Saturday, April 20, 2024
Homeតារាខ្មែរសូដា នីតា ទិញ Lexus LX570 ពណ៌ស ចង់បានពណ៌ខ្មៅ ថែម១គ្រឿងទៀត

សូដា នីតា ទិញ Lexus LX570 ពណ៌ស ចង់បានពណ៌ខ្មៅ ថែម១គ្រឿងទៀត

តារាចម្រៀងនិងសម្ដែង សូដា នីតា បានបង្ហាញរូបភាពរថយន្ដ Lexus LX 570 ពណ៌ស ស៊េរីថ្មី ដែលនាងបានទិញកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ភ្ជាប់ជាមួយការបង្ហាញអារម្មណ៍ថា នេះជាបំណងប្រាថ្នារបស់នាង ប៉ុន្ដែការមានរថយន្ដទំនើប១គ្រឿងនេះ មិនទាន់បំពេញក្ដីប្រាថ្នារបស់នាងបានគ្រប់គ្រាន់ទេ​ព្រោះនាងត្រូវការថយន្ដប្រភេទនេះ១គ្រឿងថែមទៀតនោះ គឺពណ៌ខ្មៅ។

សូដា នីតា ថ្លែងសារភ្ជាប់ជាមួយរូបថតរថយន្ដ Lexus LX 570 នោះថា ”នេះជាក្ដីប្រាថ្នាដែលខ្ញុំ និងអ្នកទាំងអស់គ្នាតែងតែចង់បាន អីចឹងបើបានហើយត្រូវថែរក្សាទុក ហើយមើលថែឲ្យល្អ ខំប្រឹងបន្ដដើម្បីឡើងស៊េរីនឹងគេ១ទៀត(ខ្មៅ១ ស១)”។

អ្នកយកព័ត៌មានយើងបានតេតាមឆាតហ្វេសប៊ុកទៅសូដា នីតា តែនាងតបសារវិញថា កំពុងជាប់រវល់ថតភាពយន្ដ មិនទាន់មានពេលសម្ភាសន៍ទេ ទើបមិនអាចដឹងពីតម្លៃរថយន្ដ Lexus LX 570 ដែលនាងទើបទិញនោះឡើយ។

ទោះជាយ៉ាងណា រថយន្ដម៉ាក Lexus LX570 Kuro 2020 របស់សូដា នីតា នេះ ត្រូវបានគេបង្ហើបប្រាប់ថា វាមានតម្លៃជាង២០ម៉ឺនដុល្លារឯណោះ ពោលគឺថ្លៃស្មើផ្ទះវីឡា១ខ្នងដែរ។

មុនទិញរថយន្ដនេះដែរ សូដា នីតា ជិះរថយន្ដទំនើបម៉ាក Landcruiser V8 ដែលមានតម្លៃជាង១០ម៉ឺនដុល្លារផងដែរ ខណៈដែលកន្លងមកគេឃើញនាងជិះរថយន្ដផ្លាស់ប្ដូរជាបន្ដរបន្ទាប់តែម្ដង។ ជាក់ស្ដែង ដូចជាពេលនេះតារាជាច្រើនកំពុងតែជួបវិបត្តិសេដ្ឋកិច្ច ព្រោះតែជំងឺកូវីដ-១៩ មិនអាចធ្វើឲ្យពួកគេចេញរកលុយពីការរាំច្រៀងបានដូចមុន ប៉ុន្តែសូដា នីតា បែរជាទៅទិញរថយន្ដទំនើបថ្លៃដល់កំពូលតែម្ដង ដែលធ្វើឲ្យមិត្តរួមអាជីព និងមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះដែរ គេឃើញមានអ្នកដឹកនាំសម្ដែងនៅហង្សមាស លោកកៅ សីហា , ឧកញ៉ាហួត ជា , ព្រីង ច័ន្ទបុត្រ ជាដើម សុទ្ធសម្ដែងការភ្ញាក់ផ្អើល និងលួងឲ្យនីតា ធ្វើពិធីជប់លៀងធំអបអរទិញបានឡានថ្មីនេះទៀតផង តែនីតា មិនឆ្លើយតបឡើយ។

មុនសម្រេចបំណងទិញរថយន្ដ Lexus LX 570 នេះ សូដា នីតា បានជួបទុក្ខធំដោយសារបាត់បង់ម្ដាយជាទីស្រលាញ់របស់នាង អ្នកស្រីជុំ សារឿន ដែលទទួលមរណៈភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ សូដា នីតា នៅតែបង្ហាញការអាឡោះអាល័យចំពោះម្ដាយដែលបានចាកចោលនាង ដោយគ្មានថ្ងៃត្រឡប់នេះហើយ ជាញឹកញាប់នាងតែងតែងបញ្ចេញអារម្មណ៍ឯកោ ព្រោះនឹកម្ដាយខ្លាំង​ពេក។

ថ្វីត្បិតតែពេលនេះ សូដា នីតា បានបង្ហាញរថយន្ដសំណព្វចិត្តរបស់នាងមែន ប៉ុន្តែនាងមិនទាន់បញ្ចេញមុខគូស្នេហ៍ថ្មីឲ្យគេស្គាល់ឡើយ ខណៈដែលដំណឹងនៃការចូលរោងការវិញ កាន់តែស្ងប់ស្ងាត់ថែមទៀត ព្រោះនាងជាតារាដែលទទួលបន្ទុករ៉ាប់រងក្នុងគ្រួសារតែម្នាក់ឯង ទើបទុករឿងស្នេហាជាជម្រើសបន្ទាប់៕

                                                                                                          ហ៊ឹម វិចិត្រ

RELATED ARTICLES