Saturday, April 20, 2024
Homeព័ត៌មានជាតិទឹកចិត្តស្វាមី ថែទាំប្រពន្ធដល់ទីបំផុត រួចបង្ហោះសារទុក្ខសោក ធ្វើឲ្យមហាជនអាណិតគ្រប់គ្នា

ទឹកចិត្តស្វាមី ថែទាំប្រពន្ធដល់ទីបំផុត រួចបង្ហោះសារទុក្ខសោក ធ្វើឲ្យមហាជនអាណិតគ្រប់គ្នា

ភ្នំពេញ ៖ បុរសម្នាក់បានបង្ហាញនូវភាពស្តាយស្រណោះអាឡោះអាល័យចំពោះស្ត្រីជាប្រពន្ធដែលបានស្លាប់ទាំងវ័យក្មេង ដោយសារជំងឺរលាកសួត ដោយបុរសជាប្តីបានយំឱបថើបសពប្រពន្ធ និងដេកឱបសព ហាក់មិនចង់ឱ្យប្រពន្ធជាទីស្រឡាញ់ព្រាត់ទៅពីរង្វង់ដៃដែលធ្លាប់ថ្នាក់ថ្នម ព្រមទាំងបង្ហាញនូវការស្តាយក្រោយដែលខ្លួនមិនបានធ្វើនូវអ្វីៗដែលល្អជាមួយប្រពន្ធឱ្យច្រើន លុះដល់ពេលបាត់បង់ប្រពន្ធទើបស្តាយក្រោយ។

បុរសដែលបង្ហាញការស្តាយស្រណោះប្រពន្ធស្លាប់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែតាមពិនិត្យភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ។ ចំណែកស្ត្រីជាប្រពន្ធដែលស្លាប់នោះ មានវ័យប្រមាណជាង៣០ឆ្នាំដូចគ្នា។

តាមការបញ្ជាក់របស់បុរសជាប្តីខាងលើ គឺស្ត្រីជាប្រពន្ធរបស់ខ្លួនបានស្លាប់ដោយសារតែជំងឺរលាកសួតរ៉ាំរ៉ៃ ទោះបីខំព្យាបាលយ៉ាងណាក៏មិនបានធូរស្បើយ រហូតបាត់បង់ជីវិតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងមន្ទីរពេទ្យ។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បុរសជាប្តីបានបង្ហោះរូបភាពឱបថើបស្ត្រីជាប្រពន្ធដែលទើបដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ជាមួយសំណេរថា “បែកគ្មានថ្ងៃជួប លាគ្មានថ្ងៃត្រឡប់ លាលុះអវសាន អូនដាច់ចិត្តទៅចោលបងជារៀងរហូតហើយ លែងបានជជែកគ្នា លែងបានឈ្លោះគ្នាទៀតហើយ។

វាពិតជាមិនគួរទេ វាពិតជាលឿនពេកហើយ សូមឱ្យអូនទៅកាន់ភពថ្មី កន្លែងថ្មី កុំបីដូចជាតិនេះ ទៀត ធ្វើម្តេចជាតិនេះ យើងមាននិស្ស័យបានជួបគ្នាបានត្រឹមប៉ុណ្ណឹង។ ប្តីសុំទោសគ្រប់បែបយ៉ាងនូវទង្វើទាំងឡាយដែលធ្វើខុសដាក់អូន ដោយចេតនាក្តី ឬអចេតនាក្តី សូមអូនអភ័យទោសផង”។

នៅយប់ថ្ងៃដដែល បុរសជាប្តីបានបង្ហោះ រូបភាពដេកកំដរសពប្រពន្ធក្នុងគណនីហ្វេសប៊ុកដដែល ជាមួយសំណេរថា “អូនដេកលក់ចោលបងហើយ បងដេកកំដរអូនបានតែមួយយប់នេះទៀតទេ”។

បុរសដដែលបានសរសេរបន្តថែមថា “ម៉ែទៅចោលពួកកូនហើយ លែងមានម៉ែហៅនឹងគេទៀតហើយ ពួកយើងសូមវិញ្ញាណក្ខន្ធម៉ែទៅកាន់ភពល្អប្រពៃ កុំឱ្យម៉ែពិបាកដូចជាតិនេះទៀតអី”។

នៅថ្ងៃបូជាសពស្ត្រីជាប្រពន្ធបុរសជាប្តីបានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយសំណេរបង្ហាញនូវការស្តាយក្រោយដែលកាលប្រពន្ធនៅរស់ខ្លួន មិនបានសាងអនុស្សាវរីយ៍ល្អៗជាមួយប្រពន្ធឱ្យច្រើន លុះដល់ពេលបាត់បង់ប្រពន្ធ ទើបស្តាយក្រោយ ដែលជាការដាស់តឿនក្រើនរំលឹកដល់មនុស្សទាំងឡាយឱ្យព្យាយាមធ្វើនូវអំពើល្អជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួនឱ្យបានច្រើន ព្រោះសង្ខារមនុស្សយើងមិនទៀងទាត់ទេ កុំចាំដល់បាត់បង់ទៅហើយ ទើបស្តាយក្រោយ វាហួសពេលទៅហើយ។

បុរសដដែលបានសរសេរថា “ចូរខំសន្សំចិត្តប្រឹងធ្វើនូវអ្វីៗដែលល្អ សាងពេលវេលា និងអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើនទៅ ព្រោះយើងមិនអាចមើលដឹងទេថា ជីវិតរបស់មនុស្សដែលយើងស្រលាញ់ នឹងទៅចោលយើងនៅពេលណាមួយឡើយ។ កុំចាំដល់ពេលបាត់បង់ ទើបនិយាយថា ស្តាយណាស់ដែលមិនបានធ្វើល្អដាក់គ្នា ដូចជារូបខ្ញុំអី! កុំប្រើពាក្យថាស្តាយក្រោយនៅពេលដែលបាត់បង់”៕

ខៀវទុំ

RELATED ARTICLES