Thursday, April 25, 2024
Homeព័ត៌មានជាតិទើបទិញ Lexus570 នាំគ្រួសារជប់លៀង... នាងៗធ្វើឲ្យផ្អើល

ទើបទិញ Lexus570 នាំគ្រួសារជប់លៀង… នាងៗធ្វើឲ្យផ្អើល

ភ្នំពេញ ៖ សន្តិសុខ និងប្រជាពលរដ្ឋបានចាប់ឃាត់ខ្លួនស្ត្រី២នាក់ ប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពួកគេ បានធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តឡិចស៊ីស ៥៧០ មួយគ្រឿង ដែលម្ចាស់ទើបនឹងទិញ ហើយនាំគ្នាជប់លៀង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងមុខហាងម៉ាស្ទ័ស៊ុយគីស៊ុប  មហាវិថីម៉ៅសេទុង កែងនឹងផ្លូវលេខ៩៥ ស្ថិត ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។

ស្ត្រីទាំង២នាក់ដែលមកកាច់កញ្ចក់ឡាន និងត្រូវឃាត់ខ្លួននោះ មិនត្រូវបានប្រាប់ឈ្មោះឱ្យដឹងទេ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កុបពី ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GZ-1569។

បើតាមប្រភពព័ត៌មានពីសន្តិសុខយាមនៅហាងខាងលើ ឱ្យដឹងថា រថយន្តឡិចស៊ីស ៥៧០នេះ ពណ៌ស នៅថ្មីសន្លាង អត់ទាន់មានស្លាកលេខទេ ដែលម្ចាស់ទើបនឹងទិញ ហើយជិះមកចូលហូបអាហារពេលល្ងាច នៅក្នុងហាងជាលក្ខណៈគ្រួសារ ដោយចតរថយន្តនៅខាងមុខហាង។

ខណៈរូបគាត់កំពុងរវល់រៀបឱ្យរថយន្តភ្ញៀវចូលចត ស្រាប់តែស្ត្រីទាំង២នាក់ខាងលើ ជិះម៉ូតូមកឈប់អែបចិញ្ចើមផ្លូវនៅពីក្រោយរថយន្តឡិចស៊ីស ៥៧០នេះ ហើយស្ត្រីម្នាក់ក្នុងចំណោមពួកគេ បានចុះទៅឆ្កឹះកាច់យកកញ្ចក់ តែត្រូវគាត់ក្រឡេកឃើញទាន់ស្រែកឆោឡោឡើងផ្អើលប្រជាពលរដ្ឋ ធ្វើឱ្យចោរស្រីទាំង២នាក់ ភ័យស្លន់ស្លោទម្លាក់កញ្ចក់រថយន្តចោល បណ្តាលឱ្យបែក តែក៏ឃាត់ខ្លួនបានភ្លាមៗប្រគល់ឱ្យសមត្ថកិច្ច។

ប្រភពព័ត៌មានពីសាច់ញាតិម្ចាស់រថយន្ត  បានឱ្យដឹងថា រថយន្តឡិចស៊ីស៥៧០នេះ គឺទើបនឹងទិញហើយមកហាងខាងលើដើម្បីហូបអាហារជុំគ្រួសារ និងជាការជប់លៀងបន្ទាប់ពីទិញរថយន្ត ថ្មីនេះផង បែរជាត្រូវចោរមកកៅឆាយអស់កញ្ចក់មើលក្រោយមួយចំហៀងទៅវិញ។

ទោះជាយ៉ាងណា ម្ចាស់រថយន្តមិនបានទៅដាក់ពាក្យបណ្តឹងទេ ដោយប្រគល់ស្ត្រីទាំង២នាក់ ឱ្យសមត្ថកិច្ចមូលដ្ឋានចាត់ការតាមច្បាប់៕

RELATED ARTICLES