អបអរសាទរ!!! អ្នកនាងកុល ដាវី មានផ្ទៃពោះកូនដំបូងហើយ

0
105

តារាសម្ដែងកុល ដាវី បានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយវាចាទាំងរីករាយថា ពេលនេះនាងពិតជាទទួលបានចំណងដៃ ដែលមិនអាចកាត់ថ្លៃបានឡើយនោះ គឺនាងមានផ្ទៃពោះជាង១ខែទៅហើយ។

ដាវី ថា មិនអាចដឹងថាជាកូនប្រុសឬស្រីនៅឡើយទេ ព្រោះម្ចាស់ជីវិតរបស់នាងទើបតែមានអាយុបាន១ខែ អីចឹងរង់ចាំដល់គ្រប់៣ខែ ទើបដឹងលទ្ធផល។

ទោះជាយ៉ាងណា ដាវី ថា ឲ្យតែបានទោះជាកូនបុ្រសឬស្រី ក៏ពេញចិត្តដែរ សំខាន់គឺយើងជាឪពុកម្ដាយត្រូវអប់រំកូនឲ្យក្លាយទៅជាមនុស្សល្អក្នុងសង្គមនោះ ទើបជាកាតព្វកិច្ចចាំបាច់ដែលត្រូវធ្វើ។

ដោយឡែក លោកសុខ រក្សា វិញ ត្រេកអរស្ទើរតែហោះទៅហើយ នៅពេលដែលជូនប្រពន្ធទៅពិនិត្យផ្ទៃពោះ ហើយទទួលបានលទ្ធផលដូចក្ដីប៉ងប្រាថ្នានេះ។

លោករក្សា និយាយទាំងរីករាយថា ”អរគុណប្រពន្ធសម្លាញ់ បងពិតជាសប្បាយចិត្តខ្លាំងណាស់ កាដូសម្រាប់បងមួយនេះធំមែនទែនហ្មង”។

កុល ដាវី បានដឹកដៃតារាចម្រៀងផលិតកម្មសាន់ដេ លោកសុខ រក្សា រៀបការកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ក្រោយពីអ្នកទាំងពីរស្រលាញ់គ្នាជាង៥ឆ្នាំ។ តាំងពីក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់មក ដាវី-រក្សា បានរកស៊ីកាក់កបធ្វើឲ្យជីវភាពធូរធា រហូតទិញបានផ្ទះផ្ទាល់ខ្លួន និងរថយន្ដទំនើបៗជិះ ខណៈដែលអាជីពសិល្បៈរបស់ពួកគេនៅតែបន្ដដូចដើម ប៉ុន្តែដាវី បានងាកមករកស៊ីតាម Online ច្រើនជាងថតសម្ដែង។

តារាសិចស៊ី កុល ដាវី បានអះអាងថា គ្រាន់តែដឹងថា ខ្លួនមានកូន នាងមិនហ៊ានទទួលថតរឿងភាគអស់៣រឿងទៅហើយ គឺភាពយន្ដនៅផលិតកម្មរស្មីហង្សមាស , PNN និងចេស្ដារ។ នាងថា នឹងផ្អាការការសម្ដែងភាពយន្ដចាប់ពីពេលនេះទៅ រហូតដល់សម្រាលកូន ហើយរឹងដៃរឹងជើង ទើបចូលថតដូចដើមវិញ។

ដាវី បន្ថែមថា អាជីពសិល្បៈនាងនៅតែស្រលាញ់ អីចឹងហើយទោះជារវល់ការរកស៊ីខាងក្រៅយ៉ាងណា នាងក៏ដូចជាស្វាមីទៅណាមិនឆ្ងាយពីសិល្បៈនោះទេ។

ដោយឡែក លោករក្សា វិញ ធ្លាប់ប្រាប់នៅថ្ងៃរៀបការថា លោកចង់បានកូន៣ ហេតុនេះហើយអតីតតារាហង្សមាស រូបនេះ នឹងរៀបគម្រោងតាមយកកូន២នាក់ថែមទៀតជាមិនខាន ដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំ៕