Saturday, April 20, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ជីវិតផ្លាស់ប្ដូរ១៨០ដឺក្រេ ក្រោយបានប្រពន្ធកូនសេដ្ឋី

ឆាយ វីរៈយុទ្ធ ជីវិតផ្លាស់ប្ដូរ១៨០ដឺក្រេ ក្រោយបានប្រពន្ធកូនសេដ្ឋី

តារាចម្រៀងឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ បានបង្ហាញរូបភាពពីសុភមង្គលរបស់ខ្លួន នៅថ្ងៃគម្រប់ខួប៣ឆ្នាំ នៃចំណងជីវិតអាពាហ៍ពិពាហ៍លោក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បន្ទាប់ពីតារាសាន់ដេ បានដឹកដៃអ្នកនិពន្ធបទចម្រៀងរបស់ខ្លួន អ្នកនាងសែ ចាន់ឌី ដែលជាកូនអ្នកមានទ្រព្យស្ដុកនៅក្រុងកំពង់ចាម លោកហាក់ សែ រៀបការកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧។

ចំណងស្នេហា៣ឆ្នាំនេះ វីរៈយុទ្ធ និងប្រពន្ធទទួលបានកូនស្រីម្នាក់ ឈ្មោះវីរៈយុទ្ធ អភិជាតាទេវី ដែលបានសម្រាលតាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ឆាយ វីរៈយុទ្ធ ត្រូវបានគេចាត់ទុកជាតារាដែលមានទ្រព្យច្រើន ក្រោយពីរៀបការប្រពន្ធកូនសេដ្ឋីនេះ ហើយបច្ចុប្បន្នជីវិតតារាចម្រៀងរូបបានប្រែប្រួល១៨០ដឺក្រេ ដោយរស់នៅផ្ទះវីឡាស្កឹមស្កៃ និងជិះរថយន្ដទំនើបៗ ហើយអតីតអ្នកចម្រៀង Blue Diamond, M និង Bigman រូបនេះ លែងច្រៀងនៅតាមក្លឹបរាត្រីដូចមុនទៀតហើយ។

វីរៈយុទ្ធ កាន់តែមានគ្រឹះរឹងមាំនៅសាន់ដេ ព្រោះមានប្រពន្ធជាអ្នកនិពន្ធបទចម្រៀងឲ្យច្រៀង ធ្វើឲ្យរូបគេបានក្លាយទៅជាអ្នកចម្រៀងស្នូលរបស់ផលិតកម្មនេះ ក្រោយពេលដែលខេមរៈ សិរីមន្ដ ស្ពាយបង្វេចចូលហង្សមាស។

ក្រៅពីឈរជើងស្ថិតក្នុងចំណោមចម្រៀងជួរមុខនាពេលបច្ចុប្បន្ននេះ ឆាយ វីរៈយុទ្ធ ដែលត្រូវជាសាច់ថ្លៃរបស់លោកព្រាប សុវត្ថិ នេះ ក៏មានមុខរបរក្រៅសិល្បៈដែរ តាមរយៈការបើកហាងលក់អង្ករ និងរកស៊ីអចលនទ្រព្យ។

មជ្ឈដ្ឋានមហាជននិងអ្នកសិល្បៈ បានសម្ដែងការកោតសរសើរចំពោះឆាយ វីរៈយុទ្ធ ដែលធ្លាប់ល្បីថា មានកូន២នោះ តែចុងក្រោយលោកបែរជាមានភ័ព្វវាសនាជាងតារាមួយចំនួនទៀត ព្រោះក្លាយជាកូនប្រសាលោកសេដ្ឋី ហាក់ សែ ហេតុនេះ ទោះជាវីរៈយុទ្ធ លែងច្រៀង ក៏មិនបារម្ភពីបញ្ហាសេដ្ឋកិច្ចដែរ៕

RELATED ARTICLES