Friday, March 29, 2024
Homeព័ត៌មានជាតិក្នុងលិខិតដែលបន្សល់ទុក នាងបញ្ជាក់ចុងក្រោយថា "កូនស្រលាញ់ម៉ែប៉ា"

ក្នុងលិខិតដែលបន្សល់ទុក នាងបញ្ជាក់ចុងក្រោយថា “កូនស្រលាញ់ម៉ែប៉ា”

ខេត្តកំពង់ធំ ៖ យុវតីម្នាក់ព្រោះតែតូចចិត្តនឹងរឿងម្តាយស្តីប្រដៅអប់រំ និងជ្រុលដៃវ៉ៃបន្តិចបន្តួច ស្រាប់តែបែកគំនិតវេចបង្វេចចុះចោលផ្ទះបាត់ ដោយបន្សល់ទុកសំបុត្រ១ច្បាប់ បង្ហាញពីអត្ថន័យសុំទោសឪពុកម្តាយ ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ថា នាងនឹងមិនវិលត្រឡប់មកផ្ទះវិញទេ ហើយក៏មិនចាំបាច់តាមរកនាងដែរ។

យុវតីដែលចុះចោលផ្ទះខាងលើនេះ មានឈ្មោះ សាវ័ន្ត អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងខេត្តកំពង់ធំ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ SokCheoun Beoun ដែលអះអាងថា ត្រូវជាបងរបស់យុវតីដែលបាត់ខ្លួនខាងលើ បានបង្ហោះរូបថតប្អូនស្រីរបស់ខ្លួន (យុវតីបាត់ខ្លួន) ព្រមទាំងសំបុត្រ១សន្លឹក កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ព្រមទាំងរៀបរាប់ថា “ខ្ញុំបានបាត់ប្អូនស្រីម្នាក់ឈ្មោះនាង សាវ័ន្ត អាយុ១៧ឆ្នាំ មាឌធំ បើបងប្អូនប្រទះឃើញដូចក្នុងរូបនេះ សូមជួយឃាត់ខ្លួនប្អូនខ្ញុំទុកផងបងប្អូន ហើយជួយទាក់ទងមកខាងខ្ញុំផងបងប្អូន ០៩៧ ៤៨ ៤៨ ៥៨៤ និង០៦៦ ៣៣ ១៥ ០១ អរគុណបងប្អូនទុកជាមុនណា…”។

ដោយឡែក យោងតាមសំបុត្រ១ច្បាប់ដែលយុវតីខាងលើ បន្សល់ទុកមុនចាកចេញពីផ្ទះទៅ មានខ្លឹមសារទាំងស្រុងថា “កូនសុំទោសម៉ែប៉ា ដែលកូនចេញទៅមិនបានប្រាប់ ព្រោះកូនចេញទៅហើយលែងមកវិញហើយ កូនអរគុណដែលលោកទាំងពីរខំមើលថែកូនឱ្យបានធំ កូនយល់មូលហេតុដែលប៉ាម៉ែវ៉ៃកូន ដោយសារតែកូនមិនល្អ កូនអាក្រក់ ហើយមូលហេតុដែលកូនចេញ ព្រោះកូនមិនចង់រំខានអ្នកទាំងអស់គ្នាតទៅទៀតទេ។

កូនលាហើយ កូននៅទីនោះរហូតមិនត្រឡប់ឱ្យឃើញមុខទៀតទេ។ ហើយម៉ែប៉ាមិនបាច់មករកកូនទេ ថ្ងៃណាមួយកូននឹងមកលេងម៉ែប៉ាជាមិនខានឡើយ។ ពីកូនស្រីដែលអាក្រក់។ កូនស្រលាញ់ម៉ែប៉ា…”៕

RELATED ARTICLES