ស្រីជិះកង់តាមផ្លូវស្រែកផ្អើល ប្រជាពលរដ្ឋនាំគ្នាឃាត់ប្រុសជាប់

0
421

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ជាប់ រួចស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការ ខណៈជននេះ បានជិះម៉ូតូមួយគ្រឿង ទៅធ្វើសកម្មភាពឆក់ទូរស័ព្ទពីអ្នកជិះកង់ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវចោមចៅ (ផ្លូវវេងស្រេង) ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យដែលត្រូវគេវ៉ៃទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ចនេះ មានឈ្មោះជឿន ហុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះណាង ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅម្តុំកន្លែងកើតហេតុខាងលើ។

ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងដែរថា នៅមុនពេលកើតហេតុ អ្នកដែលឃើញហេតុការណ៍ប្រាប់ថា នារីរងគ្រោះបានជិះកង់តាមផ្លូវវេងស្រេង ទិសដៅពីចោមចៅ ឆ្ពោះទៅស្ទឹងមានជ័យ លុះពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានកាន់ទូរស័ព្ទនៅដៃ ក៏ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូម៉ាក Zoomer-X ពណ៌ក្រហមលាយស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខតាកែវ 1R-7123 មកធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីរងគ្រោះ តែត្រូវនារីរងគ្រោះស្រែកឆោឡោឡើងផ្អើលអ្នកដំណើរនាំគ្នាព័ទ្ធចាប់បានភ្លាមៗតែម្តង។

បន្ទាប់ពីចាប់ក្របួចបានជនសង្ស័យ ពលរដ្ឋដែលមានកំហឹងនឹងក្រុមចោរ នាំគ្នាស្វាគមន៍មួយដៃមួយជើងម្នាក់ ទើបហៅសមត្ថកិច្ចឱ្យមកទទួលយកទៅសួរនាំនៅប៉ុស្តិ៍ចោមចៅ១ ហើយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌ បន្តនីតិវិធី៕