Thursday, April 25, 2024
Homeតារាខ្មែរស្រីស្អាតគីម ហួរ​ ស្និទ្ធស្នេហ៍ប្រុសសង្ហា

ស្រីស្អាតគីម ហួរ​ ស្និទ្ធស្នេហ៍ប្រុសសង្ហា

តារាសាច់សខ្ចីដូចបណ្ដូលចេក កញ្ញាគីម ហួរ បានបង្ហាញភាពស្និទ្ធស្នាលគ្នាយ៉ាងចម្លែក ជាមួយបុរសរូបសង្ហាតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស លោកសំ សុវណ្ណារ៉ាក់ ដែលជាអតីតបេក្ខភាព X Factor Cambodia រដូវកាលទី១។

ពួកគេបានជិះរថយន្ដតែពីរនាក់ដូចគូស្នេហ៍ និងទៅថតរូបភាពកៀកកើយគ្នាដូចប្ដីប្រពន្ធ ត្រៀមរៀបការ ថត Pre-Wedding អីចឹងដែលមើលទៅអ្នកទាំង២ សមគ្នាណាស់ ព្រោះស្រីស្អាតប៉ះប្រុសសង្ហា។

ទោះជាយ៉ាងណា នៅពេលត្រូវសួររឿងនេះ ស្រីស្រស់គីម ហួរ បានសារភាពផង ប្រកែកផង ជាមួយការវាចាលាយឡំសំណើចហាក់បង្កប់នូវភាពអាថ៌កំបាំង។

អតីត Freshie Girls កាលពីឆ្នាំ២០១៤ រូបនេះ បានឲ្យដឹងថា មានពេលខ្លះនាងបានជិះរថយន្ដជាមួយសុវណ្ណារ៉ាក់ មែន ដូចជាពេលថត MV ជាមួយគ្នា គឺខ្ជិលប្រើឡានផ្សេងគ្នា។ នាងថា ចំពោះចំពោះការថតរូបដូច Pre-Wedding នោះ មិនមែនសុខៗនាងនាំគ្នាទៅថតនោះទេ ប៉ុន្តែគឺជាការរៀបចំរបស់ហាងមួយដែលពេញចិត្តឲ្យនាង និងសុវណ្ណារ៉ាក់ ថតជាមួយគ្នា។

គីម ហួរ បន្តថា ពេលខ្លះរួមការងារជាមួយគ្នាទាំងថតបទចម្រៀង និងថតសម្អាងការ ជាដើម ធ្វើឲ្យមានភាពស្និទ្ធស្នាលគ្នា ដោយគេចមិនផុតទេ ប៉ុន្តែបើថាស្និទ្ធប្លែកខ្លាំងវិញ នាងថា ដូចជាគ្មានអីប្លែកពេកឡើយ។

តារាសម្ដែងគីម ហួរ មានស្រុកកំណើតនៅខេត្តកំពត រូបនេះ បានឲ្យដឹងទៀតថា នាងធ្លាប់ថត MV បទ ”និស្សិតឆ្នាំនេះ” របស់សុវណ្ណារ៉ាក់ ហើយនៅពេលខាងមុខនេះ​នាងក៏ត្រៀមចាប់ដៃធ្វើការជាមួយអ្នកចម្រៀងហង្សមាស រូបនេះ ជាច្រើនផងដែរ ប៉ុន្តែចំពោះការធ្វើអ្វីខ្លះនោះ នាងថា មិនអាចប្រាប់មុនបានឡើយ គឺទាល់តែចេញជារូបរាងជាក់ស្ដែងតែម្ដង ទើបអាចបញ្ចេញបាន។

គីម ហួរ បានប្រឡូកសិល្បៈ៦ឆ្នាំមកហើយ ដែលកន្លងមកមហាជនបាននិយាយថា អ្នកសម្ដែងរូបនេះមានត្រេមុខស្រដៀងតារាល្បីល្បាញរបស់ថៃ ត្រូវខ្មែរយើង ហៅថា នាងផ្កាយព្រឹក ​ដែលមានឈ្មោះដើមថា Suvanant Kongying ហៅ Kob។

ក្រៅពីចាប់ដៃសុវណ្ណារ៉ាក់ គីម ហួរ ក៏ធ្លាប់ថតសម្ដែង MV ជាមួយតារាចម្រៀងល្បីៗរបស់ហង្សមាស មួយចំនួនទៀតដែរ ដូចជា លោកណុប បាយ៉ារិទ្ធ , នី រតនា, ពេជ្រ សោភា និងសុខ ស្រីនាង ជាដើម។

ថៅកែស្រីហាង M Five រូបនេះ និយាយថា នាងក៏ធ្លាប់ឮគេថា ដូចតារាថៃផ្កាយព្រឹកដែរ ប៉ុន្ដែនាងមិនហ៊ានទទួលឡើយ។

តារាសម្ដែងវ័យ២៣ឆ្នាំរូបនេះ ក៏បានឲ្យដឹងដែរថា ក្រោយផ្ទុះរឿងកូវីដ-១៩នេះ នាងបានផ្អាកការងារសិល្បៈរយៈពេលកន្លះខែ ប៉ុន្តែពេលនេះនាងចេញថតសម្ដែងដូចមុនហើយ ដោយគ្រាន់តែមានការប្រុងប្រយ័ត្នខ្ពស់ ដូចជា​ ពាក់ម៉ាសក៍ និងលាងដៃជាមួយអាល់កុល ជាប្រចាំតែម្ដង។

គីម ហួរ បន្ថែមថា ពេលនេះការងារសិល្បៈមានច្រើនជាងមុន ហើយនាងក៏បានថតភាពយន្ដ២រឿង​ឲ្យហង្សមាស ដែលមិនទាន់ដាក់បញ្ចាំង ខណៈដែលហាង M Five របស់នាងមិនទាន់បើកដំណើរការឡើងវិញទេ តាំងពីផ្អាកក្រោយផ្ទុះកូវីដ-១៩នេះ គឺរង់ចាំឲ្យស្ងប់សិន ទើបបើកទ្វារវិញ។

គីម ហួរ ជាមុខសញ្ញានៃការតាមស្នេហ៍របស់ប្រុសទាំងឡាយ ប៉ុន្ដែភាពស្និទ្ធស្នាលរបស់នាង ជាមួយសំ សុវណ្ណារ៉ាក់ ធ្វើឲ្យប្រុសៗមួយចំនួនប្រឈមការខកចិត្តជាមិនខាន បើទោះជាស្រីស្អាតរូបនេះថា នាងនិងតារាចម្រៀងរូបនោះ គ្រាន់តែជាមិត្តក្នុងសិល្បៈក្ដី៕

RELATED ARTICLES