Thursday, April 25, 2024
Homeព័ត៌មានជាតិចុងក្រោយ គាត់សុខចិត្តប្រគល់ប្រពន្ធដែលឱបជាប់ទ្រូងរាល់ថ្ងៃ ឲ្យទៅប្រុសសហាយ

ចុងក្រោយ គាត់សុខចិត្តប្រគល់ប្រពន្ធដែលឱបជាប់ទ្រូងរាល់ថ្ងៃ ឲ្យទៅប្រុសសហាយ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់រួមរស់នឹងគ្នាអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ មិនដែលមានផលរមាស់អ្វីសោះ ស្រាប់តែមួយ រយៈចុងក្រោយ ប្រពន្ធហាក់បញ្ចេញនូវចរិត និងកាយវិការប្លែកៗ ចេះតែសោះអង្គើយដាក់ប្តី រហូតធ្វើឱ្យជីវិតប្តីប្រពន្ធជួបតែរឿងរ៉ាវរកាំរកូសមិនស្វាង លុះបុរសជាប្តីសង្ស័យ ក៏តាមដានមើលសកម្មភាពប្រពន្ធរបស់ខ្លួន ស្រាប់តែប្រទះឃើញប្រពន្ធស្កាត់ទៅរួមស្នេហ៍ជាមួយប្រុសថ្មីបន្ទប់ជួល ទើបប្តីស្ទុះទៅខ្ទប់ទ្វារជាប់ រួចទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ហេតុការណ៍ប្រពន្ធនាំប្រុសថ្មីមករួមស្នេហ៍ដល់បន្ទប់ជួល ត្រូវប្តីតាមទាន់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅខាងក្រោយសាកលវិទ្យាល័យន័រតុន តាមបណ្តោយផ្លូវកែវចិន្តា ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា។

ស្ត្រីដែលលួចមានសាហាយស្មន់ និងត្រូវប្តីតាមទាន់ខាងលើ មានឈ្មោះល.ន អាយុប្រមាណ៣០ឆ្នាំ មានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ។ ចំណែកបុរសជាប្តីមានឈ្មោះដ.ន អាយុប្រមាណ៣០ឆ្នាំ មុខរបរជាងភ្លើង និងជាងដែក ស្នាក់នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។ ចំណែកបុរសដែលលួចទាក់ទងប្រពន្ធគេ មានឈ្មោះទ.ច ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម។

តាមសម្តីបុរសជាប្តីបានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធបានរៀបការរស់នៅជាមួយគ្នារយៈពេលប្រមាណ១០ឆ្នាំមកហើយ តែពុំមានកូនចៅនៅឡើយ ដោយប្រពន្ធចេះតែយកលេសថាមិនទាន់ចង់បានកូន។ លុះរយៈពេលចុងក្រោយគាត់បានធ្វើដំណើរទៅធ្វើការនៅខេត្តបាត់ៗ ពេលត្រឡប់មកវិញ ប្រពន្ធហាក់ដូចជាសោះអង្គើយ ទំនងជាកំពុងបែកចិត្តមានថ្មី ទើបធ្វើឱ្យជីវិតប្តីប្រពន្ធពួកគាត់ចេះតែកើតរឿងឈ្លោះប្រកែកគ្នាមិនស្វាង។

បុរសជាប្តីបន្តទៀតថា ដោយសារតែមានចិត្តសង្ស័យប្រពន្ធថា កំពុងលួចលាក់មានប្រុសថ្មីនេះហើយ ទើបគាត់ព្យាយាមតាមដានប្រពន្ធជាប់ ទីបំផុត ក៏ប្រទះឃើញផ្ទាល់នឹងភ្នែកមែន ហើយក៏មិនខុសអ្វីពីគាត់សង្ស័យដែរ។ នៅមុនកើតហេតុ គាត់បានចាំឃ្លាំមើលស្ត្រីជាប្រពន្ធតាំងពីព្រឹក ស្រាប់តែឃើញប្រពន្ធចេញពីផ្ទះ ទើបគាត់បានតាមដានពីក្រោយជាប់ ទីបំផុតក៏ឃើញប្រពន្ធស្កាត់មកជួបប្រុសសហាយស្មន់ដល់បន្ទប់ជួល ដោយបានឱបថើបគ្នាយ៉ាងរោលរាល លុះពេលគាត់តាមទាន់ ក៏ខ្ទប់ទ្វារប្តឹងនគរបាលឱ្យឃាត់ខ្លួនយកទៅសួរនាំតែម្តង។

ក្រោយទទួលបានបណ្តឹងខាងលើ សមត្ថកិច្ចបានចុះទៅនាំភាគីទាំង៣ ទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វា ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ភាគីបុរសជាប្តីសម្រេចមិនធ្វើការប្តឹងផ្តល់អ្វីទាំងអស់ ដោយសុខចិត្តលែងលះប្រពន្ធតាមសម្រួល និងប្រគល់ប្រពន្ធជើងល្អនេះទៅឱ្យប្រុសថ្មីនោះជាអ្នកមើលថែបន្តចុះ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាប្រពន្ធ និងបុរសដែលទទួលរងការចោទប្រកាន់ថាជាប្រុសសហាយលួចទាក់ទងប្រពន្ធគេបាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES