្នកស្រីមិនបារម្ភខ្លាចកូនស្រីធ្លាក់កូដក្នុងសិល្បៈ ពេលដែលមានគ្រួសារហើយនេះទេ ព្រោះសំខាន់មហាជនគាំទ្រតារានៅលើសមត្ថភាព មិនមែនសំខាន់នៅលីវ ឬមានប្ដីនោះឡើយ។

ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយតាំងពីមានស្វាមីមក សុគន្ធកញ្ញា មិនទាន់ចេញបទចម្រៀងថ្មីណាមួយ ដែលផ្ទុះខ្លាំងដូចកាលនៅក្រមុំទេ ហេតុនេះហើយបានជាមហាជនមួយចំនួន​នៅតែមានភាពស្រពេចស្រពិលនៅឡើយ ចំពោះប្អូនថ្លៃលោកថៅកែហង្សមាស រូបនេះថា តើនាងនឹងនៅតែល្បីនាំមុខគេទៀត ឬមួយក៍ចុះខ្សោយជាងមុន?៕

RELATED ARTICLES