Thursday, April 25, 2024
Homeកីឡាអន្ដរជាតិកីឡាករ២រូប រកប្រាក់ចំណូលបានច្រើនជាងគេបំផុត លើពិភពលោក

កីឡាករ២រូប រកប្រាក់ចំណូលបានច្រើនជាងគេបំផុត លើពិភពលោក

យោងតាមទស្សនាវដ្តីសេដ្ឋកិច្ច Forbes ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កីឡាករតេន្នីស Roger Federer បានក្លាយជាអត្តពលិកដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតលើពិភពលោក។

ទស្សនាវដ្តីខាងលើ បានឱ្យដឹងថា អត្តពលិកសញ្ជាតិស្វីស រកប្រាក់ចំណូលបាន១០៦,៣ លានដុល្លារ ក្នុងរយៈពេល១ឆ្នាំ។ កីឡាករវ័យ៣៨ឆ្នាំ រកចំណូលបានមកពីប្រភពធំៗចំនួន២ គឺទី១-ប្រាក់ចំណូលបានមកពីដៃគូឧបត្ថម្ភផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានទំហំទឹកប្រាក់១០០លានដុល្លារ ទី២-បានមកពីឈ្នះពានរង្វាន់ចំនួន៦,៣លានដុល្លារ។

កីឡាករតេន្នីស Roger Federer

កីឡាករដែលធ្លាប់ឈ្នះពានរង្វាន់តេន្នីសធំៗចំនួន២០ដង បាននាំមុខកីឡាករបាល់ទាត់ Christiano Ronaldo និង Lionel Messi ។ ចំណែកឯខ្សែប្រយុទ្ធ Christiano Ronaldo ឈរលំដាប់លេខ២ ដែលរកប្រាក់ចំណូលបាន១០៥លានដុល្លារ ក្នុងមួយឆ្នាំ។ ប្រាក់ចំណូល របស់ខ្សែប្រយុទ្ធរូបនេះបានមកពីដៃគូផ្សព្វផ្សាយពាណិជ្ជកម្មចំនួន៤៥លានដុល្លារ និងប្រាក់ឈ្នួលបូកប្រាក់ឈ្នះពានរង្វាន់៦០លានដុល្លារ។

ខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Barcelona ឈរលំដាប់លេខ៣ បន្ទាប់ពីខ្សែប្រយុទ្ធ Christiano Ronaldo ជាមួយនឹងប្រាក់ឈ្នួលប្រចាំឆ្នាំ១០៤លានដុល្លារ។ Messi ទទួលប្រាក់ឈ្នួលពីដៃគូផ្សព្វផ្សាយពាណិជ្ជកម្មចំនួន៣២លានដុល្លារ ប្រាក់ឈ្នួល និងប្រាក់ឈ្នះពានរង្វាន់ចំនួន៧២លានដុល្លារ។

ដោយឡែកកំពូលខ្សែប្រយុទ្ធប្រេស៊ីល Neymar របស់ក្លឹប Paris SG ឈរលំដាប់លេខ៤ ដែលមានប្រាក់ចំណូលប្រចាំឆ្នាំ៩៥.៥លានដុល្លារ។ Neymar ទទួលបានប្រាក់ចំណូលពីដៃគូផ្សព្វផ្សាយពាណិជ្ជកម្មចំនួន២៥លានដុល្លារ ប្រាក់ឈ្នួល និងប្រាក់ឈ្នះពានរង្វាន់ចំនួន៧០,៥លានដុល្លារ។

កីឡាករបាល់ទាត់ Christiano Ronaldo

នៅក្នុងទស្សនាវដ្តីនេះ ខ្សែប្រយុទ្ធល្បីៗនៅក្របខណ្ឌបាល់ទាត់ English Premier Leagye មិនជាប់ក្នុងបញ្ជីអត្តពលិកដែលរកប្រាក់ចំណូលបានច្រើនទាំង១០នោះទេ ប៉ុន្តែខ្សែប្រយុទ្ធ Mohamed Salah របស់ក្លឹប Liverpool ឈរលំដាប់លេខ៣៤ ដែលប្រាក់ចំណូលប្រចាំឆ្នាំ៣៥,១លានដុល្លារ។

Mohamed Salah រកប្រាក់ចំណូលបាន១២លានដុល្លារ ពីដៃគូពាជ្ជកម្ម និងទឹកប្រាក់២៣,១លានដុល្លារពីប្រាក់ឈ្នួល និងការឈ្នះពានរង្វាន់៕

ប្រភពពី ៖ Forbes
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES