Thursday, April 25, 2024
Homeព័ត៌មានជាតិយាយអាយុ៧៣ សុំរដ្ឋមន្ត្រីថ្មី ជួយរកយុត្តិធម៌ គេបន្លំស្នាមមេដៃរំលោភយកដី

យាយអាយុ៧៣ សុំរដ្ឋមន្ត្រីថ្មី ជួយរកយុត្តិធម៌ គេបន្លំស្នាមមេដៃរំលោភយកដី

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានទទូចអង្វរស្នើសុំដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី មេត្តាជួយរកយុត្តិធម៌ជូនគាត់ ដោយអះអាងថា មានជនខិលខូចរួមដៃគ្នាជាប្រព័ន្ធបន្លំស្នាមមេដៃរបស់គាត់ រំលោភយកដីគាត់ទាំងបំពាន ជាហេតុធ្វើឱ្យគាត់រស់នៅទទួលរងភាពអយុត្តិធម៌ជាទីបំផុត។

ស្ត្រីចំណាស់ដែលអះអាងថា មានគេបន្លំស្នាមមេដៃរំលោភយកដីរបស់គាត់នេះ មានឈ្មោះនូ សាខន អាយុ៧៣ឆ្នាំ មានលំនៅក្នុងភូមិកន្ធាំ ឃុំវាលពន់ ស្រុកថ្ពង។

តាមសម្តីស្ត្រីចំណាស់ខាងលើ បានរៀបរាប់ប្រាប់ថា គាត់ត្រូវបានឈ្មោះតេង អ៊ីម បន្លំស្នាមមេដៃរបស់គាត់ថាគាត់បានលក់ដីទៅឱ្យគេ (តេង អ៊ីម) ដោយមានទាំងការទទួលស្គាល់ និងប្រថាប់ត្រា ដោយលោកមេភូមិកន្ធាំ និងលោកមេឃុំវាលពន់ទៀតផង ទាំងដែលគាត់មិនបានដឹងខ្លួនទាល់តែសោះ និងមិនដែលបានផ្តិតមេដៃលក់ដីទៅឱ្យអ្នកណាម្នាក់ដែរ ពិសេសមិនទាំងស្គាល់មុខ ឬធ្លាប់ជួបមុខឈ្មោះតេង អ៊ីម នោះផង។

ស្ត្រីចំណាស់រូបនេះ បន្តថា លុះក្រោយមក ឈ្មោះតេង អ៊ីម ដែលជាអ្នកបន្លំស្នាមមេដៃរបស់គាត់ថា បានលក់ដីទៅឱ្យខ្លួននោះបានយកដីនោះទៅលក់បន្តឱ្យឈ្មោះសេង ឈេ រស់នៅភូមិព្រៃមិច ហើយក៏ត្រូវបានលោកជន លី ដែលជាមេភូមិកន្ធាំ សម្រេចទទួលស្គាល់ថា ស្នាមមេដៃក្លែងក្លាយនោះជាស្នាមមេដៃរបស់គាត់ (នូ សាខន) ពិតមែន រួចក៏បានត្រូវរ៉ូវគ្នាលក់ដីនោះបាត់ទៅ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០៤ កន្លងទៅ ដោយឯកសារនោះត្រូវបានលោកផាត់ ភិន ជាមេឃុំវាលពន់ សម្រេចបោះត្រាទទួលស្គាល់ទៀតផង ពោលគឺទទួលស្គាល់ថា ដីនោះជាកម្មសិទ្ធិរបស់ឈ្មោះតេង អ៊ីម បាន លក់ទៅឱ្យម្ចាស់ថ្មីឈ្មោះសេង ឈេ។

ស្ត្រីចំណាស់រូបនេះ បានឱ្យដឹងទៀតថា ដោយសារតែទទួលរងភាពអយុត្តិធម៌ត្រូវបាត់បង់ដីដោយស្រស់ៗបែបនេះ កន្លងមកគាត់បានដាក់ពាក្យប្តឹងសុំអន្តរាគមន៍តាំងពីថ្នាក់ស្រុក ថ្នាក់ខេត្ត និងឡើងទៅដល់តុលាការទៀតផង ប៉ុន្តែគ្មានអ្នកណាម្នាក់អាចជួយរកយុត្តិធម៌ជូនគាត់បានសោះ។

លោកយាយ នូ សាខន បានលើកឡើងជាចម្ងល់ថា ហេតុអ្វីក៏ការទិញលក់ដីខាងលើនេះ លឿនខ្លាំងម៉្លេះ? នៅពេលវេលាតែមួយ? តើស្នាមមេដៃពិតប្រាកដរបស់គាត់ នៅឯណា ហើយតើគេបានស្នាមមេដៃពីណាមក សំអាងថា គាត់បានលក់ដីនោះទៅឱ្យឈ្មោះតេង អ៊ីម? ហេតុអ្វីបានជាថ្នាក់ស្រុក និងតុលាការ ខេត្ត រកមិនឃើញភាពអវិជ្ជមានក្នុងចរន្តរដ្ឋបាលមួយនេះ? តើឈ្មោះឡតេង អ៊ីម ជាអ្នកណាឱ្យពិតប្រាកដ?។

ស្ត្រីចំណាស់ខាងលើ បានលើកដៃសំពះអំពាវនាវដល់លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលទើបនឹងឡើងកាន់តំណែងថ្មី មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនគាត់ផង ព្រោះគាត់ពុំមានអ្វីជាទីពឹងទៀតនោះទេ ខណៈដែលអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ហាក់មិនអើពើចំពោះរឿងរបស់គាត់សោះ…តើឱ្យរាស្ត្រសង្ឃឹមអីបើឃុបឃិតគ្នាជាប្រព័ន្ធនេះ!។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរមូលដ្ឋានខាងលើបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES