Friday, April 19, 2024
Homeព័ត៌មានជាតិក្រពេក អត់លុយរៀបការ គូស្នេហាសែនទាំងទឹកភ្នែក មហាជនសរសើរពួកគេមិនរំលងប្រពៃណី

ក្រពេក អត់លុយរៀបការ គូស្នេហាសែនទាំងទឹកភ្នែក មហាជនសរសើរពួកគេមិនរំលងប្រពៃណី

ខេត្តប៉ៃលិន ៖ គូស្នេហ៍មួយគូដោយសារតែជីវភាពក្រីក្រពេក អត់លុយរៀបការ ដោយគោរពតាមគន្លងប្រពៃណី បានសម្រេចចិត្តរៀបចំពិធីសែនព្រេនបន្តិចបន្តួចតាមប្រពៃណីខ្មែរ ដើម្បីយកគ្នាជាប្តីប្រពន្ធ ហើយក្នុងពិធីសែនព្រេននោះ អ្វីដែលធ្វើឱ្យក្រុមគ្រួសារញាតិមិត្តទប់ទឹកភ្នែកមិនជាប់នោះ គឺកូនកំលោះបានហូរទឹកភ្នែកច្រោកៗជោកខ្នើយក្នុងពេលក្រាបសំពះផ្ទឹមចងដៃ ដោយសារតែនឹកអាណិតនារីជាកូនក្រមុំដែលជាអនាគតប្រពន្ធ ដែលខ្លួនជាប្តីមិនអាចមានលទ្ធភាពឱ្យនាងបានស្លៀកពាក់ឈុតរៀបការស្អាតៗដូចកូនក្រមុំគេឯទៀត ព្រោះតែគ្រួសារគេ និងគ្រួសារនាង សុទ្ធតែក្រីក្រដូចគ្នា។

គូស្នេហ៍កំលោះក្រមុំដែលក្រពេក អត់លុយរៀបការ សែនព្រេនទាំងទឹកភ្នែកនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យជាង២០ឆ្នាំដូចគ្នា និងរស់នៅក្នុងខេត្តប៉ៃលិន។

យោងតាមព័ត៌មានដែលបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងពិធីសែនព្រេននោះមានតែក្បាលជ្រូក១ មាន់ស្ងោរ១គូ និងបាយសម្ល២-៣ចាន សម្រាប់សែនថ្វាយទេវតា ម្ចាស់ទឹកម្ចាស់ដី ខ្មោចជីដូនជីតា ក្រៅពីនេះគ្មានភ្លេងភ្លាត់ ឬពិធីអ្វីធំដុំទេ សូម្បីសម្លៀកបំពាក់ កូនកំលោះក្រមុំក៏សឹងតែគ្មានថ្មីផង ទើបនៅពេលក្រាបសំពះផ្ទឹមក្បាលដល់កន្ទេលជាមួយកូនក្រមុំជាគូស្នេហ៍ ធ្វើឱ្យកំលោះទុរគតនឹកសង្វេគអាណិតអនាគតប្រពន្ធពេកដែលខ្លួនគ្មានលទ្ធភាពឱ្យនារីជាទីស្នេហា បានរៀបការស្លៀកពាក់ឈុតស្អាតៗដូចគូគេ ក៏ហូរហៀរទឹក- ភ្នែកដោយមិនដឹងខ្លួន ជួនជាកូនក្រមុំបានឃើញបងយំ ក៏ទប់ទឹកភ្នែកមិនជាប់ដូចគ្នា បណ្តាលឱ្យ ទឹកនេត្រាស្រក់លើហត្ថាទាំងគូដែលកំពុងដាក់ទន្ទឹមគ្នាលើខ្នើយ។

ចំណែកក្រុមគ្រួសារ ញាតិមិត្ត ដែលចូលរួមពិធីសែនព្រេននោះ ក៏កើតក្តីក្តុកក្តួលពន់ពេក ស្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួនគ្រប់គ្នាដែរ។

ទោះជាយ៉ាងណា អ្នកដែលបានឃើញរូបភាពនៃពិធីសែនព្រេនរបស់គូស្នេហ៍ខាងលើ សរសើរថា គូស្នេហ៍នេះគោរពគន្លងប្រពៃណីបានល្អ ទោះបីជាជីវភាពក្រក្រី មិនអាចមានលទ្ធភាពរៀបការបាន ក៏ខំបេះបោចរៀបចំពិធីសែនព្រេនតាមប្រពៃណីឱ្យបាន ដោយមិនលោតរំលងប្រពៃណីឡើយ។

ជាមួយនេះ មហាជនក៏ជូនពរឱ្យគូស្នេហ៍នោះ ស្រឡាញ់ថែរក្សាគ្នា បានយូរអង្វែង រហូតដល់ចាស់រៀងខ្លួន ទោះបីជាក្រទ្រព្យ តែកុំឱ្យតែខ្វះក្តីស្រឡាញ់ អាណិតចំពោះគ្នា…៕

ខៀវទុំ

RELATED ARTICLES