Thursday, April 25, 2024
Homeកីឡាជាតិកីឡាករបាល់ទាត់ និងគ្រូបង្វឹក ចូលរួមសម្មាធិ និងស្ដាប់ឱវាទ នៅវត្តសំរោងអណ្ដែត

កីឡាករបាល់ទាត់ និងគ្រូបង្វឹក ចូលរួមសម្មាធិ និងស្ដាប់ឱវាទ នៅវត្តសំរោងអណ្ដែត

កីឡាករបាល់ទាត់ និងក្រុមគ្រូបង្វឹកប្រមាណ៦០រូប បានចូលរួមធ្វើពិធីសម្មាធិរម្ងាប់ភាពឆេវឆាវ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីកត់សម្គាល់ថា កីឡាករមួយចំនួនបានបង្កជាជម្លោះដាក់គ្នាផង នៅពេលមានការប្រកួតម្ដងៗ។

ពិធីនេះត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្តសុវណ្ណមុនីសាគរ​ សំរោងអណ្ដែត ក្រោមអធិបតីសម្ដេច រ័ត្ន សារឿន ជាព្រះចៅអធិការ និងថ្នាក់ដឹកនាំសហព័ន្ធប្រដាល់ និងមន្ត្រីជាន់ខ្ពស់ប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដោយមានទាំងកម្មវិធីអាហារសាមគ្គី នៅបន្ទាប់ពីធ្វើសម្មាធិ និងស្ដាប់ឧវាទព្រះសង្ឃសម្រួលផ្លូវចិត្តនោះផង។

ពិធីដែលបានធ្វើឡើងនេះ គឺជាផ្ដួចផ្ដើមរបស់លោកបណ្ឌិត Supachai Verapuchong អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាប្រធានរបស់ក្រុមបាល់ទាត់ Tyfi Army FC អតីតក្រុមបាល់ទាត់ក្រសួងការពារជាតិ ដោយលោកអះអាងថា ពិធីដែលបានធ្វើនេះ មិនមែនគ្រាន់តែក្រើនរំលឹកអោយកីឡាករបាល់ទាត់ដែលបានចូលរួមស្ងប់ចិត្ត និងបាត់អារម្មណ៍តានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីឲ្យកីឡាករទាំងនោះមានចិត្តសន្តិភាព និងគ្មានភាពឆេវឆាវដាក់គ្នា នៅក្នុងករណីមានការប៉ះទង្គិចណាមួយ នៅពេលមានការប្រកួតបាល់ទាត់នោះផងដែរ។

លោក Supachai Verapuchong ថាពិធីនេះ ដ្បិតថាមើលទៅសាមញ្ញ ប៉ុន្តែលទ្ធផលដែលទទួលបានមកវិញ គឺនឹងធ្វើឲ្យកីឡាករមានចិត្តធ្ងន់ជាងមុន មានចិត្តអភ័យ និងគ្មានគំនិតប៉ះពៀរលើគ្នា ដែលមិនខុសពីជួយឲ្យវិស័យបាល់ទាត់មានតែការប្រកួតដោយមិត្តភាព និងពោរពេញដោយកម្លាំងសាមគ្គី។ ក្នុងនោះក៏ជាការជួបជុំរវាងកីឡាករ ជាមួយគ្រូបង្វឹក និងជាមួយថ្នាក់ដឹកនាំ ដែលកាន់តែបង្កើនកម្លាំងសាមគ្គី។

លោក Supachai Verapuchong  ក៏សម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមបាល់ទាត់ កីឡាករ គ្រូបង្វឹក និង មន្ត្រីបម្រើការនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥ ទាំងអស់ ដែលបានសហការចូលរួម។ លោកមានគម្រោងដឹកនាំធ្វើពិធីនៅក្នុងឱកាសក្រោយៗទៀត ប៉ុន្តែនៅមិនទាន់ច្បាស់ថា នឹងរៀបចំនៅពេលណានោះទេ ដោយត្រូវរង់ចាំឲ្យកីឡាករ និងគ្រូបង្វឹកទំនេរជុំគ្នាដូចក្នុងពេលនេះសិន៕

RELATED ARTICLES