Friday, March 29, 2024
Homeតារាខ្មែរសូមអបអរសាទរ!!! លោកលាន អាហ្រ្វីលគីនីន ឡើងជាឧកញ៉ាទៅហើយ

សូមអបអរសាទរ!!! លោកលាន អាហ្រ្វីលគីនីន ឡើងជាឧកញ៉ាទៅហើយ

អតីតតារាចម្រៀងនិងពិធីករ លោកលាន អាហ្រ្វីលគីនីន ដែលជាស្វាមីរបស់អ្នកនាងកែវ វរលក្ខណ៍ និងត្រូវជាប្អូនថ្លៃរបស់អតីតតារាសម្ដែងកែវ​ ពិសី និងកែវ ស្រីនាង នោះ មានព័ត៌មានថា ពេលនេះលោកបានឡើងងារទៅជា ”ឧកញ៉ា”​ទៅហើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកលាន អាហ្វ្រីលគីនីន

ការបែកធ្លាយរឿងលោកអាហ្រ្វីលគីនីន ស្ងាត់ៗឡើងងារជាឧកញ៉ានេះ នៅពេលដែលលោកបានទៅចូលរួមមង្គលការលោករិន សាវ៉េត កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលតារាប្រុសស្រីជាច្រើនបានហៅលោកអាហ្រ្វីលគីនីន ថាជា ”ឧកញ៉ាៗ” តែម្ដង​ដែលធ្វើឲ្យម្នាក់ៗស្រឡាំងកាំង ព្រោះការពិតអតីតពិធីកររូបនេះផ្អាកលេងសិល្បៈ ដោយសារតែលោកឡើងឋានៈខ្ពង់ខ្ពស់បែបនេះសោះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកលាន អាហ្វ្រីលគីនីន

អ្នកយកព័ត៌មានយើងបានទូរស័ព្ទតាមឆាតហ្វេសប៊ុកទៅលោកលាន អាហ្រ្វីលគីនីន ហើយនៅពេលដែលសួរថា លោកពិតជាឡើងឧកញ៉ាមែនឬអត់នោះ? ដំបូងលោកគីនីន ឆ្លើយថា កំពុងជាប់រវល់ អត់ចង់និយាយរឿងនេះទេ។ ប៉ុន្ដែបន្ដិចក្រោយមក លោកអាហ្រ្វីលគីនីន ឆ្លើយតបជាឆាតសំឡេង ដោយនិយាយលាយឡំសំណើចតិចៗថា ”ហ្នឹងហើយ អរគុណច្រើន”។

លោកហ៊ុន ម៉ាណែត និងលោកលាន អាហ្វ្រីលគីនីន

មុនមានព័ត៌មានថា លោកលាន អាហ្រ្វីលគីននីន បានឡើងតំណែងជាឧកញ៉ានោះ គេឃើញលោកបានងាកទៅរកស៊ីផ្នែកអចលនទ្រព្យ និងជិះរថយន្ដទំនើបៗ​មិនចាញ់សេដ្ឋីឡើយ។

ប៉ុន្ដែលោកអាហ្រ្វីលគីនីន មិនសូវចេញមុខមាត់តាមបណ្ដាកម្មវីធីអ្នកសិល្បៈឡើយ លើកលែងតែអ្នកនោះជិតស្និទ្ធលោកបំផុត ទើបគេឃើញអតីតពិធីកររូបនេះទៅបង្ហាញខ្លួន។

លាន អាព្រីលគីនីន បានដកខ្លួនពីសិល្បៈជាច្រើនឆ្នាំមកហើយ ក្រោយបានភ្ជាប់ស្នេហ៍ជាមួយអ្នកនាងកែវ​ វរលក្ខណ៍ ដោយទទួលបានចំណងដៃកូនប្រុសស្រីពេញវ័យកំលោះក្រមុំទៅហើយ ខណៈដែលកាលពីខែមុន អតីតពិធីករឡើងងារជាឧកញ៉ារូបនេះ ក៏បានរៀបមង្គលការកូនប្រុសរបស់លោក ឈ្មោះលាន គ្រីសម៉ៃកូ ផងដែរ។

ដោយឡែក ការលេចឮថា លោកអាហ្រ្វីលគីនីន មានងារជាឧកញ៉ានៅពេលនេះ ធ្វើឲ្យបណ្ដាសិល្បករ​ និងមហាជនជាច្រើនមានការភ្ញាក់ផ្អើល ខណៈដែលមុននេះ លោកទុំ សារុត ហៅនាយឃ្លោក ក៏បានឡើងងារជាឧកញ៉ាដោយជោគជ័យផងដែរ។

ក្រៅពីលោកលាន អាហ្រ្វីលគីនីន ក៏នៅមានតារាជាច្រើនដួងទៀត បានងាកមករកស៊ីផ្នែកអចលនទ្រព្យ មានដូចជា លោកយុត្ថារ៉ា ឆាន្នី , នាយកៃដ , នាយពែកមី , ព្រាប សុវត្ថិ , ខេមរៈ សិរីមន្ដ , ឆាយ វីរៈយុទ្ធ, សាវីន ហ្វីលីព, អ៊ីណូ និងខាត់ សុឃីម ជាដើម។

ប៉ុន្ដែក្នុងចំណោមតារាខាងលើ​មានតែនាយពែកមី ទេ ដែលប្រកែកញ៉ាញតែម្ដងថា នាយមិនចង់បានងារជាឧកញ៉ាឡើយ គឺចង់ធ្វើអ្នកតូចជាងអ្នកធំ ព្រោះទៅណាមកណាងាយស្រួលផឹកស៊ី។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញអនុក្រឹតថ្មីមួយ កាលពីខែមេសា ឆ្នាំ២០១៧ ដោយកំណត់ពីចំនួនទឹកប្រាក់ធ្វើអំណោយចូលរដ្ឋលើសពី៥០ម៉ឺនដុល្លារ ទើបទទួលបានងារជាឧកញ៉ា ដែលទឹកប្រាក់នេះមានចំនួនកើនឡើង៥ដង បើប្រៀបធៀបអនុក្រឹតចាស់ ស្របពេលដែលបច្ចុប្បន្នអ្នកដែលទទួលបានគោរពងារជាឧកញ៉ា ត្រូវបានគេប្រមាណថា មានរហូតដល់ទៅជាង៧០០នាក់ហើយ គិតត្រឹមឆ្នាំ២០១៤៕

RELATED ARTICLES