Friday, April 26, 2024
Homeនយោបាយអាមេរិក លើកទឹកចិត្តលោកកឹម សុខា ជួបសម្តេចហ៊ុន សែន ផ្សះផ្សាជាតិ

អាមេរិក លើកទឹកចិត្តលោកកឹម សុខា ជួបសម្តេចហ៊ុន សែន ផ្សះផ្សាជាតិ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy ក្នុងជំនួបជាមួយលោកកឹម សុខា អតីតប្រធាននៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានស្វាគមន៍ចំពោះជំនួបរវាងលោកកឹម សុខា និងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នោះ ហើយបានលើកទឹកចិត្តលោកកឹម សុខា ឱ្យបន្តជួបបែបនេះទៀត ដើម្បីជាផ្លូវមួយឆ្ពោះទៅរកការផ្សះផ្សាជាតិ។

តាមប្រភពស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោកកឹម សុខា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។ ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “វាជាការពិភាក្សាគ្នាដ៏ល្អស្តីពីមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក នីតិរដ្ឋ សុខភាព និងសុខមាលភាពនៃប្រជាជនកម្ពុជា នៅចំពោះមុខជំងឺមហារាតត្បាតជាសកល”។

សម្តេចហ៊ុន សែន និងលោកកឹម សុខា

លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា ក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូតអាមេរិក មិនត្រឹមតែសួរសុខទុក្ខគ្នា និងក្រុមគ្រួសារផ្ទាល់ទេ លោកក៏បានពិភាក្សាអំពីបញ្ហាសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងរាលដាលក្នុងពិភពលោក និងពីផលវិបាកលើវិស័យសេដ្ឋកិច្ច និងសង្គម នៅពេលអនាគត ដែលចាំបាច់តម្រូវឱ្យមានការរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនោះ។

លោកកឹម សុខា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ថា “នៅម៉ោង៤រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នេះ ខ្ញុំបានជួបជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ យើងមិនត្រឹមតែសួរសុខទុក្ខគ្នា និងក្រុមគ្រួសារផ្ទាល់ទេ ដោយលើសពីនេះទៅទៀត យើងបាន ពិភាក្សាអំពីបញ្ហាសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងរាលដាលក្នុងពិភពលោក និងពីផលវិបាកលើវិស័យសេដ្ឋកិច្ច និងសង្គម នៅពេលអនាគត ដែលចាំបាច់តម្រូវឱ្យមានការរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនោះ”។

លោក W. Patrick Murphy និងសម្តេច ហ៊ុន សែន ក្នុងជំនួបនាពេលកន្លងមក

ជាមួយនេះ លោកមុត ចន្ថា ជំនួយការ ផ្ទាល់លោកកឹម សុខា បានឱ្យដឹងថា ក្នុងជំនួបជាមួយលោកម សុខា នាពេលនោះ លោកឯកអគ្គរដ្ឋទូតអាមេរិក បានស្វាគមន៍ចំពោះជំនួបរវាងសម្តេចហ៊ុន សែន និងលោកកឹម សុខា កាលពីថ្ងៃទី០៥ ខែឧសភា កន្លងទៅថា ជាជំហានគួរឱ្យលើកទឹកចិត្តមួយឆ្ពោះទៅរកការផ្សះផ្សាជាតិ។

លោកមុត ចន្ថា បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នោះដែរថា “ឯកឧត្តមកឹម សុខា មានជំនួបជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាពីវិស័យលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស និងបានផ្តោតសំខាន់លើបញ្ហាសង្គម សេដ្ឋកិច្ច ហើយនិងជីវភាពក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩។

ឯកឧត្តមឯកអគ្គរដ្ឋទូត ស្វាគមន៍ចំពោះជំនួបរបស់ឥស្សរជនខ្មែរទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមកឹម សុខា កាលពីថ្ងៃទី០៥ ខែឧសភា ថាជំហានគួរឱ្យលើកទឹកចិត្តមួយឆ្ពោះទៅរកការផ្សះផ្សាជាតិ។

លោកកឹម សុខា និងលោក W. Patrick Murphy ក្នុងជំនួបនាពេលកន្លងមក

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសរសេរនៅលើទ្វីតធឺររបស់លោកនៅក្រោយជំនួបនេះថា “ជាឱកាសល្អបានជួបជាមួយលោកកឹម សុខា ដោយមានការពិភាក្សាគ្នាយ៉ាងល្អអំពីមិត្តភាពរវាងសហរដ្ឋអាមេរិក-កម្ពុជា នីតិរដ្ឋ និងសុខភាព ព្រមទាំងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ចំពោះមុខជំងឺរាតត្បាតពិភពលោក”។

គួរកត់សម្គាល់ដែរថា បន្ទាប់បីលោកកឹម សុខា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាមាតាក្មេកសម្តេច ហ៊ុន សែន និងបានជួបសន្ទនាផ្ទាល់យ៉ាងស្និទ្ធស្នាលរយៈពេលជាង៥០នាទីជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៥ ខែ  ឧសភា ឆ្នាំ២០២០ នោះមក មជ្ឈដ្ឋានជាតិ និងអន្តរាជាតិ មានការចាប់អារម្មណ៍ និងសាទរ ដោយចាត់ទុកជាសញ្ញាវិជ្ជមានមួយនៃស្ថានការណ៍នយោបាយនៅកម្ពុជា។

ជាមួយនេះ បន្ទាប់ពីថ្ងៃនោះមក មានបណ្តាទូតបរទេសនានា មកជួបសួរសុខទុក្ខនិងពិភាក្សាការងារជាមួយលោកកឹម សុខា ជាបន្តបន្ទាប់ រួមមាន អាល្លឺម៉ង់ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី ស៊ុយអែដ ជាដើម។

ក្នុងជំនួបទាំងនោះ ក្រៅពីការសួរសុខទុក្ខ ក៏មានការផ្លាស់ប្តូរទស្សនៈគ្នា និងស្វែងយល់អំពីដំណើរការប្រជាធិបតេយ្យ វិស័យសេដ្ឋកិច្ច សង្គមនៅកម្ពុជា ជាពិសេសបញ្ហាដែលពាក់ពន្ឋ័នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ៕

ខៀវទុំ

RELATED ARTICLES