សម្តេចក្រឡាហោម ស ខេង ដកតំណែងប៉ូលិសជេរអភិបាលខេត្ត

0
182

ភ្នំពេញ ៖ មន្ត្រីនគរបាលជើងខ្លាំងម្នាក់ដែលមានតួនាទីខ្ពស់ផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលកន្លងមកធ្លាប់បង្កព្យុះភ្លៀងអុកឡុកផ្អើលពេញខេត្តកំពង់ធំ រហូតដល់ផឹកស្រវឹងបើករថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯង បែរជាស្រែកជេរប្រមាថអភិបាលខេត្តកំពង់ធំយ៉ាងចាស់ដៃនោះ ពេលនេះត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់មុខតំណែងជាស្ថាពរហើយ។

មន្ត្រីនគរបាលជើងខ្លាំង ដែលត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកតំណែងរូបនេះ មានឈ្មោះរុំ សុវិជ្ជា អត្តលេខ០៣៨៧៤ មានឋានន្តរស័ក្តិវរសេនីយ៍ឯក និងមានតួនាទីជានាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ២៥១៦ ប្រក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ និងចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដូចខាងក្រោម ៖

ប្រការ ១ ៖ ត្រូវបានបញ្ចប់មុខតំណែងវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ប្រការ ២ ៖ វរសេនីយ៍ឯក រុំ សុវិជ្ជា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ រហូតដល់មានការសម្រេចជាថ្មី។

គួរបញ្ជាក់ថា លោករុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក៏ធ្លាប់ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ ម្តងរួចមកហើយ ដោយសារតែធ្វេសប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយក្នុងនោះ សម្តេចក្រឡាហោម ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ជាក់ជាពុំខាន។

យ៉ាងណា លោករុំ សុវិជ្ជា នៅតែមិនខ្លាចរអាចំពោះការព្រមានសោះឡើយ និងថែមទាំងផ្គើនខ្លាំងឡើង ដោយអំឡុងពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងធ្វើការរឹតបន្តឹងទៅលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មក ស្រាប់តែលោករុំ សុវិជ្ជា ខ្លួនឯងដែលមានតួនាទីខ្ពស់ខាងជំនាញចរាចរណ៍ប្រចាំខេត្តកំពង់ធំស្រាប់ បែរជាទៅផឹកស៊ីរហូតដល់ស្រវឹងជោកជាំ និងថែមទាំងបង្កគ្រោះថ្នាក់ដោយខ្លួនឯងហើយ នៅបានស្រែកឡូឡាជេរប្រមាថអភិបាលខេត្តកំពង់ធំទៅវិញ។ ទីបំផុត តំណែងលោករុំ សុវិជ្ជា ក៏ត្រូវបានសម្តេចក្រឡាហោម សម្រេចដកចេញដូចអ្វីដែលបានបញ្ជាក់ក្នុងលិខិតព្រមានលើកទី១មែន។ 

ចំណាត់ការដ៏ម៉ឺងម៉ាត់ និងមិនយោគយល់ចំពោះមន្ត្រីនគរបាលជាតិ មានតួនាទីជាប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពីសំណាក់សម្តេចក្រឡាហោម ស ខេង និងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ខាងលើនេះ ត្រូវបានបានទទួលការសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្លាប់រងគ្រោះ និងឈឺចាប់ដោយមន្ត្រីនគរបាលរូបនេះ ទាមទារលុយកាករាប់រយរាប់ពាន់ដុល្លារ ពេលជួបគ្រោះថ្នាក់ចរាចរណ៍ និងពេលចូលខ្លួនទៅដោះស្រាយបញ្ហាចរាចរណ៍ម្តងៗ។

គួររំលឹកថា កាលពីវេលាម៉ោង៩និង១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ លោកវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានផឹកស្រាស្រវឹងធ្លាក់ភ្នែក រួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត រួចក៏ស្រាប់តែផ្ទុះកំហឹងស្រែកជេរប្រមាថ ទៅលើលោកសុខ លូ អភិបាលខេត្តកំពង់ធំ យ៉ាងចាស់ដៃទៅវិញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក ឡិចស៊ីស RX-330 ពណ៌ទឹកមាស ពាក់ស្លាកលេខកំពង់ធំ 2C-1666 បើកបរក្នុងល្បឿនលឿនដូចហោះ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យរងការខូចខាត ចំណែករថយន្តបង្កក៏រងការខូចខាតដូចគ្នាបើកទៅមុខលែងរួច។

ភ្លាមនោះ គេឃើញបុរសម្នាក់ដែលគេស្គាល់ថា គឺលោករុំ សុវិជ្ជា ជាមន្ត្រីនគរបាល មានតួនាទីជានាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះពីលើរថយន្ត ស្រែកឡូឡា និងថែមទាំងបានស្រែកជេរប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើលោកសុខ លូ អភិបាលខេត្ត កំពង់ធំ ថា នៅទីតាំងកើតហេតុមិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ។

បន្ទាប់ពីបង្កហេតុ បើករថយន្តបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត និងស្រែកឡូឡាជេរប្រមាថថ្នាក់ដឹកនាំខេត្ត បានមួយសន្ទុះរួចមក ក៏មានបក្ខពួកលោករុំ សុវិជ្ជា ដែលគេដឹងថា ជានគរបាលដូចគ្នា បាននាំគ្នារំដោះយករថយន្តបង្កហេតុ ទៅទុកនៅយានដ្ឋានមួយកន្លែងទាំងយប់ ដើម្បីបិទបាំងករណីនេះ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ធំ បានបង្ហាញពីរឿងអាស្រូវមួយចំនួនដែលមន្ត្រីនគរបាលរូបនេះ (រុំ សុវិជ្ជា) ធ្លាប់បានបង្កជាច្រើនដង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់របស់ខេត្ត ស្ថាប័ននគរបាលជាតិ ជាពិសេសទទួលការថ្នាំងថ្នាក់យ៉ាងខ្លាំងពីមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្ត និយាយជារួម និងនិយាយដោយឡែក ចំពោះប្រជាពលរដ្ឋដែលធ្លាប់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នាពេលកន្លងទៅ។

ជាមួយគ្នានេះ លោករុំ សុវិជ្ជា ក៏ធ្លាប់បានជេរប្រមាថដោយសម្តីអសុរោះ ទៅលើអ្នកគ្រូពេទ្យនៅខេត្តកំពង់ធំ កាលពីពេលកន្លងទៅផងដែរ ពេលដែលរូបគាត់បានចូលទៅអុកឡុករករឿងនៅក្នុងមន្ទីរពេទ្យ ដើម្បីចូលមើលមិត្តភក្តិផឹកស៊ីរបស់ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ទៀតផង៕