Tuesday, July 1, 2025
Homeព័ត៌មានជាតិឲ្យលុយគ្រប់ចំនួនបានត្រឹមដីខ្យល់មកវិញ... សមត្ថកិច្ចចាប់ខ្លួន៣នាក់

ឲ្យលុយគ្រប់ចំនួនបានត្រឹមដីខ្យល់មកវិញ… សមត្ថកិច្ចចាប់ខ្លួន៣នាក់

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីបោកប្រាស់លុយចំនួន១,៥លានដុល្លារ រឿងលក់ដីខ្យល់ជិត២០០ហិចតារ នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ដែលកម្លាំងសមត្ថកិច្ចចាប់ខ្លួននេះ រួមមាន ៖

ទី១-ឈ្មោះរស់ សុគន្ធ អាយុ៤០ឆ្នាំ
ទី២-ឈ្មោះផាត់ សុខកាន ភេទស្រី អាយុ៤០ឆ្នាំ
និងទី៣-ឈ្មោះអ៊ុង ប៊ុនថន អាយុ៥៤ឆ្នាំ។

ជនសង្ស័យទាំងបីនាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែឧសភា នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះយ៉ន សេងហាង បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ខ្លួនបានធ្វើកិច្ចសន្យា ស្តីពីការទិញលក់ដីធ្លីជាមួយឈ្មោះរស់ សុគន្ធ និងឈ្មោះ អ៊ុង ប៊ុនថន លើផ្ទៃដីទំហំ១៩១ហិចតារ ដែលមានទីតាំងនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ។

បន្ទាប់ពីបានចុះកិច្ចសន្យាទិញលក់ដីធ្លីរួចមក ជនរងគ្រោះបានធ្វើការទូទាត់ប្រាក់ថ្លៃទិញដីឱ្យទៅឈ្មោះរស់ សុគន្ធ និងឈ្មោះអ៊ុង ប៊ុនថន ជាបន្តបន្ទាប់រហូតគ្រប់ចំនួន ១,៥លានដុល្លារ។

ជនរងគ្រោះបានបន្តថា យោងតាមកិច្ចសន្យាខ្លួនមានសិទ្ធិឈូសឆាយ ដើម្បីអភិវឌ្ឍន៍លើដី និងមានសិទ្ធិអាស្រ័យផល ធ្វើការពុះឡូតិ៍ ឬជួលជូនអតិថិជន។ ចំពោះការឈូសឆាយជនរងគ្រោះបានទាក់ទងទៅជនសង្ស័យទាំង៣នាក់ខាងលើ ដើម្បីឱ្យពួកគេស្នើសុំច្បាប់អនុញ្ញាតឈូសឆាយពីរដ្ឋបាលស្រុកឧដុង្គ តែត្រូវបានអ្នកទាំងបីគេចវេសរហូត ដោយមានការសង្ស័យ ជនរងគ្រោះបានឱ្យមេធាវីធ្វើពាក្យស្នើសុំអនុញ្ញាតច្បាប់ឈូស ឆាយដី ទៅរដ្ឋបាលស្រុកឧដុង្គដោយផ្ទាល់។

ក្រោយមកខាងរដ្ឋបាលស្រុកឧដុង្គ បានឆ្លើយតបវិញថា ឯកសារពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីរបស់ឈ្មោះអ៊ុង ប៊ុនថន និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីរបស់ឈ្មោះរស់ សុគន្ធ គឺជាឯកសារក្លែងក្លាយ ដែលជាឯកសារយកមកចុះកិច្ចសន្យាទិញលក់ដីធ្លីដើម្បីឆបោកប្រាក់ ជាមួយជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES