Saturday, April 20, 2024
Homeតារាខ្មែរកញ្ញាហ៊ិន លីដា លេចមុខបំផុស "អំពើល្អ"

កញ្ញាហ៊ិន លីដា លេចមុខបំផុស “អំពើល្អ”

បទ”អំពើល្អ” ជាស្នាដៃនិពន្ធថ្មីទាំងប៉ារ៉ូល ទំនុកភ្លេង ក៏ដូចជា Melody ដែលជាការតែងនិពន្ធរបស់ស្ថាបនិកគ្រួសារតារាកម្ពុជា និងមានការចូលរួមបកស្រាយឆ្លើយឆ្លងពីសំណាក់អតីត Cambodian Idol រដូវកាលទី២ គឺកញ្ញាហ៊ិន លីដា។

បទចម្រៀងដែលមានអត្ថន័យចាក់ដោតនេះ គឺជាការនិពន្ធឡើងដើម្បីលើកទឹកចិត្តដល់រាល់អំពើល្អនៅក្នុងសង្គម និងដើម្បីបំផុសឲ្យកាន់តែមានអំពើល្អនៅក្នងបរិបទមនុស្សដែលតែងឲ្យតម្លៃលើសកម្មភាពចែករំលែកនាពេលនេះ។

បទចម្រៀងមួយបទនេះ ក៏គម្រោងផលិតជា MV ដោយឆ្លុះបញ្ចាំងពីទង្វើល្អច្រើនទម្រង់ ក្រោមការសហការផលិតពីក្រុមហ៊ុនផលិតស្ពតធំមួយ គឺ អំណាត មេឌា ផងដែរ។ ក្នុងនោះសូម្បីតែសិល្បករសិល្បការិនីនៅក្នុងរង្វង់សិល្បៈច្រើនរូប ក៏បានប្រកាសខ្លួនថានឹងចូលរួមសម្ដែងនៅក្នុងបទនេះ ដើម្បីធ្វើជាសារបំផុសពីអំពើល្អផងដែរ។

អ្វីដែលធ្វើឲ្យបទនិពន្ធថ្មីនេះ ចាប់អារម្មណ៍ គឺទំនុកច្រៀង និងសាច់ភ្លេង ដែលមានភាពរស់រវើក និង ចាក់ដោតពីអំពើល្អនោះតែម្ដង។

លោកផាត់ តារារដ្ឋ ជាអ្នកនិពន្ធ និងជាអ្នកបកស្រាយបទនេះដោយផ្ទាល់ជាមួយកញ្ញាហ៊ិន លីដា បានបង្ហាញនូវការជឿជាក់យ៉ាងខ្លាំងថា បទចម្រៀងនេះនឹងកាន់តែបំផុសពីអំពើល្អនៅក្នុងសង្គម។

មិនខុសគ្នាដែរ កញ្ញាហ៊ិន លីដា ក៏សម្ដែងនូវអារម្មណ៌មោទនភាពផងដែរ បន្ទាប់ពីបទ “អំពើល្អ” ដែលនាងមានឱកាសធ្វើជាម្ចាស់បទ ទទួលបានការគាំទ្រខ្លាំងតាំងពីមានបង្ហោះជាទម្រង់ព័ត៌មាន។

កញ្ញាលីដា និយាយថា សប្បាយដែលបទចម្រៀងមានអ្នកចាប់អារម្មណ៍ ហើយនាងក៏ត្រៀមខ្លួនក្នុងការថតបំផុសដើម្បីអោយបទចម្រៀងនេះ ក្លាយជាស្នាដៃមួយជួយដល់សង្គមដោយនាងមិនគិតកម្រៃផងឡើយ៕

RELATED ARTICLES