អាមេរិក ផ្តល់ជំនួយឥតសំណងដល់ កម្ពុជា ៧,៥លានដុល្លារ

0
90

ភ្នំពេញ ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់សរុបចំនួន៧,៥លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងឆ្លើយតបនឹងការការពារសុខុមាលភាពប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំពិធីប្រកាសព័ត៌មានស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្រោមអធិបតីភាពលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ។

នៅក្នុងពិធីប្រកាសនោះ លោក Patrick Murphy បានជម្រាបជូនថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន៧,៥លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន៥លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន២,៥លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខុមាលភាពប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

ចំពោះការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ ក្នុងរយៈពេលខ្លី នឹងត្រូវប្រើប្រាស់ក្នុងការជួយ លើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងប៉ះពាល់ខ្លាំងពីជំងឺរាតត្បាតនេះ ហើយដោយឡែក ក្នុងរយៈពេលមធ្យម នឹងជួយរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញការងារឡើងវិញដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន។

ក្នុងឱកាសនោះដែរ លោកអូន ព័ន្ធមុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយអន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលាដែលជាកាយវិការប្រកបដោយអត្ថន័យសម្រាប់ ប្រជាជនកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ដល់សុខមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ហើយកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ បានទទួលរងផលប៉ះពាល់ពីជំងឺនេះ។

នៅក្នុងបរិការណ៍នេះ លោកអូន ព័ន្ធមុនីរ័ត្ន ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការដើម្បីរក្សាលំនឹងសកម្មភាពអាជីវកម្មដែលរងផលប៉ះពាល់ធ្ងន់ ជួយសម្រាលដល់ជីវភាពកម្មករ-និយោជិត និងប្រជាពលរដ្ឋកម្ពុជាផងដែរ។

វិធានការអន្តរគមន៍ចំនួន៣ជុំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញជាបន្ទាន់ដើម្បីជួយស្រោចស្រង់វិស័យឯកជន ជាពិសេសក្នុងវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍, អាកាសចរណ៍ និងកាត់ដេរ វាយនភណ្ឌ និងដើម្បីរក្សាលំនឹងជីវភាពរស់នៅរបស់កម្មករ-និយោជិត ដែលបម្រើការក្នុងវិស័យទាំងនេះទទួលរងផលប៉ះពាល់ធ្ងន់ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះផ្នែកសារពើពន្ធ, ការអនុញ្ញាតឱ្យមិនបង់ប្រាក់វិភាគទានធានារ៉ាប់រង របបហានិភ័យការងារ និងថែទាំសុខភាព ការលើកលែង និងអនុគ្រោះឥណទាន  (credit relief) ការបង្កើនសន្ទនីយភាព (liquidity) ទៅក្នុងទីផ្សារ៘

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវកម្មវិធីជំនួយសង្គម ដើម្បីជួយសម្រាលការ លំបាក និងរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ក្រុមគ្រួសារប្រជាជនក្រីក្រខ្វះខាត, កម្មវិធីសាច់ប្រាក់ពលកម្ម (Cash for work), ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លីដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់យកការងារក្នុងវិស័យថ្មី។

ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរ បានគូសបញ្ជាក់ថា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកម្ពុជា និងអាមេរិក។

ភាគីទាំងពីរ សន្យានឹងបន្តខិតខំបន្តថែរក្សាចំណងមិត្តភាពដែលមានជាយូរលង់ណាស់មកហើយ រវាងប្រទេសទាំងពីរ និងបន្តពូនជ្រំមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែរឹងមាំនិងជ្រាលជ្រៅថែមទៀត៕

ខៀវទុំ