លោកបាត់ថង់យាមនៅតាកែវ និមន្តតាមរកឃើញនៅភ្នំពេញ តាម Find My

0
462

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ឃើញព្រះសង្ឃមួយអង្គ រួមនឹងកូនសិស្សលោកកំពុងលង់លក់ក្នុងដំណេក ក៏បែកគំនិតលួចថង់យាម និងកាបូបលុយដែលមានសុទ្ធតែរបស់ទ្រព្យមានតម្លៃជាច្រើននៅក្នុងនោះ រួចរត់គេចចេញពីខេត្តតាកែវ មកសម្ងំលាក់ខ្លួននៅភ្នំពេញ នឹកថាបានរួចខ្លួនអាចដើរស៊ីចាយសប្បាយតាមចិត្ត ដឹងអី! ព្រឹកឡើងជនរងគ្រោះពឹងមិត្តភក្តិឱ្យជួយឆែកតាមប្រព័ន្ធទូរស័ព្ទរកទីតាំងជនសង្ស័យឃើញ ក៏ប្តឹងសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យដែលកំពុងដើរតាមផ្លូវ និងឆែកឃើញភ័ស្តុតាងជាក់ស្តែងប្រកែកមិនរួច ក៏ត្រូវសមត្ថកិច្ចវ៉ៃខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីចាប់ខ្លួនចោរលួចថង់យាមលោកខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងទួលពង្រ ត្រង់ចំណុចមុខក្លឹបហាត់ប្រាណ មីងហួរ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យជាចោរលួចថង់យាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះហេង លាភ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ចំណែកសម្ភារដែលបាត់បង់ មានលុយ១ម៉ឺនបាត លុយដុល្លារ៣៥៥ដុល្លារ លុយខ្មែរ២៤ម៉ឺនរៀល ថង់យាម១ ឆាយា១ច្បាប់ ស្លាបព្រាបុរាណ១គូ និងកាតធនាគារ១សន្លឹក។

តាមសម្តីបុរសឈ្មោះលឹម សានពិសិដ្ឋ អាយុ២៨ឆ្នាំ ជាកូនសិស្សលោក ដែលត្រូវចោរលួចថង់យាម បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ រូបគាត់ជាកូនសិស្សបានទៅដេកនៅអាស្រមភ្នំជីសូរ ស្ថិតក្នុងភូមិដកពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាមួយនឹងព្រះសង្ឃមួយអង្គទៀត ដែលជាជនរងគ្រោះដូចគ្នា។

លុះភ្ញាក់ពីដំណេកវិញ ក៏ស្រាប់តែបាត់ថង់យាមរបស់ព្រះសង្ឃ និងកាបូបលុយរបស់គាត់ដែលមានសម្ភារៈមួយចំនួន ដូចជាទូរស័ព្ទ និងលុយមួយចំនួន ព្រមទាំងឯកសារផ្សេងៗទៀត។ ក្រោយពីដឹងថា មានចោរលួចថង់យាមលោករួចមក គាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមកវិញ ។

ប្រភពដដែលបន្តថា លុះដាក់ពាក្យបណ្តឹងរួចហើយ រូបគាត់បានឲ្យមិត្តភក្តិនៅភ្នំពេញ ជួយឆែកតាមប្រព័ន្ធ Find My តាមទូរស័ព្ទដែលត្រូវជនសង្ស័យលួចយកទៅជាមួយ ហើយពួកគាត់ក៏ជិះម៉ូតូតាមមកដល់ភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ ឲ្យជួយអន្តរាគមន៍ ក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពូងតែដើរតាមបណ្តោយផ្លូវបេតុង ក្នុងភូមិម័ល សង្កាត់ដង្កោ រួចក៏ឆែកឆេររកឃើញទូរស័ប្ទរបស់គាត់ ព្រមទាំងលុយមួយចំនួនទៀតផង ទើបធ្វើឲ្យសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចង្កោតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកថង់យាមរបស់ព្រះសង្ឃ១អង្គ និងកាបូបលុយរបស់កូនសិស្សលោកប្រាកដមែន។

ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួចហើយ ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ ធ្វើលិខិតប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរវៀង ខេត្តតាកែវ ដែលជាម្ចាស់ករណី ដើម្បីនាំជនសង្ស័យទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕