Saturday, April 20, 2024
Homeព័ត៌មានជាតិម៉ូយស្រីចុះពីកង់៣បាត់ គាត់ដេកហៀរទឹកមាត់... ក្រោយផឹទឹកក្រឡុកអស់១កែវ

ម៉ូយស្រីចុះពីកង់៣បាត់ គាត់ដេកហៀរទឹកមាត់… ក្រោយផឹទឹកក្រឡុកអស់១កែវ

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ត្រូវបានគេប្រទះឃើញដេកសន្លប់ស្តូកស្តឹង ហៀរទឹកមាត់កក្លាក់នៅលើម៉ូតូកង់បីរបស់ខ្លួន បន្ទាប់ពីដឹកម៉ូយស្រីម្នាក់ទិញទឹកក្រឡុកឱ្យផឹករួច ក៏ស្រាប់តែប្រះខ្លួនដេកលើកង់បីលែងដឹងខ្លួនតែម្តង។

ករណីប្រុសរត់ម៉ូតូកង់បីចាញ់ល្បិចម៉ឹមអេងសន្លប់ស្តូកស្តឹងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បុរសរងគ្រោះខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាអ្នកបើកម៉ូតូកង់បី១គ្រឿង ពណ៌បៃតងលាយលឿង ពាក់ស្លាកលេខភ្នំពេញ 1LH-7949។

តាមប្រភពពីប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើបានបើកម៉ូតូកង់បីមួយគ្រឿងដឹកនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកន្លែងលក់ទឹកក្រឡុកមួយកន្លែង ក៏បានឈប់ដើម្បីឱ្យនារីជាម៉ូយជិះលើកង់បីនោះចុះទិញទឹកក្រឡុក។

ប្រភពដដែលបន្តថា បន្ទាប់ពីនារីម្នាក់នោះទិញទឹកក្រឡុករួចហើយ នារីរូបនោះក៏ឡើងជិះកង់បី រួចឱ្យជនរងគ្រោះបើកបន្តដំណើរទៅមុខទៀត ស្រាប់តែក្រោយមកមិនដឹងថាយ៉ាងម៉េចក៏ឃើញម៉ូតូកង់បីខាងលើឈប់ចតនៅចំណុចកើតហេតុខាងលើ រីឯម៉ូយស្រីម្នាក់នោះបានចុះទៅបាត់ នៅសល់តែបុរសរងគ្រោះជាអ្នកបើកម៉ូតូកង់បីដេកសន្លប់ស្តូកស្តឹងនៅលើកង់បីរបស់ខ្លួន ដោយស្ថិតក្នុងសភាពហៀរទឹកមាត់កក្លាក់ សង្ស័យត្រូវម៉ូយស្រីខាងលើឱ្យទឹកក្រឡុកផឹក (ដាក់ថ្នាំសណ្តំ)។

ក្រោយពីឃើញសភាពរបស់បុរសខាងលើ ដេកសន្លប់ហៀរទឹកមាត់កក្លាក់រួចមក ប្រជាពលរដ្ឋបាននាំគ្នាទិញភេសជ្ជៈប៉ូវកម្លាំង១កំប៉ុងឱ្យផឹក លុះពេលផឹកអស់ បុរសរូបនោះដឹងខ្លួនវិញបានតែបន្តិច ដោយមិនទាន់បាននិយាយស្តីអ្វីផង ក៏ស្រាប់តែដេកសន្លប់បាត់មាត់បាត់កបន្តទៀត ទើបប្រជាពលរដ្ឋសង្ស័យថា បុរសរូបនេះត្រូវថ្នាំសណ្តំក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

បន្ទាប់មក សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ក៏បានសួរនាំ រួចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ។ ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវបន្ត៕

RELATED ARTICLES