Saturday, April 20, 2024
Homeតារាខ្មែរតើសុខ ពិសី ចាប់ដៃនាយចឺម ល្បីដូចខេមរៈ សិរីមន្ដ?

តើសុខ ពិសី ចាប់ដៃនាយចឺម ល្បីដូចខេមរៈ សិរីមន្ដ?

សុខ ពិសី បានបង្ហាញឲ្យគ្រប់គ្នាដឹងថា នាងពិតជាមិនមែនអ្នកចម្រៀងដែលប្រកាន់ដៃគូ ដូចនាងធ្លាប់អះអាងមែន ព្រោះថ្មីៗនេះ ពិសី បានចាប់ដៃច្រៀងនិងសម្ដែងជាមួយលោកសុខ មេសា ហៅនាយចឺម ជាបទចម្រៀងបែបស្នេហា ថ្វីត្បិតតែនាងជាសិស្សច្បង នាយចឺម ហើយមានបទពិសោធន៍ក្នុងសិល្បៈរាប់ឆ្នាំ មុនអតីតតារាកំប្លែង CTN រូបនេះក៏ដោយ។

កញ្ញាសុខ ពិសី និងនាយចឺម

ការដែលសុខ ពិសី ងាកមកចាប់ដៃនាយចឺម នេះ គឺច្បាស់ជាផលិតកម្មសាន់ដេ ចង់បញ្ជាក់ថា ធ្វើឲ្យប្លែក កុំឲ្យដដែលៗ។ ប៉ុន្ដែមជ្ឈដ្ឋានមហាជននិងអ្នកសិល្បៈទាំងឡាយ បានយល់ច្បាស់ថា សាន់ដេ បានឲ្យតម្លៃនាយចឺម ថាជាតារាចម្រៀងសំខាន់របស់ខ្លួន ទើបតម្រូវឲ្យប៉ះជាមួយសុខ ពិសី ដែលជាតួឯកប្រចាំផលិតកម្មនេះ មិនមែនជារឿងចៃដន្យឡើយ។

ទោះជាយ៉ាងណា ដោយសារតែពិសី និងនាយចឺម ខុសជំនាន់គ្នា​ហេតុនេះហើយពួកគេសម្ដែង មិនសូវសម និងស៊ីចង្វាក់គ្នានោះទេ។

សុខ ពីសី បានបាត់បង់ដៃគូសំខាន់របស់ខ្លួន​ ក្រោយពីតារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ស្ពាយបង្វេចចេញពីសាន់ដេ ចូលហង្សមាស ទើបធ្វើឲ្យតារាស្បែកស្អាតរូបនេះងាកទៅចាប់ដៃគូជាមួយតារាចម្រៀងសំខាន់ៗរបស់សាន់ដេដូចជា ឆាយ វីរៈយុទ្ធ និងខាន់ ជេមស៍ ជាដើម។

កញ្ញាសុខ ពិសី និងលោកខេមរៈ សិរីមន្ត

ដោយឡែក ពេលនេះ ពិសី ក៏ឈានមកចាប់ដៃគូជាមួយនាយចឺម ដែលសម្ដែង MV ជាខ្សែរឿងទៀតផង ដែលកន្លងមកនាងច្រើនតែសម្ដែងឈុតបែបនេះ ជាមួយខេមរៈ សិរីមន្ដ ច្រើនជាងតារាផ្សេងទៀត ប៉ុន្ដែពេលនេះ នាយចឺម បានចូលខ្លួនមកជំនួសសិរីមន្ដ ម្ដងហើយ។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា ក្រោយពីពិសី ប្ដូរដៃគូថ្មីជានាយចឺម នេះ នាងនៅតែជោគជ័យដូចពេលនាងចាប់ដៃគូជាមួយខេមរៈ សិរីមន្ដ ដែរឬយ៉ាងណា?

ប៉ុន្ដែកន្លងមក សុខ ពិសី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាយចឺម ជាតារាចម្រៀងម្នាក់ដែលមានសមត្ថភាពល្អ។ នាងថា មិនធ្លាប់ប្រកាន់ដៃគូទេ តារាចម្រៀងប្រុស១ណារបស់សាន់ដេ ក៏នាងអាចច្រៀងសម្ដែងជាមួយបានដែរឲ្យតែផលិតកម្មតម្រូវ។

ដោយឡែក នាយចឺម ដែលធ្លាប់ត្រូវបានម្ដាយរបស់តារាសម្ដែងមួយចំនួនភ័យ ពេលដែលកូនស្រីពួកគាត់សម្ដែងជាមួយនាយចឺម ពិបាកគេចផុតពីត្រូវអ្នកចម្រៀងរូបនេះ ចាប់ឱបថើបគ្រញិកវក់វីលើសអ្នកដឹកនាំសម្ដែងបញ្ជានោះ ពេលប៉ះសុខ ពិសី គេឃើញលោកមេសា ហាក់មានកាយវិការស្លូតបូតជាងមុន មិនចេះតែហ៊ានកេងចំណេញលើរៀមច្បងផ្ដេសផ្ដាសឡើយ។

សុខ ពិសី បានឡើងឆាកច្រៀងសម្ដែងតាមបណ្ដាឆាកតន្ត្រីតាមប៉ុស្ដិ៍ទូរទស្សន៍ឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានធូស្រាលជាងមុននេះ  ប៉ុន្ដែទាំងមុននិងក្រោយឡើងឆាកពិសី បានពាក់ម៉ាសក៍ ជាប្រចាំតែម្ដង។

ពិសី ថា បានបាត់បង់ឆាកតន្ត្រីដូចតារាផ្សេងៗទៀតដែរ ពេលផ្ទុះកូវីដ-១៩នេះ ប៉ុន្ដែនាងមិនទុកពេលឲ្យនៅទំនេរឡើយ ព្រោះបានងាកមកលក់ផលិតផល Collagen តាម Online យ៉ាងមមាញឹកជារៀងរាល់ថ្ងៃ និងមានអតិថិជនគាំទ្រច្រើន។

ពិសី ធ្លាប់និយាយដែរថា ទោះជាពេលនេះ នាងនិងខេមរៈ សិរីមន្ដ នៅផលិតកម្មផ្សេងគ្នាមែន ប៉ុន្ដែការរាប់អានរវាងនាងនិងសិរីមន្ដ គឺនៅតែល្អដូចដើមដដែល គ្មានអ្វីប្រែប្រួលឡើយ។

ដោយឡែក រឿងនាយចឺម សុំស្នេហានោះ ពិសី វាចាថ្មីៗនេះថា គ្រាន់តែអាណិតតែមិនអាចស្រលាញ់បានទេ៕

                                                                                                          ហ៊ឹម វិចិត្រ

RELATED ARTICLES