Thursday, April 25, 2024
Homeព័ត៌មានជាតិខួប៤៣ឆ្នាំ ដំណើរឆ្ពោះទៅរកការ សង្គ្រោះជាតិ របស់សម្តេចហ៊ុន សែន

ខួប៤៣ឆ្នាំ ដំណើរឆ្ពោះទៅរកការ សង្គ្រោះជាតិ របស់សម្តេចហ៊ុន សែន

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៤៣ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ថ្ងៃដែលសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះចំនួន៤រូប បានយកជីវិតធ្វើដើមទុនក្នុងដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ និងប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចហ៊ុន សែន និងយុទ្ធមិត្ត៤រូប រួមមាន លោកនុច ថន, ញឹក ហួន, សាន សាញ់ និងវ៉ា ប៉ោអៀន បានសម្រេចចិត្តក្នុងស្ថានភាពដ៏លំបាកជាទីបំផុត ធ្វើដំណើរជ្រែកស្បៃរាត្រី ចេញពីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តប៊ិញហ្វឿក ប្រទេសវៀតណាម។

នៅរាត្រីថ្ងៃទី២០ មិថុនា ១៩៧៧ នោះ ជារាត្រីដ៏សែនលំបាកក្នុងចិត្តជាទីបំផុតសម្រាប់សម្តេចហ៊ុន សែន និងយុទ្ធមិត្តទាំង៤រូប ជាពិសេសសម្តេចហ៊ុន សែន មានសម្ពាធក្នុងចិត្តជាខ្លាំង ព្រោះត្រូវឃ្លាតឆ្ងាយភរិយា និងកូនក្នុងផ្ទៃ៥ខែ ជាទីស្រឡាញ់ ទាំងមិនដឹងថា អាចបានជួបគ្នាវិញ ឬយ៉ាងណា? មិនដឹងថាជោគវាសនានៃដំណើរចេញតស៊ូគ្រានោះ ត្រូវទទួលលទ្ធផលបែបណា?

ទោះជាយ៉ាងណា ផ្តើមចេញពីឆន្ទៈដ៏មោះមុត និងការលះបង់ដ៏ធំធេងដោយយកជីវិតធ្វើជាដើមទុន ដើម្បីឆ្ពោះទៅរកការសង្គ្រោះជាតិនេះ បានធ្វើឱ្យសម្តេចហ៊ុន សែន សម្រេចបាននូវបំណងប្រមូលផ្តុំកម្លាំងអ្នកស្នេហាជាតិ ដោយមានការគាំទ្រពីកងទ័ពវៀតណាម វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះជីវិតប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ចេញពីចង្កូមមច្ចុរាជនៃរបបវាលពិឃាត ដោយជោគជ័យដ៏ត្រចះត្រចង់ នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

ការលះបង់ តស៊ូដោយយកជីវិតជាដើមទុនរបស់សម្តេចហ៊ុន សែន និងយុទ្ធមិត្តនេះហើយ ដែលមិនត្រឹមតែធ្វើឱ្យជីវិតពលរដ្ឋខ្មែរ រស់រានមានសិទ្ធិសេរីភាពឡើងវិញប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវការបង្រួបបង្រួមជាតិ បញ្ចប់ភ្លើងសង្គ្រាម នាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មកដល់បច្ចុប្បន្ន។

ដំណើរតស៊ូឆ្ពោះទៅរកការសង្គ្រោះជាតិ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងយុទ្ធមិត្តទាំង ៤រូប ត្រូវបានចងក្រងជាវីដេអូឯកសារ ដើម្បីជាការចងចាំ និងចែករំលែកនូវប្រវត្តិនៃការតស៊ូរំដោះជាតិ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផងដែរ៕

ខៀវទុំ

RELATED ARTICLES