Thursday, April 25, 2024
Homeតារាខ្មែរករុណា ពេជ្រ ពិតជាកត្តញ្ញូមែន ព្យាបាលឪពុក២ឆ្នាំនេះ ចំណាយលុយ...

ករុណា ពេជ្រ ពិតជាកត្តញ្ញូមែន ព្យាបាលឪពុក២ឆ្នាំនេះ ចំណាយលុយ…

ក្នុងជំនួបដោយចៃដន្យ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីពេលថ្មីៗនេះ លោកករុណា ពេជ្រ បានអះអាងថា រយៈពេលជាង២ឆ្នាំ នៃការព្យាបាលជំងឺឪពុករបស់លោក គឺចំណាយថវិការហូតដល់ទៅជិត២០ម៉ឺនដុល្លារឯណោះ ប៉ុន្ដែស្ថានភាពចុងក្រោយរបស់ឪពុកលោក​នៅតែមិនទាន់បានល្អប្រសើរនៅឡើយ។

តារាចម្រៀងថោន រូបនេះ បានអះអាងថា ឪពុករបស់លោកមានជំងឺលើសឈាម ហើយដាច់សរសៃឈាមក្នុងខួរក្បាល ហើយពេលនេះមិនអាចញាំអាហារបានដូចមនុស្សធម្មតាទេ គឺទាល់តែបាញ់ទុយោសុងចូលទៅក្រពះ។ លោកថា ឪពុកលោកបានក្លាយទៅជាមនុស្សរុក្ខជាតិ មិនមានការចងចាំដូចមុនទៀតទេ សូម្បីតែលោក ក៏ឪពុកមិនដឹងថាស្គាល់ឬអត់នោះទេ? ព្រោះពេលនិយាយទៅ គាត់មិនអាចនិយាយតបបាន ហើយបានតែងក់ក្បាលប៉ុណ្ណោះ។

លោកពេជ្រ ប្រាប់ថា​ កន្លងមកលោកធ្លាប់នាំឪពុកទៅព្យាបាលនៅក្រៅប្រទេសដែរ ប៉ុន្ដែពេលគាត់ឈឺធ្ងន់នេះ លោកមិនបាននាំទៅបរទេសទៀតទេ គ្រាន់តែលោកបានយកសំណាកឪពុកទៅឲ្យគ្រូពេទ្យនៅក្រៅប្រទេសមើល ហើយក្រុមគ្រួពេទ្យទាំងនោះ និយាយដូចពេទ្យនៅក្នុងស្រុកដែរថា ជំងឺនេះពិបាកព្យាបាលណាស់។

លោកពេជ្រ បន្តថា មូលហេតុដែលលោកមិនយកឪពុកទៅព្យាបាលនៅបរទេសទៀត ដោយសារតែលោកជាកូនទោល តែពីរនាក់ឪពុក អីចឹងហើយបើទៅស្រុកគេ ពិបាកជាងព្យាបាលក្នុងស្រុក​ គ្មានអ្នកជួយមើលថែ និងមិនអាចរកស៊ីអីបាន ហេតុនេះហើយបានជាលោកសម្រេចចិត្តនៅបន្ដព្យាបាលក្នុងស្រុក​ព្រោះគ្រូពេទ្យស្រុកយើងក៏មានសមត្ថភាពល្អដែរ។

លោកករុណា ពេជ្រ បន្ថែមថា អំឡុងពេលដែលឪពុករបស់លោកឈឺភ្លាមៗនោះ លោកបានប្រកាសលក់ផ្ទះ និងដីធ្លីមួយចំនួន​យកលុយមកព្យាបាលឪពុក ប៉ុន្តែអំឡុងពេលនោះ មានអ្នកខ្លះអាណិតលោក និងខ្លះទៀតថា លោកសម្ដែងទេ បើមានផ្ទះនិងដីធ្លីច្រើន អីចឹងមានអីពិបាក។ លោកថា លោកមិនបានសម្ដែងរឿងលក់ផ្ទះ ដីយកលុយព្យាលឪពុកនោះទេ ប៉ុន្ដែពេលមានតម្រូវការចាំបាច់ លោកមានលុយឯណាភ្លាមៗ មានតែលក់ផ្ទះដីហ្នឹងសិនហើយ ព្រោះអាយុជីវិតឪពុកសំខាន់ជាង។

ដោយសារតែយកពេលវេលាទៅមើលថែឪពុក លោកករុណា ពេជ្រ បានផ្អាកការឡើងច្រៀងសម្ដែងតាមឆាកតន្រ្ដី​ជាង២ឆ្នាំមកហើយ ដោយលោកថា អំឡុងឪពុកកំពុងតែឈឺ លោកពិតជាមិនអាចធ្វើអារម្មណ៍ច្រៀងសម្ដែងសប្បាយបានទេ។

ប៉ុន្ដែតារាចម្រៀងថោន រូបនេះ ថា លោកនឹងបែងចែកអារម្មណ៍ ហើយអាចត្រៀមឡើងឆាកវិញ នៅអំឡុងចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ ខាងមុខនេះហើយ៕

RELATED ARTICLES